អូស្រ្តាលី៖ នាយករដ្ឋមន្ត្រីចិនលោក លី ឈាំង (Li Qiang) បាននាំយកមកជាមួយនូវ "ទំនាក់ទំនងការទូតខ្លាឃ្មុំផេនដា" ក្នុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តទៅកាន់ចំការចម្ការទំពាំងបាយជូរមួយកន្លែងកាលពីថ្ងៃទី១៦ ខែមិថុនា ក្នុងគោលបំណងអបអរសាទរកិច្ចសហការទំនាក់ទំនងពាណិជ្ជកម្មដ៏ស្អិតរមួតជាមួយអូស្ត្រាលី។
គួរឱ្យដឹងថា នេះគឺជាដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីចិនទៅកាន់ប្រទេសអូស្រ្តាលីជាលើកដំបូងក្នុងរយៈពេល ៧ឆ្នាំចុងក្រោយ ខណៈទស្សនកិច្ចរយៈពេល ៤ថ្ងៃរបស់លោកនាយករដ្ឋមន្ត្រី Li បានបង្ហាញនូវការរំពឹងទុកអំពីការពង្រីកទំហំពាណិជ្ជកម្មកាន់តែច្រើនរវាងភាគីទាំងពីរ ខណៈទីក្រុងប៉េកាំងទើបបានដកចេញនូវវិធានការដាក់ទណ្ឌកម្មប្រឆាំងនឹងការនាំចេញសំខាន់ៗរបស់អូស្ត្រាលី។
មកទល់ពេលនេះ ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អូស្ត្រាលី ដោយក្តាប់បានចំណែកជិត ៣០ភាគរយនៃការនាំចេញរបស់អូស្រ្តាលីកាលពីឆ្នាំ២០២៣ ជាពិសេសគឺទំនិញសំខាន់ៗមួយចំនួនដូចជា រ៉ែដែក និងធ្យូងថ្មជាដើម។ ជាក់ស្ដែងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសរុបជាទឹកប្រាក់មានរហូតដល់ទៅ ២១៦ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំ២០២៣។
ក្នុងដំណើរទស្សនកិច្ចនៅសួនសត្វទីក្រុង Adelaide លោកនាយករដ្ឋមន្រ្តីចិនបានប្រកាសថា ចិននឹងបញ្ជូនខ្លាឃ្មុំផេនដាយក្សថ្មីមកកាន់ប្រទេសអូស្រ្តាលី ដើម្បីជំនួសខ្លាឃ្មុំផេនដាមួយគូដ៏មានប្រជាប្រិយភាពឈ្មោះ វ៉៉ាង វ៉ាង (Wang Wang) និង ហ្វូ នី (Fu Ni)។ គួរបញ្ជាក់ថា ខ្លាឃ្មុំមួយគូនៅសួនសត្វទីក្រុង Adelaide ត្រូវបានបញ្ជូនមកដល់ទឹកដីអូស្រ្តាលីកាលពីឆ្នាំ២០០៩ ប៉ុន្តែពួកវាមិនបានបង្កកំណើតកូនខ្លាឃ្មុំថ្មីឡើយ ហើយនឹងត្រូវបញ្ជូនទៅកាន់ប្រទេសចិនវិញនៅចុងឆ្នាំ២០២៤នេះ។ លោក Li ថ្លែងថា៖ "ខ្ញុំគិតថា ពួកវា (ខ្លាឃ្មុំផេនដា) ទំនងជានឹកផ្ទះខ្លាំងណាស់ហើយមើលទៅ!"។
លោកនាយករដ្ឋមន្រ្តីចិនថ្លែងថា ការផ្តល់នូវខ្លាឃ្មុំផេនដាថ្មីជំនួសវិញនេះ គឺតបតាមការចង់បានរបស់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong ដែលរស់នៅទីក្រុង Adelaide នេះផ្ទាល់ ដែលកន្លងមកលោកស្រីបានខិតខំរក្សាស្ថិរភាពទំនាក់ទំនងជាមួយទីក្រុងប៉េកាំង។ លោកស្រី Wong ក៏បានថ្លែងផងដែរថា កូនៗរបស់លោកស្រីមានភាពសប្បាយរីករាយជាខ្លាំងចំពោះដំណឹងនេះ ខណៈលោកស្រីបានស្វាគមន៍នូវទង្វើនេះដែលលោកស្រីចាត់ទុកថាជានិមិត្តរូបនៃសុច្ឆន្ទៈ។
ក្នុងដំណើរទស្សនកិច្ចនេះ លោក Li Qiang បានចូលរួមពិសារអាហារថ្ងៃត្រង់រួមគ្នាមួយនៅក្នុងចម្ការទំពាំងបាយជូរ Magill Estate ដែលជាចម្ការដាំដុះទំពាំងបាយជូរតាំងសតវត្សទី១៩ ដែលជាទីតាំងមួយនៃក្រុមហ៊៊ុនផលិតស្រាទំពាំងបាយជូរពិភពលោក Treasury Wine Estates របស់អូស្ត្រាលី៕