លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

សភាពាណិជ្ជកម្មត្រកូលលីនពិភពលោកគ្រោងរៀបចំសន្និសីទនៅក្នុងខែវិច្ឆិកាដើម្បីស្វែងរកនូវសក្ដានុពលវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ ប្រធានសភាពាណិជ្ជកម្ម ត្រកូលលីនពិភពលោក Tan Sri Dato Lim Soon Peng បានជម្រាបនាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត ថាសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក នឹងសហការជាមួយសមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា ក្នុងការរៀបចំសន្និសីទមួយ ដែលគ្រោងនឹងរៀបចំឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង ក៏ដូចជាស្វែងរកនូវកាលានុវត្តភាព និងសក្ដានុពលក្នុងការវិនិយោគ នៅកម្ពុជា។

ជម្រាបសម្ដេចធិបតីក្នុងជំនួបកាលពីរសៀលថ្ងៃទី២៨ ខែឧសភា នៅវិមានសន្ដិភាពលោក Tan បានជម្រាបថាសន្នីសិទនេះនឹងមានការចូលរួមពីបណ្ដាសមាជិក និងវិនិយោគិន នៃសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ប្រមាណ ១០០០ ទៅ ២០០០នាក់។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ ប្រកបដោយក្តីរីករាយដែលបានជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះបណ្តាក្រុមហ៊ុន នៃសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។

បន្ថែមលើនេះ សម្តេចធិបតី ក៏បានបញ្ជាក់ជូនគណៈប្រតិភូ អំពីការដាក់ចេញនូវច្បាប់ គោល នយោបាយ និងយន្តការសំខាន់ៗ ដើម្បីគាំទ្រដល់ការវិនិយោគនៅកម្ពុជា ដែលរួមមាន៖ (១) ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរក្សាសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាការគ្រប់គ្រងអតិផរណា ដើម្បីធានាបាននូវបរិយាកាសវិនិយោគមួយដែលអាចប៉ាន់ប្រមាណបាន នៅកម្ពុជា (២) ការអនុវត្តច្បាប់វិនិយោគ និងការដាក់ចេញនូវយន្តការដែលមានភាពបត់បែន ដើម្បីផ្តល់ការគាំទ្រ និងឆ្លើយតបទៅនឹងតម្រូវការរបស់វិនិយោគិន (៣) ការកសាងនូវហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដូចជាកំពង់ផែទឹកជ្រៅ ព្រលានយន្តហោះថ្មី ការធ្វើទំនើបកម្មផ្លូវដែក ដើម្បីប្រែក្លាយកម្ពុជាជាមជ្ឈមណ្ឌលឡូជីស្ទីកតំបន់ (៤) ការដាក់ចេញនូវគោលនយោបាយក្នុងការអភិវឌ្ឍថាមពលស្អាត ដោយបច្ចុប្បន្ននេះកម្ពុជាសម្រេចបាន នូវការប្រើប្រាស់ថាមពលស្អាតចំនួន ៦២% នៃការប្រើប្រាស់ថាមពលសរុប និងបានដាក់ចេញនូវទិសដៅ ជំរុញការប្រើប្រាស់ថាមពលស្អាតឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០ និង (៥) សក្ដានុពលរបស់កម្ពុជាក្នុង ការតភ្ជាប់ជាមួយនឹងទីផ្សារអន្តរជាតិ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយ បណ្ដាប្រទេសមួយចំនួន និងក្នុងក្របខ័ណ្ឌតំបន់ ព្រមទាំងសក្ដានុពលនៃកម្លាំងពលកម្មកម្ពុជា ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ តាមរយៈការកសាងសមត្ថភាពបន្ថែមតាមយន្តការការរៀបចំជំនាញឡើងវិញ (Reskilling) និងការបង្កើនជំនាញ (Upskilling)។

មុននឹងបញ្ចប់ សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងគាំទ្រដល់គំនិតផ្ដួចផ្ដើម ក្នុងការរៀបចំសន្និសីទរបស់សភាពាណិជ្ជកម្មត្រកូលលីនពិភពលោកនៅព្រះរាជាណាចក្រកម្ពុជា ក្នុងខែវិច្ឆិកាខាងមុខនេះ ដោយលើកទឹកចិត្តឱ្យសភាពាណិជ្ជកម្មនេះបន្តផ្សារភ្ជាប់ទំនាក់ទំនង និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ហើយសម្ដេចធិបតី សង្ឃឹមថា នឹងមានវិនិយោគិនជាច្រើនទៀតនឹងចូលរួមក្នុងសន្និសីទនេះ ដើម្បីស្វែងរកនូវឱកាសក្នុងការវិនិយោគនៅកម្ពុជា ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក