អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបញ្ជាក់ពីស្ថានភាពបច្ចុប្បន្ននៃកំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ)
ខេត្តព្រះសីហនុ-កំពត៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃចន្ទ ទី០៤ ខែឧសភានេះបានបញ្ជាក់ពីស្ថានភាពបច្ចុប្បន្ននៃផ្លូវជាតិលេខ៣ ត្រង់ចំណុចត្រពាំងរពៅ-វាលរេញថា កំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ត្រូវបានកៀរកិន បង្ហាប់ ស្រោចទឹក សម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងអនុវត្តន៍ការងារថែទាំជាប្រចាំ(ខួប)ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ។
លោកបញ្ជាក់បន្ថែមថា ការធ្វើចរាចរណ៍លើកំណាត់ផ្លូវដែលមានខូចខាតនេះមានសភាពមមាញឹកជាធម្មតា (ព្រះសីហនុ-កំពត) ទាំងរថយន្តតូច រថយន្តធំ និងទោចក្រយានយន្តគ្រប់ប្រភេទក្នុងរង្វង់ថេរវេលាជាង ២០-៣០នាទីលើចម្ងាយផ្លូវជាង ២០គីឡូម៉ែត្រ។
បើតាមការលើកឡើងរបស់អ្នកនាំពាក្យដដែលឱ្យដឹងថា លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនតែងបានយកចិត្តទុកដាក់ខ្ពស់ និងបានចង្អុលបង្ហាញដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បន្តជួសជុលថែទាំខួបក្នុងឆ្នាំ២០២៤នេះ មុននឹងឈានទៅដល់ការអនុវត្តការងារសាងសង់ជាក់ស្តែងឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេសខ្ពស់នាពេលខាងមុខ។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានអំពាវនាវ សូមឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកដោយសុខសុវត្ថិភាព និងសូមមេត្តាយោគយល់ អធ្យាស្រ័យ ករណីមានការរំខានក្នុងអំឡុងពេលការងារជួសជុលជាប្រចាំនេះ៕