លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ផ្ញើសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៨ យាងចូល ៨៩ព្រះវស្សា

រាជធានីភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងមន្ត្រីរាជការទាំងអស់ បានផ្ញើសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៨ យាងចូល ៨៩ព្រះវស្សាដែលប្រព្រឹត្តទៅនៅថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងខ្លឹមសារនៃលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ មានខ្លឹមសារដូចតទៅ៖ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងយុត្តិធម៌ ព្រមទាំង ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីរាជការនៃសាលាជម្រះក្តីគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេស សូមព្រះបរមរាជានុញ្ញាតលំឱនកាយក្រាបបង្គំថ្វាយព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរ ថ្លៃថ្លា ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាឱកាសប្រកបដោយមហានក្ខត្តឫក្សដ៏វិសេសវិសាលក្នុងព្រះរាជពិធីចម្រើនព្រះជន្មវស្សាគម្រប់ ៨៨ ព្រះវស្សា យាងចូល ៨៩ ព្រះវស្សា ដែលនឹងឈានចូលមកដល់នៅថ្ងៃអង្គារ ១២ ១២កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។

ឆ្លៀតក្នុងឱកាសនៃព្រះរាជពិធីចម្រើនព្រះជន្មវឌ្ឍនមង្គលដ៏ប្រសើរថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ សម្តេចព្រះមហាក្សត្រី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមប្រកបដោយព្រះរាជគុណធម៌ ព្រះព្រហ្មវិហារធម៌ និង ព្រះទសពិធរាជធម៌ដ៏ប្រពៃថ្លៃថ្លា ដែលជានិច្ចកាលសម្តេចទ្រង់សព្វព្រះរាជហឫទ័យលះបង់យកអស់ព្រះរាជកាយពល និងព្រះរាជបញ្ញាញាណ ក្នុងការបំពេញរាល់កិច្ចការសង្គម និងការងារមនុស្សធម៌ ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិកម្ពុជាជាទីស្នេហា និងប្រជារាស្ត្រខ្មែរជាកូន ជាចៅ ចៅទួតរបស់ព្រះអង្គ ឱ្យរស់នៅប្រកបដោយសេចក្តីសុខ ក្សេមក្សាន្ត មានកិត្តិយស សេចក្តីថ្លៃថ្នូរ និងសុភមង្គលគ្រប់ពេលវេលា។ ទន្ទឹមនេះ, សម្តេចព្រះមហាក្សត្រី បានចូលរួមចំណែកយ៉ាងធំធេងក្នុងការការពារ និងការលើកកម្ពស់សិទ្ធិសេរីភាព គុណតម្លៃ សីលធម៌ សេចក្តីថ្លៃថ្នូរ និងតួនាទីរបស់ស្ត្រីក្នុងសង្គមឱ្យកាន់តែប្រសើរឡើង។

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតលំឱនកាយលើកអញ្ជលីប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ព្រមទាំងបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ គ្រប់ព្រះអង្គ ជាពិសេសសូមដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គតាមជួយ ទ្រទ្រង់បីបាច់ថែរក្សា និងប្រទានព្រះរាជសព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះកាយពលមាំមួន និងព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជាតិខ្មែរ សម្បូរសប្បាយ ថ្កុំថ្កើង រុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ។

សូម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ទ្រង់ព្រះមេត្តាទទួលនូវអភិវន្ទនកិច្ចប្រកបដោយភក្ដីភាពដ៏វិសេសបំផុត ពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក