ភ្នំពេញ៖ ប្រធានសភាកម្ពុជា សម្ដេចសភាធិការធិបតី ឃួន សុដារី នឹងធ្វើជាប្រធានដឹកនាំវេទិកាអន្តរសភាអន្តរជាតិដើម្បីភាពអត់អោន និងសន្ដិភាព នៅខែវិច្ឆិកា ឆ្នាំ២០២៤ ដែលជាព្រឹត្តិការណ៍មួយដ៏សំខាន់ដែលមានប្រធានរដ្ឋសភា និងតំណាងសភាពីប្រទេសនានាចូលរួមដើម្បីអនុម័តនូវសេចក្ដីថ្លែងមួយពីសន្ដិសុខ និងសន្ដិភាពសាកល។
ប្រធានខុទ្ធកាល័យសម្ដេចប្រធានសភាលោក កែវ ពិសិដ្ឋ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះថា កិច្ចប្រជុំនេះជាការជួបជុំគ្នានៃសមាជិកមហាសន្និបាតទាំងអស់ដើម្បីធ្វើការពិភាក្សាលើបញ្ហាប្រឈមនានាក្នុងពិភពលោកក្នុងពេលបច្ចុប្បន្ន និងសង្ឃឹមថាសេចក្ដីថ្លែងការណ៍រាជធានីភ្នំពេញមួយនឹងចេញក្រោយពេលមហសន្និបាតបានបញ្ចប់។
IPTP គឺជាវេទិកាសម្រាប់ការទូតអន្តរជាតិរវាងសមាជិកសភាមកពីជុំវិញពិភពលោក ដែលបង្កើតឡើងដោយអង្គការមិនរកប្រាក់ចំណេញ Global Council for Tolerance and Peace (GCTP) ដែលមានមូលដ្ឋាននៅប្រទេសអារ៉ាប់រួម (UAE) ប៉ុន្តែមានសមាជិកមកពីប្រទេសរាប់សិបក្នុងពិភពលោក។
នៅព្រឹកនេះសម្ដេចប្រធានរដ្ឋសភាបានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតគុយបាថ្មីលោកស្រី មីឡេនណា ការីដាដ ហ្សាឌីវ៉ារ ពាដ្រា (Milena Caridad Zaldivar Piedra) ចូលួបពិភាក្សាការងារដោយឆ្លៀតក្នុងឱកាសនោះសម្ដេចប្រធានសភាបានអញ្ជើញប្រធានសភាគុយបាលោក Esteban Lazo Hernández តាមរយៈឯកអគ្គរដ្ឋទូតដើម្បីបានចូលរួមប្រជុំនៅខែវិច្ឆិកា ខាងមុខនេះផងដែរ។
លោក កែវ ពិសិដ្ឋ បានបញ្ជាក់ថាក្នុងស្ថានភាពដែលពិភពលោកដែលមានភាពតានតឹងខ្លាំងដែលចាំបាច់ឱ្យប្រទេសកំពុងអភិវឌ្ឍន៍ត្រូវរួមសហការគ្នាដើម្បីជំរុញការដោះស្រាយបញ្ហាដោយសន្ដិវិធី៕