អារ៉ាប៊ីសាអូឌីត៖ កីឡាករ Cristiano Ronaldo បានបំបែកកំណត់ត្រាក្លាយជាកីឡាកររកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេបំផុតក្នុងមួយរដូវកាលនៃក្របខណ្ឌលីគកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League អំឡុងការរកគ្រាប់បាល់ទី៣៤ និង ៣៥ ក្នុងការប្រកួតចុងក្រោយនៃរដូវកាល ២០២៣/២៤។
នៅលើបណ្ដាញសង្គម X កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះបង្ហោះសារយ៉ាងដូច្នេះថា៖ "I don't follow the records, the records follow me" ឬមានន័យថាភាសាខ្មែរថា "ខ្ញុំមិនតាមកំណត់ត្រាឡើយ ប៉ុន្តែកំណត់ត្រានៅតែមកតាមខ្ញុំ"។
គួរឱ្យដឹងថា Cristiano Ronaldo កាលពីយប់មិញបានរកគ្រាប់បាល់បញ្ចូលទី ២គ្រាប់ក្នុងការប្រកួតទល់នឹងក្លិបបាល់ទាត់ Al Ittihad ដែលធ្វើឱ្យរូបគេបំបែកកំណត់ត្រាក្លាយជាកីឡាកររកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេបំផុតក្នុងមួយរដូវកាល ពោលគឺកំណត់ត្រានេះធ្លាប់បានកាន់កាប់ដោយកីឡាករសញ្ជាតិម៉ារ៉ុក Abderrazak Hamdallah របស់ក្លិប Al Ittihad កាលពីរដូវកាល ២០១៨/១៩។
យ៉ាងណាក្ដី ក្លិបបាល់ទាត់ Al Nassr បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ២ ប៉ុណ្ណោះក្នុងរដូវកាល ២០២៣/២៤ នៃក្របខណ្ឌ Saudi Pro League ដាច់ពីក្រុមជើងឯក Al Hilal រហូតដល់ ១៤ពិន្ទុ។ គួររំឮកថា Ronaldo បានចូលរួមជាមួយក្លិប Al Nassr កាលពីឆ្នាំ២០២២ ខណៈវត្តមានរបស់អតីតកីឡាករ Real Madrid និង Manchester United រូបនេះ ហាក់ជាការបើកផ្លូវដល់កីឡាករល្បីៗច្រើនមកប្រកបអាជីព និងទទួលបានកម្រៃឈ្នួលកប់ពពកនៅលើទឹកដីអារ៉ាប៊ីសាអូឌីត៕