កិច្ចប្រជុំកំពូលស្ដីពីសន្តិភាពអ៊ុយក្រែនបរាជ័យ និងគ្មានប្រទេសណាស្ម័គ្រទទួលរៀបចំជាម្ចាស់ផ្ទះបន្តឡើយ
អន្តរជាតិ៖ មហាអំណាចលោកខាងលិច និងសម្ព័ន្ធមិត្តនៅក្នុងកិច្ចប្រជុំកំពូលនៅប្រទេសស្វីសនៅថ្ងៃអាទិត្យ ទី១៦ ខែមិថុនាម្សិលមិញ បានធ្វើការបរិហារចំពោះទង្វើឈ្លានពានរបស់រុស្សីលើអ៊ុយក្រែន ក៏ប៉ុន្តែយ៉ាងណាមិញ កិច្ចប្រជុំកំពូលនេះបានទទួលរងបរាជ័យក្នុងការបញ្ចុះបញ្ចូលរដ្ឋមិនចូលបក្សសម្ព័ន្ធសំខាន់ៗឱ្យចូលរួមក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយ ស្របពេលដែលគ្មានប្រទេសណាមួយស្ម័គ្រចិត្តទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះបន្តឡើយ។ គួរឱ្យដឹងថា មានប្រទេសប្រមាណជា ៩០បានចូលរួមកិច្ចប្រជុំកំពូលរយៈពេល ២ថ្ងៃនេះ ដែលបានធ្វើឡើងនៅឯទីតាំង Alpine Resort ប្រទេសស្វីស ខណៈដែលប្រធានាធិបតីអ៊ុយក្រែន បានចាត់ទុកថានេះគឺជា "កិច្ចប្រជុំកំពូលស្ដីពីសន្តិភាព" បើទោះបីជារុស្សីដែលជាភាគីសំខាន់នៅក្នុងសង្គ្រាមនេះមិនត្រូវបានអញ្ជើញឱ្យចូលរួមក៏ដោយ។
យ៉ាងណាក្ដី រុស្សីបានចំអកទៅលើកិច្ចប្រជុំនេះពីចម្ងាយ ខណៈការសម្រេចចិត្តរបស់ចិនក្នុងការនៅឱ្យឆ្ងាយពីកិច្ចប្រជុំកំពូលនេះ ដោយកិច្ចប្រជុំនេះបានទទួលរងបរាជ័យលើគោលដៅរបស់អ៊ុយក្រែនក្នុងការបញ្ចុះបញ្ចូលប្រទេសធំៗឱ្យដាក់សម្ពាធធ្វើឱ្យរុស្សីក្លាយជាប្រទេសកាន់តែឯកោលើឆាកអន្តរជាតិ។ នៅក្នុងកិច្ចប្រជុំនេះ ប្រេស៊ីលបានចូលរួមក្នុងនាមជា "អ្នកសង្កេតការណ៍" ស្របពេលដែលឥណ្ឌា ឥណ្ឌូណេស៊ី ម៉ិកស៊ិក អារ៉ាប៊ីសាអូឌីត និងអាហ្រ្វិកខាងត្បូង សុទ្ធតែបានសម្រេចចិត្តលើការមិនចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំនេះ។
អ្នកវិភាគអន្តរជាតិមួយចំនួនលើកឡើងថា បណ្ដាប្រជាជាតិដែលចូលរួមក្នុងកិច្ចប្រជុំនេះគ្រាន់តែ "ចង់បង្ហាញទង់ជាតិ" របស់ខ្លួន ហើយមានហេតុផលជាច្រើន ដែលក្នុងនោះរួមទាំងហេតុផលផ្នែកពាណិជ្ជកម្មផងដែរ សម្រាប់ការបដិសេធមិនចូលរួមក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយ។ អ្នកវិភាគលើកឡើងថា៖ “រុស្ស៊ីគឺជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់។ អារ៉ាប៊ីសាអូឌីតទទួលរងការគំរាមកំហែងពីអ៊ីរ៉ង់ ដូចគ្នាទៅនឹងអារ៉ាប់អេមីរ៉ាត (UAE) ដែរ។ ពួកគេកំពុងព្យាយាមធ្វើឱ្យមានតុល្យភាពរវាងរុស្ស៊ី និងចិននៅម្ខាង ហើយសហរដ្ឋអាមេរិកនៅម្ខាងទៀត។ យ៉ាងណាមិញ សហរដ្ឋអាមេរិកតែងតែគ្រប់គ្រងទំនាក់ទំនងរបស់ខ្លួនមិនសូវជាល្អប្រសើរប៉ុន្មានឡើយជាមួយបណ្ដាប្រទេសជាសម្ព័ន្ធមិត្តក្នុងឈូងសមុទ្រអារ៉ាប់"។ លោកបន្តថា៖ "វាហាក់ជារឿងខកចិត្តមួយដែរ ដែលប្រទេសប្រជាធិបតេយ្យយក្សដូចជាឥណ្ឌា បដិសេធមិនចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍មួយដែលនឹងបញ្ជាក់យ៉ាងច្បាស់ថាអ៊ុយក្រែនសមនឹងទទួលបានលើបូរណភាពទឹកដី"។
ទោះជាបែបណាក៏ដោយ កិច្ចប្រជុំនេះហាក់បានផ្តល់ឱ្យរដ្ឋាភិបាលអ៊ុយក្រែននូវឱកាសដើម្បីបង្ហាញពីការគាំទ្រពីសម្ព័ន្ធមិត្តលោកខាងលិច ដែលខ្លួននិយាយថា ខ្លួនត្រូវការការគាំទ្រដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងសត្រូវដ៏ធំនេះ។ លោក Zelenskyy ថ្លែងថា៖ "យើងកំពុងឆ្លើយតបទៅនឹងការឈ្លានពានពេញលក្ខណៈរបស់រុស្ស៊ីមកលើអ៊ុយក្រែន មិនត្រឹមតែជាមួយនឹងការការពារជីវិតអាយុជីវិតមនុស្សប៉ុណ្ណោះទេ ថែមការឈ្លានពានលើទំនាក់ទំនងការទូតពេញលក្ខណៈផងដែរ"។
មេដឹកនាំនានារួមមាន អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris, អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz និងប្រធានាធិបតីបារាំង Emmanuel Macron សុទ្ធតែមានវត្តមានរួមគ្នាក្នុងកិច្ចប្រជុំដែលបានរៀបចំឡើងនៅកំពូលភ្នំ Buergenstock នេះ។ យ៉ាងណាមិញ ប្រធានាធិបតីអាមេរិក លោក Joe Biden ដែលមានវត្តមាននៅក្នុងទ្វីបអឺរ៉ុបកាលពីសប្តាហ៍មុនដែរនោះ មិនបានចូលរួមក្នុងកិច្ចប្រជុំនេះទេ បើទោះបីជាមានការអញ្ជើញជាសាធារណៈពីលោក Zelensky ក៏ដោយ។
នៅក្នុងសុន្ទរកថាបិទកិច្ចប្រជុំកំពូលនេះ ប្រធានាធិបតីស្វីស លោកស្រី Viola Amherd បានព្រមានថា "ដំណើរផ្លូវខាងមុខគឺមានភាពវែងឆ្ងាយ និងមានភាពពិបាកខ្លាំង"។ ដោយឡែក លោក Dmitry Medvedev អតីតប្រធានាធិបតី និងបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្សីថ្លែងថា៖ "គ្មាននរណាម្នាក់ក្នុងចំណោមអ្នកចូលរួមនៅក្នុង "វេទិកាសន្តិភាព"នោះដឹងពីអ្វីដែលគេកំពុងធ្វើ ឬដឹងពីតួនាទីរបស់ខ្លួននោះទេ"៕