ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជាលោកស្រី មីឡេនណា ការីដាដ ហ្សាឌីវ៉ារ ពាដ្រា (Milena Caridad Zaldivar Piedra) បានអញ្ជើញប្រធានសភាកម្ពុជា សម្ដេចសភាធិការធិបតី ឃួន សុដារី ទៅធ្វើទស្សនកិច្ចនៅប្រទេសគុយបាក្នុងពេលណាមួយខាងមុខ ខណៈប្រធានសភាកម្ពុជាបានទទួលយកការអញ្ជើញនេះ និងពិនិត្យថានឹងទៅក្នុងស្ថានភាពស្រមស្របណាមួយ។
ការអញ្ជើញនេះធ្វើឡើងក្នុងពេលដែលលោកស្រី មីឡេនណា ការីដាដ ហ្សាឌីវ៉ារ ពាដ្រា (Milena Caridad Zaldivar Piedra) ចូលជួបពិភាក្សាការងារជាមួយសម្ដេចប្រធានសភានៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ នៅវិមានរដ្ឋសភា ភ្នំពេញ។
លោកស្រីអគ្គរដ្ឋទូតបានលើកឡើងពីចំណងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងគុយបា ដែលថាជាទំនាក់ទំនងល្អ រឹងមាំ ដោយឈរលើមួលដ្ឋាននៃការគោរពឯករាជភាព និងអធិបតេយ្យភាព ជួយជ្រោមជ្រែងគ្នាទៅវិញទៅមកដោយគ្មានការជ្រែតជែកកិច្ចការផ្ទៃក្នុងរបស់គ្នា ខណៈដែលសម្ដេចប្រធានរដ្ឋសភា ឃួន សុដារី បានរំឮកពីចំណងទំនាក់ទំនងជាង៦ទស្សវត្សរ៍របស់ប្រទេសទាំងពីរ ដោយថាទំនាក់ទំនងនេះជាទំនាក់ទំនងពិសេស និងមិត្តល្អជួយគ្នាក្នុងគ្រាលំបាក។
លោកស្រី មីឡេនណា បានពាំនាំនូវការណែនាំរបស់ប្រធានសភាគុយបាដើម្បីអញ្ជើញសម្ដេចសភាធិការធិបតី ទៅទស្សនកិច្ចនៅប្រទេសខ្លួនផងដែរ។
ប្រធានខុទ្ទកាល័យសម្ដេចប្រធានលោក កែវ ពិសិដ្ឋ បានប្រាប់អ្នកសារព័ត៌មានថាការអញ្ជើញនេះត្រូវបានសម្ដេចទទួល និងអាចធ្វើទស្សនកិច្ចនៅក្នុងពេលណាមួយសមស្របនាពេលខាងមុខ។
ស្របពេលស្ថានភាពនៅក្នុងអាមេរិកខាងត្បូងកំពុងបានទាញចំណាប់អារម្មណ៍ពីអន្តរជាតិទាក់ទងនឹងការចូលចតនាវាចម្បាំងរបស់រុស្ស៊ីនៅរដ្ឋធានីហាវ៉ាណា ប្រទេសគុយបា ជំនួបរវាងសម្ដេចប្រធានសភា និងឯកអគ្គរដ្ឋទូតគុយបានៅពេលនេះត្រូវបានលោក កែវ ពិសិដ្ឋ បញ្ជាក់ថាកម្ពុជាមិនព្យាយាមទាញខ្លួនឱ្យចូលក្នុងប៉ូលនៃជម្លោះណាមួយនោះទេ តែជាការរឹតចំណងទំនាក់ទំនងដែលធ្លាប់មានជាមួយគុយបាឱ្យរឹងមាំដែលអាចចូលរួមជួយរក្សានូវសន្ដិសុខ និងសន្ដិភាពពិភពលោកផងដែរ៕