រដ្ឋាភិបាលក្រិចបានប្រកាសបិទតំបន់ទេសចរណ៍បុរាណ Acropolis និងបិទសាលារៀនដោយសារអាកាសធាតុក្ដៅខ្លាំងពេក
ក្រិច៖ រដ្ឋាភិបាលក្រិចបានប្រកាសបិទតំបន់ទេសចរណ៍បុរាណ Acropolis និងប្រកាសបិទសាលារៀន និងទីតាំងគ្រូពេទ្យប្រចាំការនៅទូទាំងរដ្ឋធានី អាតែន (Athens) នៅថ្ងៃពុធ ទី១២ ខែមិថុនានេះ ខណៈដែលប្រទេសនេះប្រឈមមុខនឹងរលកកំដៅដំបូងនៃរដូវក្តៅដែលទើបនឹងឈានចូលមកដល់។ សីតុណ្ហភាពត្រូវបានគេរំពឹងថានឹងឡើងដល់ ៤៣អង្សាសេនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍នៅក្នុងផ្នែកខ្លះនៃប្រទេសក្នុងតំបន់មេឌីទែរ៉ាណេ ដែលជំរុញដោយខ្យល់បក់ពីភាគខាងត្បូងដែលនាំមកនូវខ្យល់ក្តៅ និងធូលីពីភាគខាងជើងនៃអាហ្វ្រិក។
ទីតាំងជួរភ្នំ Acropolis ដែលជាស្ថានីយ៍បុរាណដ៏ល្បីល្បាញបំផុតមួយរបស់ពិភពលោក ដែលរួមមានប្រាសាទ Parthenon ផងនោះ ត្រូវបានប្រកាសបិទចាប់ពីថ្ងៃត្រង់រហូតដល់ម៉ោង ៥ល្ងាច ខណៈបុគ្គលិកកាកបាទក្រហមបានដើរចែកទឹកបរិសុទ្ធដល់ភ្ញៀវទេសចរផងដែរ។ ជាងនេះទៅទៀត សាលាបឋមសិក្សា និងមត្តេយ្យសិក្សាជាច្រើននៅទូទាំងប្រទេសក៏បានប្រកាសបិទដំណើរការរយៈពេល ២ថ្ងៃផងដែរ។
គួរបញ្ជាក់ថា ក្រិកជាប្រទេសមួយក្នុងចំណោមប្រទេសដែលប៉ះពាល់ដោយអាកាសធាតុខ្លាំងបំផុតនៅអឺរ៉ុប។ កាលពីឆ្នាំមុន សីតុណ្ហភាពកើនឡើងខ្លាំងបានជំរុញឱ្យមានហេតុការណ៍ភ្លើងឆេះព្រៃយ៉ាងធ្ងន់ធ្ងរ និងមានភ្លៀងធ្លាក់ខុសប្រក្រតីបានបណ្តាលឱ្យមានទឹកជំនន់ដ៏អាក្រក់បំផុតក្នុងកំណត់ត្រា ដែលបានបំផ្លិចបំផ្លាញដំណាំរបស់កសិករ និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់់ប្រជាពលរដ្ឋផងដែរ។
ស្ថានភាពអាកាសធាតុស្រដៀងគ្នានេះ ក៏បានកើតមានផងដែរកាលពីឆ្នាំមុននៅស្ទើរតែទូទាំងទ្វីបអឺរ៉ុបភាគខាងត្បូង រួមទាំងព័រទុយហ្គាល់ បារាំង អេស្បាញ និងអ៊ីតាលី ខណៈអគ្គិភ័យដែលកើតឡើងពីភ្លើងឆេះព្រៃបានបណ្តាលឱ្យមនុស្សរាប់សិបនាក់ស្លាប់។ ជាក់ស្ដែងនៅក្នុងប្រទេសក្រិច ហេតុការណ៍អគ្គិភ័យបានចាប់ផ្តើមលឿនជាងការរំពឹងទុកក្នុងឆ្នាំនេះ ជាពិសេសអគ្គិភ័យមួយបានកើតឡើងកាលពីខែមីនាកន្លងទៅផងដែរ៕