ខេត្តព្រៃវែង៖ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនាម្សិលមិញនេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើងក្រោយមានករណីប្រទះឃើញគ្រាប់សេសសល់ពីសម័យសង្គ្រាមចំនួន ៦,៥១០គ្រាប់នៅក្នុងបរិវេណអង្គភាពសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រៃវែង។ ភ្លាមៗក្រោយប្រទះឃើញ មន្រ្តីនៃសាលាដំបូងខេត្តព្រៃវែងបានរាយការណ៍ករណីនេះទៅកាន់កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងផងដែរ។
ក្រោយទទួលបានការរាយការណ៍ករណីនេះ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដឹកនាំដោយលោក អ៉ិត ហាន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយនឹងមន្រ្តីជំនាញបច្ចេកទេសនៃអង្គការ Halo Trust (ហាឡូ ត្រាស់ កម្ពុជា) ជាអង្គការបោសសំអាត និងរុករកគ្រាប់មិនផ្ទុះ បានចុះត្រួតពិនិត្យ និងសហការរុករកសារជាតិផ្ទុះដែលនៅសេសសល់ពីសម័យសង្គ្រាមផ្សេងទៀតដែលស្ថិតក្នុងបរិវេណអង្គភាពសាលាដំបូងនេះ។
គួរឱ្យដឹងថា គ្រាប់សេសសល់ពីសម័យសង្គ្រាមចំនួន ៦,៥១០គ្រាប់ដែលត្រូវបានរកឃើញនៅក្នុងបរិវេណអង្គភាពសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រៃវែងនេះរួមមាន ប្រភេទគ្រាប់ AK-47 ចំនួន ៧៥០គ្រាប់ ប្រភេទគ្រាប់ AR15 ចំនួន ១៦៦០ និងប្រភេទ RPK មានចំនួន ៤១០០គ្រាប់។ បច្ចុប្បន្ននេះ គ្រាប់មិនទាន់ផ្ទុះទាំងនេះត្រូវបានកម្លាំងជំនាញប្រគល់ជូនអង្គការ Halo Trust (ហាឡូ ត្រាស់ កម្ពុជា) ដើម្បីចាត់ការបន្តរួចរាល់៕