ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំកម្ពុជាលោក អ៊ីហ្គោរ៍ ទ្រីសម៉ាន់ (Igor Driesmans)បានថ្លែងកោតសរសើរសម្ដេចតេជោលើជំហរសង្គ្រាមអ៊ុយក្រែន និងការប្រឹងប្រែងជួយរកសន្ដិភាពនៅមីយ៉ាន់ម៉ាផងដែរ។
ការលើកឡើងនេះបានធ្វើក្នុងជំនួបមួយរវាងសម្ដេចតេជោ និងលោក អ៊ីហ្គោរ៍ ទ្រីសម៉ាន់ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបនេះលោកអគ្គរដ្ឋទូតបានកោតសរសើរ សម្ដេចតេជោ ក្នុងពេលដែលសម្ដេចជានាយករដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ប្រកបដោយភាពជោគជ័យ ថែមទាំងបានកោតសរសើរសម្ដេចតេជោ និងកម្ពុជាដែលមានជំហរឯករាជ្យនៅលើបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងកោតសរសើរសម្ដេចក្នុងការប្រឹងប្រែងរកសុខសន្តិភាពនៅមីយ៉ាន់ម៉ាផងដែរ។
ក្នុងនាមជាប្រេសិតពិសេសសហភាពអឺរ៉ុបប្រចាំនៅមីយ៉ាន់ម៉ាដែរនោះលោកបានបញ្ជាក់ពីការសារៈសំខាន់នៃគុណតម្លៃនានាដូចជា សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងលំហសេរីភាពបញ្ជ្ចញមតិ សម្រាប់សហភាពអឺរ៉ុប និង ពីការស្វែងរកដំណោះស្រាយដើម្បីនាំមីយ៉ាន់ម៉ាទៅរកប្រក្រតីភាពឡើងវិញ។
ទាក់ទង់លើបញ្ហាមីយ៉ាន់ម៉ា សម្ដេចតេជោ និងលោកឯកអគ្គរដ្ឋទូតបានសម្ដែង ការព្រួយបារម្ភចំពោះសភាពការណ៍កាន់តែស្មុគស្មាញ ជាពិសេសផ្នែកសេដ្ឋកិច្ចសង្គម។ សម្ដេចតេជោ និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានឯកភាពគ្នាថា ត្រូវមានដំណោះស្រាយតាមរយៈការចរចាមួយ ដើម្បីឈានទៅបញ្ចប់ភាពទាល់ច្រកនៅមីយ៉ាន់ម៉ា។
ជាមួយគ្នានេះសម្ដេចតេជោ បានប្តេជ្ញាចិត្តមិនបោះបង់ក្នុងការជួយដល់មីយ៉ាន់ម៉ាក្នុងដំណើរស្វែងរកសុខសន្តិភាពនោះឡើយ ដោយត្រូវមានការអំណត់អត់ធន់បន្តិច ដោយសារសភាពការណ៍នៅមីយ៉ាន់ម៉ា នៅតែលំបាកនិងស្មុគស្មាញ។ ចំណែកឯលើបញ្ហាសង្គ្រាមរុស្សីនិងអ៊ុយក្រែន សម្ដេចតេជោ និងលោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានឯកភាពគ្នាថា សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបានទេ ត្រូវមានការចរចា។
សម្ដេចក៏កំពុងតាមដានមើលលទ្ធផលនៃកិច្ចប្រជុំកំពូលស្ដីពីសន្តិភាពអ៊ុយក្រែន នៅទីក្រុងហ្សឺណែវ ដែលពុំមានភាគីពាក់ព័ន្ធផ្ទាល់ក្រៅពីអ៊ុយក្រែនចូលរួម ជាពិសេសរុស្ស៊ី។
សម្ដេចតេជោ និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបក៏បានពិភាក្សាគ្នា អំពីសភាពការណ៍ជុំវិញការបោះឆ្នោតសភាអឺរ៉ុបដែលបានប្រព្រឹត្តទៅនាពេលកន្លងទៅនេះ និង ផលវិបាកនៃការបោះឆ្នោតនេះនៅក្នុងប្រទេសអឺរ៉ុបមួយចំនួនផងដែរ។ សម្តេចតេជោ និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានឯកភាពគ្នា និងបន្តការពិភាក្សាគ្នាតទៅទៀត តាមពេលវេលាសមស្របណាមួយនៅពេលខាងមុខ៕