សមត្ថកិច្ច ក្រុង សិរីសោភ័ណ ឆ្មក់បង្ក្រាបទីតាំងការ៉ាអូខេ០១កន្លែងនៅសង្កាត់អូរអំបិល ឃាត់ខ្លួនជាង២០នាក់ និងវត្ថុតាងគ្រឿងញៀនមួយចំនួន
បន្ទាយមានជ័យ ៖ កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ដឹកនាំដោយលោក សោម វុទ្ធី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត លោកវរសេនីយ៍ឯក ស៉ី ឌី អធិការនគរបាលក្រុង រួមនឹងកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍ បានចុះឆ្មក់បង្ក្រាបទីតាំងការ៉ាអូខេ០១កន្លែងយីហោ TNL នៅចំនុចភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុង សិរីសោភ័ណ ឃាត់ខ្លួនមនុស្សជាង២០នាក់ ព្រមទាំង ដកហូតវត្ថុតាងគ្រឿងញៀនមួយចំនួន នាំមកកាន់អធិការនគរបាលក្រុង ដេីម្បីសួនាំតាមនីតិវិធី។
លោកវរសេនីយ៍ឯក ស៉ី ឌី អធិការនគរបាលក្រុង បានប្រាប់ឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាក់យ៉ាងម៉ឹងម៉ាតពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញា ដឹកនាំដោយលោក សោម វុទ្ធី ព្រះរាជអាជ្ញារង កាលពីយប់រំលងអាធ្រាតលោកបានដឹកនាំកម្លាំង ចុះឆ្មក់បង្ក្រាបទីតាំងការ៉ាអូខេ០១កន្លែងយីហោTNL នៅចំនុចភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល
ឃាត់ខ្លួនចំនួនសរុប២៤នាក់ /ស្រី០៨នាក់(ភ្ញៀវមកលែងចំនួន១៧នាក់/ស្រី០២នាក់ និងបុគ្គលិកចំនួន០៧នាក់/ស្រី០៦នាក់)។
លោកបន្តថា ក្នុងប្រតិបត្តិការ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ប្រភេទថ្នាំសប្បាយអក្ស Forrari សំបកពណ៌ក្រហមរូបសញ្ញាសេះខ្មៅចំនួន០២កញ្ចប់, ថ្នាំសប្បាយអក្ស Lambogini សំបកទឹកប្រាក់ រូបសញ្ញារូបគោ ចំនួន០១កញ្ចប់, ថ្នាំសប្បាយអក្ស Strowberry សំបកទឹកសមុទ្រចំនួន០១កញ្ចប់, ថ្នាំសប្បាយអក្ស Grape Juice ទឹកសមុទ្រ ផ្កាឈូកចំនួន០១កញ្ចប់, ម្សៅសចំនួន០៣កូនថង់, ម្សៅសដាក់ក្នុងថង់ពណ៌ផ្កាឈូកលាយ ទឹកសមុទ្រ០១កូនថង់, សំបកថង់រូបលុយដុល្លា០១, សំបកថង់រូបសេះដែលប្រើរួច០១ថង់, សំបកអក្ស Grape Fruit tea ០១, សំបកថង់០១, បារីអេឡិចទ្រនិចសរុប១១ដើម, ក្បាលបារីអេឡិចទ្រនិចចំនួន០២។
បច្ចុប្បន្ន ជនសង្ស័យទាំង២៤នាក់ កំពុងសួនាំបាននៅអធិការដ្ឋាននគរបាលក្រុង ដើម្បីធ្វើតេស្តស្វែងរកសារធាតុញៀន ចាត់ការតាមនីតិវិធី៕