ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា សម្ដេចសភាធិការធិបតី ឃួន សុដារី បានផ្ញើសារអបអរខូប៣៤ នៃទិវាឯករាជ្យជាតិសហព័ន្ធរុស្ស៊ី ដោយបានរំឮកភាពជាដៃគូរល្អរវាងប្រទេសកម្ពុជា រុស្ស៊ី និងប្ដេជ្ញាពង្រឹងបន្ថែមទៀតនូវមិត្តភាពដ៏យូរអង្វែងនេះ។
ក្នុងលិខិតផ្ញើទៅកានប្រធានសភាឌួម៉ានៃសហព័ន្ធរុស្ស៊ី ថ្ងៃទី១១ ខែមិថុនានេះ សម្ដេចសភាធិការធិបតី ឃួន សុដារី បានលើកឡើងថា៖ «រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូល្អជាមួយនឹងសហព័ន្ធរុស្ស៊ី និង សូមអបអរសាទរនូវសមិទ្ធិផលដែលទទួលបានរវាងប្រទេសទាំងពីរ និងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ។ យើងប្តេជ្ញាពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដោយស្វែងរកនូវ កាលានុវត្តភាពថ្មីៗ ដើម្បីផ្តល់ប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសយើងទាំងពីរ»។
គួរឱ្យដឹងថាទិវាបុណ្យឯករាជ្យជាតិ នៃសហព័ន្ធរុស្ស៊ី នឹងប្រារព្ធទៅនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ៕