ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ថ្កោលទោសឃាតកម្មចូលបាញ់ដល់ក្នុងផ្ទះកក្រើករាជធានីភ្នំពេញថ្ងៃទី១៧ មិថុនា
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានក្តីតក់ស្លុត ដែលបានទទួលព័ត៌មានអំពីហេតុការណ៍ដ៏រន្ធត់មួយ ដែលបានបណ្តាលឱ្យស្លាប់បាត់បង់ជីវិតមនុស្សចំនួន ០២ នាក់ គឺលោក លីសុង និងគូដណ្តឹង។ លោកបានចូលរួមរំលែកទុក្ខ និងបានថ្កោលទោសឃាតកម្មដ៏សាហាវនេះ។
លោក ហ៊ុន ម៉ានី បានលើកឡើងលើបណ្ដាញសង្គមហ្វេសបុលរបស់លោកនៅថ្ងៃនេះថា៖ «ខ្ញុំពិតជាសោកស្តាយ ចំពោះការបាត់បង់ជីវិតយ៉ាងផុយស្រួយបំផុត ដែលផ្តើមចេញពីជម្លោះរហូតឈានដល់ការប្រើប្រាស់អំពើហិង្សា ក្លាយជាឧក្រិដ្ឋកម្មដ៏អាក្រក់បំផុត។ យើងពិតជាមិនចង់ឱ្យហេតុការណ៍នេះកើតឡើងនោះឡើយ និងថ្កោលទោសជាដាច់ខាតលើទង្វើបំពានលើជីវិតមនុស្សយ៉ាងព្រៃផ្សៃបែបនេះ»។
ជាមួយគ្នានេះលោកបានកោតសរសើរ និងថ្លែងអំណរគុណដល់កងកម្លាំងមានសមត្ថកិច្ចដែលបានខិតខំតាមចាប់ជនល្មើសដើម្បីមកទទួលខុសត្រូវចំពោះមុខច្បាប់។
លោកបន្ថែមថា គួរតែមានការយោគយល់អធ្យាស្រ័យគ្នា ក្នុងនាមជាសង្គមដែលកាន់ព្រះពុទ្ធសាសនា ដែលប្រកាន់ខ្ជាប់នូវសីលធម៌ និងខន្តី និងអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរួមលើកកម្ពស់វប្បធម៌សន្តិភាព ការអត់ឱន យោគយល់អធ្យាស្រ័យខ្ពស់ ដើម្បីសង្គមកម្ពុជាមានភាពសុខដុមរមនា និងសុភមង្គល៕