រដ្ឋអាជ្ញារុស្ស៊ីបានបញ្ជូនសំណុំរឿងចារកម្មរបស់អ្នកកាសែតអាមេរិក Gershkovich ទៅកាន់តុលាការជំនុំជម្រះ
រុស្សី៖ រដ្ឋអាជ្ញារុស្ស៊ីបានបញ្ជូនសំណុំរឿងរបស់អ្នកកាសែតអាមេរិក លោក Evan Gershkovich ទៅតុលាការហើយនៅថ្ងៃទី១៣ ខែមិថុនានេះ ដែលលោកត្រូវបានបញ្ជូនទៅចំពោះមុខតុលាការដើម្បីកាត់ទោសពីបទចារកម្ម ដែលការចោទប្រកាន់នេះត្រូវបានច្រានចោលដោយអង្គភាពសារព័ត៌មានរបស់លោក រួមទាំងសេតវិមានអាមេរិកចាត់ទុកទង្វើរបស់រុស្សីថាជារឿងគួរឱ្យអៀនខ្មាស។
លោក Evan Gershkovich ជាអ្នករាយការណ៍ព័ត៌មានរបស់កាសែត Wall Street Journal ត្រូវបានសមត្ថកិច្ចរុស្សីចាប់ខ្លួនកាលពីខែមីនា ឆ្នាំ២០២៣កន្លងទៅ ខណៈពេលដែលកំពុងធ្វើដំណើររាយការណ៍ទៅកាន់ទីក្រុង Urals ហើយត្រូវបានបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារ Lefortovo ក្នុងទីក្រុងម៉ូស្គូចាប់តាំងពីពេលនោះមក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍អគ្គរដ្ឋអាជ្ញារុស្ស៊ីបានចោទប្រកាន់ លោក Gershkovich ថាជាភ្នាក់ងារបម្រើការងារឱ្យអង្គភាព CIA និង "ប្រមូលព័ត៌មានសម្ងាត់" អំពីក្រុមហ៊ុនផលិតរថក្រោះ Uralvagonzavod នៅក្នុងតំបន់ Sverdlovsk ជាកន្លែងដែលគាត់ត្រូវបានចាប់ខ្លួន។ ក្នុងសេចក្ដីថ្លែងការណ៍ដដែលក៏បានបញ្ជាក់ថា សំណុំរឿងព្រហ្មទណ្ឌនេះត្រូវបានបញ្ជូនទៅតុលាការតំបន់ Sverdlovsk ក្នុងទីក្រុង Yekaterinburg ដោយមិនបានបញ្ជាក់ថាសវនាការនឹងប្រព្រឹត្តទៅនៅពេលណានោះទេ។
ដោយឡែក ស្ថាប័នព័ត៌មាន Wall Street Journal បានសំដែងការហួសចិត្តជាខ្លាំងចំពោះចំណាត់ការរបស់រដ្ឋអាជ្ញារុស្សី។ លោកស្រី Emma Tucker និពន្ធនាយកនៃសារព័ត៌មាន WSJ បញ្ជាក់ថា៖ "លោក Evan Gershkovich កំពុងប្រឈមមុខនឹងការចោទប្រកាន់មិនពិត និងគ្មានមូលដ្ឋានច្បាស់លាស់ ខណៈអ្វីៗខុសពីការរំពឹងទុក និងខកចិត្តយាងខ្លាំងទៅលើការបញ្ជូនសំណុំរឿងដ៏គួរឱ្យអៀនខ្មាសនេះទៅកាត់ក្ដី"។
គួរឱ្យដឹងថា កន្លងមក រដ្ឋាភិបាលរុស្សីមិនដែលបានផ្តល់ព័ត៌មានលម្អិតណាមួយអំពីករណីចោទប្រកាន់ទៅលើលោក Gershkovich ឡើយ ដោយគ្រាន់តែបានបញ្ជាក់ថា លោកមានភស្តុតាងពិរុទ្ធភាពគ្រប់គ្រាន់។ លោក Gershkovich បានក្លាយជាអ្នកកាសែតលោកខាងលិចដំបូងគេ ដែលត្រូវបានចាប់ខ្លួនពីបទចារកម្មនៅក្នុងប្រទេសរុស្ស៊ី រាប់ចាប់តាំងពីសម័យសូវៀត។ ប្រសិនបើលោកត្រូវបានរកឃើញពិរុទ្ធភាពគ្រប់គ្រាន់នៅមុខតុលាការ អ្នកកាសែតវ័យ ៣២ឆ្នាំរូបនេះ អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ទៅ ២០ឆ្នាំ៕