ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ទំនាក់ទំនងសេដ្ឋកិច្ចប្រហែលជាចំណុចចាប់ផ្ដើមនៃភាពល្អូកល្អិននយោបាយកម្ពុជា-អាមេរិក

ភ្នំពេញ៖ ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់រដ្ឋមន្ត្រីការពារជាតិអាមេរិកថា «ពេលដែលទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មមានការកើនឡើង នោះនឹងគាំទ្រដល់វិស័យនយោបាយអោយរឹងមាំផងដែរ»។

ការលើកឡើងរបស់សម្ដេចតេជោស្របពេលដែលរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡយ ជេម អូស្ទីន III (Lloyd James Austin III) បានធ្វើទស្សនកិច្ចនៅកម្ពុជា និងបានជួបជាមួយសម្ដេចតេជោនៅវិមានព្រឹទ្ធសភា ព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ។

ក្នុងជំនួបនោះលោករដ្ឋមន្ត្រីការពារជាតិអាមេរិកបានបង្ហាញពីបំណងប្រាថ្នាជំរុញវិស័យសេដ្ឋកិច្ច និងវិនិយោគអាមេរិកមកកម្ពុជាឱ្យបានច្រើនទៀត ដែលស្របនឹងបំណងរបស់សម្ដេចតេជោផងដែរ។

សម្ដេចតេជោថា៖ «ពេលដែលទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មមានការកើនឡើង នោះនឹងគាំទ្រដល់វិស័យនយោបាយអោយរឹងមាំផងដែរ»។

ជំនួបរវាងសម្ដេចតេជោ និងលោក អូស្ទីន បានផ្លាស់ប្ដូរយោបល់គ្នាជាច្រើនជាពិសេសគឺបានបង្ហាញនូវសញ្ញាវិជ្ជមាននៃការធ្វើឱ្យទំនាក់ទំនងកម្ពុជា-អាមេរិកប្រសើរឡើងវិញ ដោយសម្តេចតេជោបានចាត់ទុកថាកន្លងមក ភាគីទាំងពីរខ្វះការជឿទុកចិត្តគ្នាទៅវិញទៅមក ក៏ដូចជាខ្វះខាតព័ត៌មាននិងការវាយតម្លៃខុស ដែលធ្វើឲ្យភាគីទាំងពីរមានការយល់ច្រឡំគ្នា ដោយសារមិនបានប្ដូរព័ត៌មានគ្នា មិនបានធ្វើការពិភាក្សាគ្នា។

សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះសហរដ្ឋអាមេរិកដែលបានជួយកម្ពុជាក្នុងវិស័យជាច្រើន ហើយដើម្បីធ្វើឲ្យទំនាក់ទំនងកាន់តែប្រសើរឡើងនោះ ប្រទេសទាំងពីរត្រូវបំព្រួញឧបសគ្គឲ្យនៅតូច និងពង្រីកកិច្ចសហការឲ្យកាន់តែច្រើន និងមានប្រសិទ្ធភាព។

សម្ដេចមានប្រសាសន៍ថា៖ «អ្វីដែលយើងមានកិច្ចសហប្រតិបត្តិការពីអតីតកាល កិច្ចសន្ទនារវាងក្រសួងការពារជាតិទាំងពីរ ការសន្ទនានានា ការធ្វើសមយុទ្ធរួមគ្នា គឺត្រូវតែបន្តធ្វើការជាមួយគ្នាតទៅទៀត»។

សម្ដេចតេជោ និងលោកអូស្ទីន បានឯកភាពគ្នាលើការបន្តអោយមានការសន្ទនាគ្នាដើម្បីស្វែងរកផ្លូវថ្មីមួយក្នុងទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកដើម្បីអនាគត។

ជាមួយគ្នានោះលោក ឡយ ជេម អូស្ទីន III (Lloyd James Austin III) បានកោតសរសើរចំពោះសម្ដេចធិបតី នាយករដ្ឋមន្ត្រី ដែលបានបង្ហាញជំហរយ៉ាងរឹងមាំក្នុងវិស័យការពារជាតិដើម្បីរៀបចំនូវទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ហើយក្នុងនោះ សហរដ្ឋអាមេរិកនឹងបើកឡើងវិញ អនុញ្ញាតឱ្យនិស្សិតកម្ពុជាទៅសិក្សានៅសាលា Westpoint របស់អាមេរិក ផ្លាស់ប្ដូរការសន្ទនាក្នុងវិស័យយោធា សមយុទ្ធរួមគ្នាដើម្បីសង្គ្រោះ ការគ្រប់គ្រងគ្រោះមហន្តរាយ បន្តការបណ្ដុះបណ្ដោយក្នុងវិស័យដោះមីននិងគ្រាប់មិនទាន់ផ្ទុះ ដោយចាប់ផ្ដើមកិច្ចសន្ទនាការពារជាតិដើម្បីដោះស្រាយភាពខុសគ្នា ដើម្បីកសាងនូវទំនុកចិត្តអោយកាន់តែខ្លាំងដើម្បីអនាគតរបស់ប្រទេសទាំងពីរ ដែលមានផលប្រយោជន៍ទៅវិញទៅមក។

សម្ដេចតេជោប្រធានព្រឹទ្ធសភា ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសន្ទនាដែលនឹងត្រូវចាប់ផ្ដើម ព្រោះការនៅឆ្ងាយពីគ្នានឹងនាំអោយបាត់បង់ព័ត៌មាន ។ សម្ដេចតេជោ បានចាត់ទុកថា អ្វីដែលជាអទិភាពគឺការសន្ទនាជាពិសេសនៅក្នុងវិស័យការពារជាតិ ធ្វើយ៉ាងណាឱ្យអស់ការសង្ស័យរវាងគ្នាទៅវិញទៅមក និងកសាងនូវទំនុកចិត្តឲ្យកាន់តែខ្លាំងឡើងវិញរវាងប្រទេសទាំង២៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក