ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ទីបំផុត! ក្រសួងពាណិជ្ជកម្ម សម្រេចដាក់ទណ្ឌកម្មខាងវិន័យយ៉ាងតឹងរឹង និងធ្ងន់ធ្ងរ ចំពោះមន្ត្រី ក.ប.ប ទាំង ៥រូប ដែលយកលុយពីអាជីវករនៅផ្សាររមាស នៅខេត្តកំពង់ឆ្នាំង

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម សម្រេចដាក់ទណ្ឌកម្មខាងវិន័យយ៉ាងតឹងរឹង និងធ្ងន់ធ្ងរ ចំពោះមន្ត្រីទាំង ៥រូប របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ប្រចាំនៅខេត្តកំពង់ឆ្នាំង ស្របតាមបញ្ញត្តិនៃច្បាប់ និងតាមទោសកំហុសដែលបានប្រព្រឹត្ត បន្ទាប់ពីលេចធ្លាយព័ត៌មានមន្ត្រីទាំងនេះ បានប្រព្រឹត្តកំហុសយកលុយពីអាជីវករពេលចុះអនុវត្តការងារកាលពីថ្ងៃទី ៤ខែមិថុនា ឆ្នាំ ២០២៤។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ មន្ត្រី ក.ប.ប. ខេត្តកំពង់ឆ្នាំង ចំនួន ៥រូប បានចុះត្រួតពិនិត្យទំនិញនៅផ្សាររមាស ក្នុងឃុំអភិវឌ្ឍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ក្រសួងបានអះអាងថា នៅពេលចុះអនុវត្តការងារ មន្ត្រី ក.ប.ប. បានរកឃើញទីតាំងលក់ទំនិញ ៣កន្លែង ដែលបានតាំងលក់ផលិតផលគ្រឿងសម្អាងមិនអនុលោមតាមបទប្បញ្ញត្តិពាក់ព័ន្ធនឹងបទដ្ឋានព័ត៌មានសម្រាប់អ្នកប្រើប្រាស់ ដែលម្ចាស់ទំនិញត្រូវទទួលរងនូវការពិន័យអន្តរការណ៍ស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។ ប៉ុន្តែនៅពេលអនុវត្តការងារ មន្ត្រីទាំង ៥រូប ពុំបានអនុវត្តឱ្យបានត្រឹមត្រូវ ស្របតាមនីតិវិធីនៃការពិន័យអន្តការណ៍ ដែលជាការប្រព្រឹត្តខុសនីតិវិធីច្បាប់ជាធរមាន។

ក្រសួងបានសង្កត់ធ្ងន់ថា៖ «ក្នុងករណីនេះ ក្រសួងពាណិជ្ជកម្មបានដាក់ទណ្ឌកម្មខាងវិន័យយ៉ាងតឹងរឹង និងធ្ងន់ធ្ងរ ចំពោះមន្ត្រីទាំង ៥រូប ស្របតាមបញ្ញត្តិនៃច្បាប់ និងតាមទោសកំហុសដែលបានប្រព្រឹត្ត»។

ក្រសួងពាណិជ្ជកម្ម ប្តេជ្ញាប្រកាន់ខ្ជាប់ដាច់ខាត និងអនុវត្តយ៉ាងម៉ឺងម៉ាត់តាមអភិក្រម «ងូតទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់» ដោយមិនឱ្យមន្ត្រីរូបណាប្រព្រឹត្តល្មើសច្បាប់ និងបំពានគោលការណ៍ ឆ្លៀតឱកាសកេងចំណេញសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន ប៉ះពាល់ដល់អាជីវករ ពាណិជ្ជករ សេវាករ ឬប្រជាពលរដ្ឋជាអ្នកទទួល សេវាក្នុងវិស័យពាណិជ្ជកម្ម។

ក្រសួងពាណិជ្ជកម្ម សូមជម្រាបសាធារណជនឱ្យបានជ្រាបផងដែរថា ការចុះបំពេញភារកិច្ចរបស់ មន្ត្រី ក.ប.ប. គឺជាការបំពេញកាតព្វកិច្ចតាមច្បាប់ ក្នុងគោលបំណងដើម្បីទប់ស្កាត់នូវការចរាចរទំនិញក្លែងក្លាយ ប្រើប្រាស់សារធាតុគីមីហាមឃាត់ ខូចឬគ្មានគុណភាព គ្មានប្រភពច្បាស់លាស់ រំលោភកម្មសិទ្ធិបញ្ញា សំដៅការពារ សុខភាព សុខុមាលភាព និងផលប្រយោជន៍ជូនប្រជាពលរដ្ឋ ព្រមទាំងទប់ស្កាត់នូវរាល់សកម្មភាពឬអំពើទាំងឡាយ ដែលមិនសុចរិតក្នុងធុរកិច្ច ធានាឱ្យការប្រកួតប្រជែងពាណិជ្ជកម្មប្រព្រឹត្តទៅប្រកបដោយភាពស្មោះត្រង់។

