រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី៖ បញ្ហានៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនគ្មានភាគីទីបីណាអាចលូកដៃដោះស្រាយបានឡើយ
អន្តរជាតិ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរី លោកបណ្ឌិត អ៉ឹង អេងហិន (Ng Eng Hen) ថ្លែងថា សហរដ្ឋអាមេរិក និងចិនមិនត្រូវការភាគីទីបីដើម្បីជួយដោះស្រាយបញ្ហាក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរឡើយ ហើយជំនួសមកវិញមហាអំណាចទាំងពីរត្រូវការដំណោះស្រាយដែលកើតចេញការឯកភាពទ្វេភាគីផ្ទាល់។ ថ្លែងសំណួររបស់អ្នកសារព័ត៌មាននៅថ្ងៃចុងក្រោយនៃកិច្ចសន្ទនា Shangri-La ដែលជាកិច្ចប្រជុំកំពូលនៃវិស័យការពារជាតិអាស៊ី រដ្ឋមន្ត្រីការពារជាតិសិង្ហបុរីថ្លែងថា លោកសង្ឃឹមយ៉ាងមុតមាំថាវេទិកានេះនឹងលើកកម្ពស់បន្ថែមទៀតដល់ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក។
រំឮកសាជាថ្មីម្តងទៀតទៅកាន់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំកំពូលថ្នាក់រដ្ឋមន្ត្រីការពារជាតិ លោកបណ្ឌិត Ng ថ្លែងថា មានតែសហរដ្ឋអាមេរិក និងចិនផ្ទាល់ទេដែលអាចដោះស្រាយបញ្ហារវាងភាគីទាំងពីរបាន។ លោកបន្ថែមថា "ពួកគេ (សហរដ្ឋអាមេរិក និងចិន) មិនត្រូវការភាគីទីបីទេ ប៉ុន្តែពួកគេត្រូវដោះស្រាយបញ្ហានេះដោយខ្លួនឯងផ្ទាល់"។ លោក Ng ក៏បានរំលេចឡើងនូវប្រសាសន៍របស់ប្រធានាធិបតីអាមេរិក លោក Joe Biden ដែលលោកបញ្ជាក់ថា លោកចង់បាន "ការប្រកួតប្រជែង" ជាមួយប្រទេសចិន ប៉ុន្តែមិនចង់បាន "វិបត្តិជម្លោះ" នោះឡើយ។
លោក Ng Eng Hen គូសបញ្ជាក់ថា ប្រជាជាតិទាំងពីរមានភាពខុសដាច់ពីគ្នាឆ្ងាយណាស់ ដែលលោកសំដៅទៅដល់ភាពខុសគ្នាជាមូលដ្ឋាននៅក្នុងប្រព័ន្ធនយោបាយរបស់ប្រទេសទាំងពីរ ពោលគឺសហរដ្ឋអាមេរិកជាប្រទេសដែលប្រកាន់យកនយោលទ្ធិប្រជាធិបតេយ្យ ខណៈចិនគ្រប់គ្រងដោយបក្សកុម្មុយនិស្ត។ រដ្ឋមន្ត្រីការពារជាតិសិង្ហបុរីរូបនេះក៏បានរំលេចថា លោកមិនគិតប្រទេសតូចមួយអាចធ្វើឲ្យប្រទេសជាមហាអំណាចធំមានតុល្យភាពរវាងគ្នានោះទេ៕