ចិនច្រានចោលការចោទប្រកាន់របស់ប្រធានាធិបតីអ៊ុយក្រែនជុំវិញការដាក់សម្ពាធប្រទេសដទៃជុំវិញកិច្ចចរចាស្ដីពីសន្តិភាពរបស់អ៊ុយក្រែន
អន្តរជាតិ៖ ប្រទេសចិន នៅថ្ងៃចន្ទ ទី០៣ ខែមិថុនានេះ បានបដិសេធការចោទប្រកាន់របស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ថាចិនកំពុងព្យាយាមរារាំងប្រទេសផ្សេងទៀត មិនឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិភាពដែលបានគ្រោងទុកពាក់ព័ន្ធនឹងបញ្ហាសង្រ្គាមនៅអ៊ុយក្រែន។ ថ្លែងកាលពីថ្ងៃអាទិត្យនៅឯវេទិកាសន្តិសុខ Shangri-La ក្នុងប្រទេសសិង្ហបុរី លោក Zelenskyy បានចោទប្រកាន់ទីក្រុងប៉េកាំងថា បានព្យាយាមធ្វើរឿងជាច្រើនដើម្បីរារាំងប្រទេសនានាមិនឱ្យមកចូលរួមកិច្ចប្រជុំកំពូលសន្តិភាព ដែលប្រទេសស្វីសគ្រោងធ្វើជាម្ចាស់ផ្ទះក្នុងខែមិថុនានេះ។
រដ្ឋាភិបាលអ៊ុយក្រែនសង្ឃឹមថា កិច្ចប្រជុំដែលប្រមូលផ្តុំដោយប្រទេសធំៗជាច្រើននេះ នឹងជួយឱ្យអ៊ុយក្រែនទទួលបានការគាំទ្រលើឆាកអន្តរជាតិយ៉ាងទូលំទូលាយសម្រាប់ចក្ខុវិស័យរបស់ខ្លួនអំពីលក្ខខណ្ឌចាំបាច់មួយចំនួនដែលជាតម្រូវការដើម្បីបញ្ចប់ការឈ្លានពានរបស់រុស្ស៊ី។ យ៉ាងណាមិញ ចិនបានរិះគន់លើសន្និសីទនេះ ដោយលើកឡើងថា វានឹងជារឿងពិបាកសម្រាប់រដ្ឋាភិបាលចិនក្នុងការចូលរួមក្នុងកិច្ចប្រជុំនេះ ប្រសិនបើសម្ព័ន្ធមិត្តរុស្ស៊ីមិនព្រមមានវត្តមានចូលរួម។
ក្រសួងការបរទេសចិនបានបញ្ជាក់នៅថ្ងៃចន្ទនេះថា "ជំហររបស់ចិនគឺបើកចំហ និងមានតម្លាភាព ហើយគ្មានហេតុផលណាមួយដែលចិនត្រូវដាក់សម្ពាធលើប្រទេសណាមួយឡើយ"។ លោកស្រី ម៉ៅ នីង (Mao Ning) ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ "នៅក្នុងកិច្ចចរចាស្ដីសន្តិភាព ជំហររបស់ចិនគឺស្មើភាព និងយុត្តិធម៌។ ចិនមិនបានសំដៅទៅលើប្រទេសណាមួយថាជាភាគីទីបីនៃកិច្ចប្រជុំនេះឡើយ ហើយរឹតតែមិនសំដៅទៅលើស្វីសដែលជាប្រទេសទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះដូចគ្នា"។ លោកស្រីបន្ថែមថា រដ្ឋាភិបាលចិនជឿជាក់ថា កិច្ចខិតខំប្រឹងប្រែងទាំងអស់ដែលអំណោយផលដល់ដំណោះស្រាយដោយសន្តិវិធីនៃវិបត្តិ (សង្គ្រាមអ៊ុយក្រែន និងរុស្សី) គួរតែត្រូវបានទទួលការគាំទ្រ។
កន្លងមក ទីក្រុងប៉េកាំងតែងអះអាងម្តងហើយម្តងទៀតថា ខ្លួនស្ថិតក្នុងជំហរអព្យាក្រឹត្យចំពោះបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែជានិច្ចកាលត្រូវប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីបណ្ដាប្រទេសលោកខាងលិចជុំវិញភាពជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួនជាមួយរុស្ស៊ី។ សហរដ្ឋអាមេរិកបានចោទប្រកាន់ថា ចិនគឺជាដៃគូគាំទ្រការពង្រីកឧស្សាហកម្មវិស័យការពារជាតិដ៏ធំបំផុតរបស់ទីក្រុងម៉ូស្គូ ចាប់តាំងពីសម័យសូវៀតមក។
គួរបញ្ជាក់ថា កាលពីខែឧសភាកន្លងទៅ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទើបតែមានវត្តមាននៅក្នុងប្រទេសចិន ដែលគេជឿជាក់ថាលោកបានព្យាយាមស្វែងរកការគាំទ្រពីសំណាក់រដ្ឋាភិបាលចិនទៅលើសង្គ្រាមដែលកំពុងអូសបន្លាយជាមួយអ៊ុយក្រែន និងបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ស្តីពីការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនៃភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ៕