ក្រសួងពាណិជ្ជកម្ម សូមអំពាវនាវដល់ពាណិជ្ជករ អាជីវករ ទាំងអស់ សូមបន្តប្រកបអាជីវកម្មរបស់ខ្លួនជា ធម្មតា ដោយចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងដំណើរការពង្រឹងនីតិរដ្ឋ។ ប្រសិនបើមានមន្ត្រីឬបុគ្គលណា ចុះអនុវត្តភារកិច្ចរំលោភបំពាន ដើម្បីកឹបកេងយកផលប្រយោជន៍ផ្ទាល់ខ្លួន ឬមានចម្ងល់ពាក់ព័ន្ធនឹងការអនុវត្ត តួនាទី និងភារកិច្ចរបស់មន្ត្រីក្រសួងពាណិជ្ជកម្ម សូមផ្តល់ព័ត៌មាន ឬដាក់ពាក្យបណ្ដឹងមកកាន់ក្រសួងពាណិជ្ជកម្ម ឬអគ្គនាយកដ្ឋាន ក.ប.ប. ដោយមិនគិតថ្លៃ តាមរយៈលេខទូរស័ព្ទ ១២៦៦ (MoC Call Center 1266)។

មន្ត្រីអង្គភាពការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានយកលុយទៅប្រគល់ជូនក្រុមអាជីវករផ្សាររមាស ស្រុកទឹកផុស វិញគ្រប់ចំនួន បន្ទាប់ពីបែកធ្លាយព័ត៌មាន ។

គួរំលឹកថា កាលពីព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ មានមន្ត្រីអង្គភាព ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានចុះទៅកាន់ផ្សារ រមាស ស្ថិតក្នុងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដើម្បីត្រួតពិនិត្យលើមុខទំនិញនិងចំណីអាហារ ដែលដាក់តាំងលក់ខូចគុណភាព និងហួសកាលបរិច្ឆេតប្រើប្រាស់។ ប៉ុន្តែមន្ត្រីដែលចុះទៅនោះ បែរជានិយាយបំភ័យទៅកាន់ក្រុមអាជីវករថា ពួកគាត់ដាក់លក់ទំនិញអត់ពន្ធ និងត្រូវផាកពិន័យចំនួនច្រើន។ ធ្វើឲ្យក្រុមអាជីវករមានការភិតភ័យខ្លាចគេរឹបអូសឥវ៉ាន់ដូចរឿងទូរសព្ទ នៅខេត្តត្បូងឃ្មុំ ក៏នាំគ្នាសុំសម្រួលបង់លុយ ដោយតូបទី១បង់ ចំនួន ៧០ម៉ឺនរៀល តូបទី ២បង់ចំនួន៥០ម៉ឺនរៀល និងតូបទី ៣បង់ ចំនួន ១៥ម៉ឺនរៀល។ ក្រោយពីទទួលបានលុយចំនួន ១.៣៥០. ០០០រៀល (មួយលានសាមសិបប្រាំម៉ឺនរៀល) ហើយនោះក្រុមមន្ត្រីទាំងនោះ ក៏បាននាំគ្នាចាកចេញទៅបាត់អស់ទៅ។

ក្រោយពីមានការបែកធ្លាយព័ត៌មានមិនប្រក្រតីនេះ តាមបណ្តាញសង្គម និងមានសារព័ត៌មានក្នុងស្រុកជាច្រើន បានចុះផ្សាយជាបន្តបន្ទាប់មកនោះ នៅល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ មន្ត្រីក.ប.ប បានយកលុយនោះ មកប្រគល់ឲ្យមន្ត្រីអាជ្ញាធរស្រុក ហើយនៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ មន្ត្រីអាជ្ញាធរស្រុកក៏បានយកទៅប្រគល់ជូនដល់ក្រុមអាជីវករវិញគ្រប់ចំនួន ដោយមិនបាត់ ១រៀលឡើយ។ ទោះបីជា មានការប្រគល់លុយទៅឲ្យអាជីវករគ្រប់ចំនួនក៏ដោយ ប៉ុន្តែបន្ទាប់ពីមានការចុះផ្សាយពីព័ត៌មាននេះ លើបណ្តាញព័ត៌មាន ធ្វើឲ្យមហាជនមានការរិះគន់ចំពោះមន្ត្រីទាំងនេះជាខ្លាំង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក