ភ្នំពេញ៖ ប្រធានសភាប្រទេសអ៊ុយក្រែនលោក រូស្លាន ស្តេហ្វានឈុក (Ruslan Stefanchuk) បានអញ្ជើញប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ទៅធ្វើទស្សនកិច្ចនៅទីក្រុងគាវដើម្បីពង្រឹងទំនាក់ទំនងរវាងព្រឹទ្ធសភាកម្ពុជា និងសភាអ៊ុយក្រែន ខណៈសម្ដេចតេជោបានឆ្លើយតបថានឹងផ្ដល់ចម្លើយនៅពេលសមស្របណាមួយខាងមុខ។
ការអញ្ជើញនេះធ្វើឡើងក្នុងជំនួបមួយរវាងប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន និងលោក រូស្លាន ស្ដេហ្វានឈុក តាមប្រព័ន្ធអនឡាញនៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបនោះលោកប្រធានសភាអ៊ុយក្រែនបានស្នើមកកាន់សម្ដេចតេជោចំនួន៣ចំនួនដែលរួមមាន អំពាវនាវដល់កម្ពុជាចូលរួមក្នុងរូបមន្តសន្ដិភាព១០ចំនុចដើម្បីស្តារបូរណភាពដែនដី និងសន្តិភាពអ៊ុយក្រែនឡើងវិញ ស្នើសុំការគាំទ្រពី សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងទន្ទឹងរងចាំកម្ពុជា ចូលរួមក្នុងសម្ព័ន្ធភាពដោះមីននៅប្រទេសអ៊ុយក្រែនផងដែរ ។ និងចុងក្រោយអញ្ជើញ សម្តេចធិបតី នាយករដ្ឋមន្ត្រី ទៅបំពេញទស្សកិច្ចនៅអ៊ុយក្រែន និងសុំការគាំទ្រពីកម្ពុជាដល់ទំនាក់ទំនងរបស់អ៊ុយក្រែន ជាដៃគូសន្ទនាជាមួយអាស៊ាន ហើយនិង សូមគោរពអញ្ជើញសម្តេចតេជោ ទៅបំពេញទស្សនកិច្ចនៅទីក្រុងគាវ ដើម្បីពង្រឹងទំនាក់ទំនងរវាងព្រឹទ្ធសភាកម្ពុជា និងសភាអ៊ុយក្រែន។
ជាកិច្ចឆ្លើយតប សម្តេចតេជោ បានបញ្ជាក់ថា សម្តេច នឹងយករូបមន្ត១០ចំណុច ទៅពិចារណា។ ចំណែកការចូលរួមរបស់កម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែន នៅទីក្រុងហ្សឺណែវ សម្តេចទុកជូនរាជរដ្ឋាភិបាលសម្រេច ។ សម្តេចតេជោ បានកត់សម្គាល់ឃើញថា កិច្ចប្រជុំកំពូលស្តីពីសន្តិភាព ដែលមានតម្លៃជាក់លាក់ ត្រូវតែមានគ្រប់ភាគីពាក់ព័ន្ធចូលរួម ដូចនេះត្រូវតែមានវត្តមានតួអង្គរុស្ស៊ី ។
សម្តេចតេជោ ក៏បានជម្រាបប្រធានសភាអ៊ុយក្រែនថា ដោយសារកិច្ចការរវល់ច្រើននៅក្នុងស្រុក រាជរដ្ឋាភិបាលកម្ពុជា បានចាត់តាំង ឯកអគ្គរាជទូតកម្ពុជា ចូលរួមក្នុងសន្និសីទស្តីពីការកសាងប្រទេសអ៊ុយក្រែនឡើងវិញ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៊ែឡាំង នាថ្ងៃទី១១-១២ ខែមិថុនាខាងមុខនេះ។
ពាក់ព័ន្ធនឹងបញ្ហាមីននៅអ៊ុយក្រែនសម្តេចបានមានប្រសាសន៍ថា សម្តេច មានការសោកស្តាយដែលកម្ពុជា មិនមានលទ្ធភាពបញ្ជូនអ្នកដោះមីនទៅអ៊ុយក្រែនបានទេ ដោយសារ រដ្ឋធម្មនុញកម្ពុជាមិនអនុញ្ញាតឱ្យបញ្ជូនកងកម្លាំងដោះមីននៅក្រៅឆ័ត្រអង្គការសហប្រជាជាតិ ។
កម្ពុជាធ្លាប់បានផ្តល់ការបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែន ដោយមានកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសជប៉ុន។
សម្តេចបានបញ្ជាក់ថា កម្ពុជានឹងពិនិត្យមើលទ្ធភាពបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែន បន្តទៀត ដោយសហការជាមួយនឹងជប៉ុន។ ចំពោះការអញ្ជើញ សម្តេចតេជោទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន សម្តេចតេជោ បានមានប្រសាសន៍ សម្តេចនឹងផ្តល់ចម្លើយក្នុងពេលសមស្របណាមួយ៕