ប្រធានសភាកម្ពុជាថ្វាយអំណរព្រះគុណព្រះមហាក្សត្រថៃដែលមានព្រះទ័យយកចិត្តទុកដាក់ដល់ពលករខ្មែរ | ក្រុមហ៊ុន Vietjet គ្រោងបង្កើតមជ្ឈមណ្ឌលជួសជុលនិងថែទាំ (MRO) យន្តហោះ និងពង្រឹងបន្ថែមទៀតនូវការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវអាកាសរវាងប្រទេសវៀតណាម និងឡាវ | អំឡុងពេលនៃយុទ្ធនាការរបស់ក្រសួងយុត្តិធម៌ គ្មានទេពាក្យថា “បុកគេស្លាប់ បង់លុយ ហើយរួចខ្លួន” | លោក ចូ បៃដិន ច្រឡំមាត់អញ្ជើញប្រធានាធិបតីអ៊ុយក្រែនលោក ហ្សឡេនស្គី ថាជាលោក​ ពូទីន | BREAKING NEWS: បាត់ឧទ្ធម្ភាគចក្រនៅភ្នំក្រវាញ អំឡុងពេលហ្វឹកហាត់ | BREAKING NEWS៖ ខ្មាន់កាំភ្លើងម្នាក់ និងអ្នកគាំទ្រម្នាក់បានស្លាប់ ក្នុងហេតុការណ៍ឆ្មក់បាញ់ប្រហារអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ | BREAKING៖ អតីតប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានគេជម្លៀសយ៉ាងប្រញាប់ប្រញាល់ចេញពីវេទិកា | UPDATE: ការបាញ់ប្រហារនៅឯការប្រមូលផ្តុំគ្នារបស់ Trump នៅ Butler រដ្ឋ Pennsylvania៖ អតីតប្រធានាធិបតី Trump រងរបួស | UPDAT៖ ប្រធានាធិបតី Biden ឆ្លើយតបទៅនឹងការបាញ់ប្រហារនៅឯការជួបជុំ Trump | ព័ត៌មានទាន់ហេតុការណ៍៖ លោក Donald Trump ចេញសេចក្តីថ្លែងការណ៍ស្តីពីការបាញ់ប្រហាររបស់នៅរដ្ឋ Butler, PA |

សម្តេចតេជោ ហ៊ុន សែន ផ្តល់ថវិកាទ្រទ្រង់សមាគមសិល្បករខ្មែររយៈពេល ៥ឆ្នាំសរុបចំនួន ៥០ម៉ឺនដុល្លារ

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៦ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូសមាគមសិល្បករខ្មែរ ដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធានសមាគមចូលជួបសម្តែងការគួរសមនៅវិមាន៧មករា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរ អ្នកឧកញ៉ា ម៉ៅ ចំណាន ដែលបានជាប់ឆ្នោតជាប្រធានសមាគមសិល្បករខ្មែរ ព្រមទាំង ស្វាគមន៍សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមសិល្បករខ្មែរ និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ដែលបានជួយជ្រោមជ្រែងរៀបចំរចនាសម្ព័ន្ធសមាគម។ អ្នកឧកញ៉ា ម៉ៅ ចំណាន បានគោរពថ្លែងអំណរគុណសម្តេចតេជោ ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមសិល្បករខ្មែរ ដែលជាសារវិជ្ជមានមួយសម្រាប់សមាគមសិល្បករខ្មែរ។ អ្នកឧកញ៉ា ម៉ៅ ចំណាន ក៏បានធ្វើរបាយការណ៍ជូនសម្តេចតេជោអំពីសាវតាសង្ខេបរបស់សមាគម ដោយបានរំលឹកពីការគាំទ្រ និងជំនួយរបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតដល់សមាគម និងអំពីសកម្មភាពការងារសំខាន់ៗក្រោយការបោះឆ្នោតជ្រើសរើសប្រធានសមាគម អាណត្តិទី៦ ដូចជាការរៀបចំក្រុមប្រឹក្សាភិបាល និង គណកម្មការប្រតិបត្តិសមាគម និង ការត្រៀមរៀបចំពិធីជួបជុំមហាគ្រួសារសិល្បករខ្មែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនៅពេលខាងមុខ ព្រមទាំងការរៀបចំមូលដ្ឋានរដ្ឋបាល កែសម្រួលលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងការរៀបចំផែនការជាទស្សនវិស័យ និង ចក្ខុវិស័យនៃសមាគម ដើម្បីឧត្តមភាពនៃសិល្បៈខ្មែរទាំងនៅលើឆាកជាតិ និង ឆាកអន្តរជាតិ។

អ្នកឧកញ៉ា ម៉ៅ ចំណាន បានគូសបញ្ជាក់ថា កិច្ចការនេះនឹងអនុញ្ញាតឱ្យសមាគមអាចសម្រេចគោលដៅដែលបានកំណត់ដូចជា៖

 (១) កិច្ចការអភិរក្ស ការពារ អភិវឌ្ឍ និង លើកស្ទួយសិល្បៈ និង វប្បធម៌ជាតិ

(២) ការពារសិទ្ធិ និង ផលប្រយោជន៍របស់សមាជិក

(៣) ស្វែងរកសប្បុរសជន ដើម្បីជួយដល់សកម្មភាពសិល្បៈ និង កិច្ចការសង្គម

(៤) ប្រមូលកម្លាំងធនធានសិល្បករ ដើម្បីបម្រើសកម្មភាពសិល្បៈ និងកិច្ចការសង្គម និង

(៥) រួមចំណែកលើកកម្ពស់សីលធម៌សង្គម និង ក្រមសីលធម៌វិជ្ជាជីវៈរបស់សិល្បករ។

អ្នកឧកញ៉ា ម៉ៅ ចំណាន ក៏បានលើកឡើងនូវបញ្ហាប្រឈមដែលបានជួបប្រទះកន្លងមកនិងផែនការដំណោះស្រាយមួយចំនួន។ បញ្ហាប្រឈមទាំងនោះមានដូចជា៖

 ក) អាណត្តិថ្មីនេះ បានធ្វើឱ្យសិល្បករទាំងអាជីពនិងមិនអាជីព មកចុះឈ្មោះជាសមាជិកនៃសមាគមសិល្បករខ្មែរជាច្រើន ដោយពួកគេគិតថាសមាគមនឹងអាចមានលទ្ធភាពផ្តល់ជំនួយ ជាអ្នកស្វែងរការងារ ឬ ផ្តល់អត្ថប្រយោជន៍ផ្សេងៗដល់ពួកគេ

ខ) ការប្រើប្រាស់ភាសា កាយវិការ សម្តី សម្លៀកបំពាក់ ក្នុងជួរសិល្បករខ្លះ បាននិងកំពុងបង្ហាញតាមបណ្តាញទំនាក់ទំនងសង្គម ដែលមានឥទ្ធិពលបែបអវិជ្ជមាន

គ) កង្វះខាតធនធានមនុស្ស ការបាត់បង់នូវសិល្បករ ដែលមាន វ័យចំណាស់ៗតាមវ័យនិងកាលវេលា កង្វះខាតចំណេះដឹងស្តីពីវប្បធម៌ជាតិ ឬការរត់តាមផលប្រយោជន៍ចំពោះមុខមួយចំនួននៅលើទីផ្សារសេរី ការវិវត្តនៃបរិវត្តកម្មឌីជីថលដែលមានទំនោរអវិជ្ជមានមួយចំនួន។ រីឯ ផែនការដំណោះស្រាយ មានដូចជា សមាគមសិល្បករខ្មែរ នឹងបង្កើតគណៈកម្មការវាយតម្លៃគុណវុឌ្ឍិសិល្បករ ដើម្បីកំណត់ឱ្យច្បាស់នូវលក្ខណសម្បត្តិសិល្បករ ដោយលើកទឹកចិត្តឱ្យសិល្បករទាំងអស់រួមគ្នាបង្កើតស្នាដៃច្នៃប្រឌិត បញ្ចូលនូវបច្ចេកវិទ្យាទំនើប និងបង្កើតនូវភាពទាក់ទាញការពេញនិយមក្នុងសង្គមតែត្រូវរក្សាឱ្យបាននូវអត្តសញ្ញាណជាខ្មែរ ...។ល។ អ្នកឧកញ៉ា ម៉ៅ ចំណាន បានគោរពស្នើសុំ សម្តេចតេជោផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ដល់សមាគមសម្រាប់ការអភិវឌ្ឍនាពេលខាងមុខ។

ជាកិច្ចឆ្លើយតប សម្តេចតេជោ ប្រធានព្រឹទ្ធសភាបានកោតសរសើរចំពោះការរៀបចំសមាគម ចាប់ពីការបោះឆ្នោតជ្រើសរើសប្រធានថ្មី។ សម្តេចបានគូសបញ្ជាក់ថា ការកកើតឱ្យមានសមាគម គឺជារឿងល្អហើយ ក៏ប៉ុន្តែការធានានិរន្តរភាពជាការលំបាក។ សម្តេចជឿជាក់ថានៅក្នុងអាណត្តិថ្មីនេះ សមាគមអាចជៀសផុតពីការលំបាកដែលកើតមានកន្លងមក តាមរយៈការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងឡើងវិញ និងការពង្រឹងសីលធម៌របស់សិល្បករ សិល្បការិនី។

សម្តេចក៏បានរំលឹកអំពីដំណាក់កាលរស់ឡើងវិញនៃសិល្បៈ ចាប់ពីថ្ងៃ៧ មករា ឆ្នាំ១៩៧៩ និង ដំណាក់កាលប្រមូលទុន ធនធានមនុស្ស ដែលបានខិតខំជាបន្តបន្ទាប់ ជាពិសេស ក្រោយ ពេលកម្ពុជាបានសន្តិភាពពេញលេញដោយសារនយោបាយឈ្នះ-ឈ្នះ។ ចាប់ពីឆ្នាំ១៩៩៨មក ប្រទេសយើងវិវត្តដល់ដំណាក់កាលថ្មី គឺ ដំណាក់កាលអភិរក្ស និងអភិវឌ្ឍ។ សម្តេចបានលើកឡើងថា “យើងអភិរក្សរបស់មានស្រាប់ និង ខិតខំឆ្នៃប្រឌិតថ្មី។ សម័យយើងនេះ ការការពារកម្មសិទ្ធិបញ្ញា មិនងាយស្រួលទេ ដោយសារការវិវត្តយ៉ាងលឿននៃបច្ចេកវិទ្យា។ បញ្ហាប្រឈមធំនៅពេលខាងមុខគឺបញ្ញាសិប្បនិម្មិត (AI) ដែលជំនួសការងារមនុស្សកាន់តែច្រើនឡើង។” សម្តេចបានគូសបញ្ជាក់ថា “ខ្មែរយើងរក្សាអត្តសញ្ញាណរបស់យើងបាន ដោយសារកាលពីសម័យបារាំង ទីអារាម និង ព្រះបរមរាជវាំង គឺជាទីដែលរក្សាកេរដំណែល វប្បធម៌មរតកជាតិ ហើយទោះខ្មែរក្រហមបានបំផ្លាញយ៉ាងណាក្តី ក៏យើងបានគាស់យកមកវិញនូវវប្បធម៌ និង សិល្បៈ ដូចជាពិធីអាពាហ៍ពិពាហ៍ ការការពារសិល្បៈ និងវប្បធម៌គឺជាកាតព្វកិច្ចរបស់យើង។”

សម្តេចបានលើកឡើងថា ចាប់ផ្តើមអាណត្តិថ្មីសិល្បករជាច្រើនបានមើលឃើញថា សមាគមមានភាពរឹងមាំ សាមគ្គីភាព និងមានរចនាសម្ព័ន្ធដឹកនាំ និងមានលទ្ធភាពអាចជួយគេ។ នៅក្នុងចំណុចនេះ មិនគួរគិតថាសមាគមសិល្បករខ្មែរ ជាសមាគមសប្បុរសធម៌ទេ។ សម្តេចបានផ្តល់អនុសាសន៍ឱ្យរកវិធីសាស្ត្រជួយពង្រឹងតួនាទីរបស់សិល្បករសម្រាប់រយៈពេលវែង ដូចជាជួយដល់ការបណ្តុះបណ្តាលកូនសិល្បករ ហើយនៅពេលរៀនចប់ជួយពួកគេក្នុងការរកការងារធ្វើ។ “យើងចង់បណ្តុះបណ្តាល កុំឱ្យសិល្បករខ្វះអ្នកបន្តវេន ឬ អ្នកទ្រទ្រង់ជំនាន់ក្រោយ។ សមាគមគួររៀបចំវគ្គបណ្តុះបណ្តាលខ្លីៗលើជំនាញនីមួយ រួមទាំងប្រធានបទក្រមសីលធម៌វិជ្ជាជីវៈ”។

ជាការទ្រទ្រង់ដល់សមាគម សម្តេចតេជោ បានអំពាវនាវដល់បណ្តាញផ្សព្វផ្សាយក្នុងស្រុក ឱ្យមានក្រុមផលិតផ្សព្វផ្សាយសកម្មភាពរបស់សមាគម រួមទាំង តាមវែបសាយ Youtube TikTok ...។ល។ ជាមួយគ្នានេះដែរ សម្តេចតេជោបានសម្រេចជួយឧបត្ថម្ភទ្រទ្រង់សមាគមសិល្បករខ្មែរ ចំនួន ១០ម៉ឺនដុល្លារអាមេរិកក្នុង១ឆ្នាំ ក្នុងរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៤នេះតទៅ។ ជាចុងក្រោយ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានជូនពរ អ្នកឧកញ៉ា ម៉ៅ ចំណាន និង សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមឱ្យមានសុខភាពល្អ និងជោគជ័យជាបន្តបន្ទាប់ទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក