ប្រធានាធិបតីរុស្ស៊ីព្រមានពីការពង្រាយមីស៊ីលវាយប្រហារទៅលើប្រទេសណាដែលលូកដៃផ្តល់អាវុធឱ្យអ៊ុយក្រែនវាយប្រហារលើខ្លួន
អន្តរជាតិ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ថ្លែងនៅថ្ងៃពុធម្សិលមិញនេះថា រុស្សីមានសមត្ថភាពអាចប្រើប្រាស់មីស៊ីលវាយប្រហាររយៈចម្ងាយឆ្ងាយដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចបាន ប្រសិនបើពួកគេហ៊ានលូកដៃអនុញ្ញាតឱ្យអ៊ុយក្រែនវាយប្រហារកាន់តែជ្រៅនៅក្នុងសង្គ្រាមជាមួយរុស្សី ដោយប្រើប្រាស់អាវុធវាយប្រហាររយៈចម្ងាយឆ្ងាយរបស់លោកខាងលិច។
លោក ពូទីន ថ្លែងក្នុងជំនួបផ្ទាល់លើកដំបូងបង្អស់ជាមួយអ្នកសារព័ត៌មានរបស់ Reuter ចាប់តាំងពីការផ្ទុះឡើងនូវសង្គ្រាមជាមួយអ៊ុយក្រែនថា លោកខាងលិចហាក់មានការសន្មតខុសថារុស្សីនឹងមិនប្រើអាវុធនុយក្លេអ៊ែរ ដោយលោកបន្ថែមថាពួកគេមិនគួរមើលស្រាលលើគោលការណ៍នៃការប្រើប្រាស់នុយក្លេអ៊ែររបស់រដ្ឋាភិបាលរុស្សីឡើយ។
ចំពោះសំណួរទាក់ទងនឹងអគ្គលេខាធិការណាតូ លោក Jens Stoltenberg ក្នុងការអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់សព្វាវុធរបស់លោកខាងលិចដើម្បីវាយប្រហារលើរុស្ស៊ី លោក Vladimir Putin ថ្លែងថារុស្សីនឹងចាត់ថ្នាក់សព្វាវុធដែលអ៊ុយក្រែនប្រើប្រាស់ទៅក្នុងកម្រិតផ្សេងៗគ្នា ប៉ុន្តែលោកបានព្រមានថា ការអនុញ្ញាតឱ្យទីក្រុង Kyiv វាយប្រហាររុស្ស៊ីជាមួយនឹងអាវុធដ៏មានឥទ្ធិពលជាងបច្ចុប្បន្ន គឺជាការដែលកំពុងអូសទាញលោកខាងលិចឆ្ពោះទៅរកសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៊ី។
មេដឹកនាំរុស្សីវ័យ ៧១ឆ្នាំខាងលើក៏បានសង្កត់ធ្ងន់ផងដែរថា ទីក្រុងម៉ូស្គូកំពុងពិចារណាលើការដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយដែលបច្ចេកវិទ្យាខ្ពស់ ក្នុងរយៈចម្ងាយជិតគ្រប់គ្រាន់ ដើម្បីវាយប្រហាររដ្ឋណាមួយដែលអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់់់មីស៊ីលវាយប្រហារលើទឹកដីរុស្ស៊ី។ លោកបញ្ជាក់ថា៖ "ប្រសិនបើយើងមើលឃើញថា ប្រទេសណាមួយកំពុងត្រូវបានទាញចូលទៅក្នុងសង្រ្គាមប្រឆាំងនឹងសហព័ន្ធរុស្ស៊ី នោះយើងរក្សាសិទ្ធិក្នុងការឆ្លើយតបដោយសកម្មភាពដូចគ្នា។ ជារួម សកម្មភាពនេះគឺជាការនាំផ្លូវទៅកាន់បញ្ហាកាន់តែធ្ងន់ធ្ងរ"។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានអនុញ្ញាតឱ្យទីក្រុង Kyiv ប្រើប្រាស់អាវុធមួយចំនួនដែលផ្តល់ឱ្យដោយសហរដ្ឋអាមេរិក ដើម្បីប្រើប្រាស់លើគោលដៅមូលដ្ឋានយោធារបស់រុស្សី។ យ៉ាងណាក្ដី សហរដ្ឋអាមេរិកនៅតែហាមប្រាមអ៊ុយក្រែន ពីការវាយប្រហារលើប្រទេសរុស្ស៊ីជាមួយនឹងអាវុធ ATACMS ដែលអាចវាយប្រហារបានចម្ងាយរហូតដល់ ៣០០គីឡូម៉ែត្រ និងអាវុធរយៈចម្ងាយឆ្ងាយផ្សេងទៀតដែលផ្គត់ផ្គង់ដោយរដ្ឋាភិបាលរបស់ខ្លួន។
រដ្ឋមន្រ្តីរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Cameron ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី០៣ ខែឧសភា បានប្រាប់ទៅថាអ៊ុយក្រែនមានសិទ្ធិប្រើប្រាស់អាវុធដែលផ្តល់ដោយចក្រភពអង់គ្លេស ដើម្បីវាយប្រហារលើគោលដៅនានានៅក្នុងប្រទេសរុស្ស៊ី ដែលការប្រើប្រាស់ឬអត់គឺជាការសម្រេចចិត្តរបស់អ៊ុយក្រែនខ្លួនឯងផ្ទាល់៕