ប៉េរូ៖ ការិយាល័យគណៈមេធាវីកាលពីថ្ងៃច័ន្ទបានបង្ហាញនូវឯកសារដែលជាភស្តុតាងទាក់ទងនឹងបណ្ដឹងប្រឆាំងទៅនឹងលោកស្រីប្រធានាធិបតី Dina Boluarte ទាក់ទងទៅនឹងរឿងអាស្រូវធំៗមួយចំនួន ក៏ដូចជាការប្រើប្រាស់នូវសម្ភារៈប្រណិតៗជាច្រើនផ្សេងទៀត ដែលនឹងអាចនាំឱ្យមាននីតិវិធីនៃការដកលោកស្រីចេញពីតំណែងមេដឹកនាំប្រទេស។ គួរឱ្យដឹងថា ប្រជាប្រិយភាពនៃប្រធានាធិបតីជាស្រ្តីវ័យ ៦២ឆ្នាំរូបនេះត្រូវបានគេស្ទង់មតិឃើញថាមានការធ្លាក់ចុះជាបន្តបន្ទាប់មួយរយៈពេលចុងក្រោយ។
គួរឱ្យដឹងថា ពាក្យបណ្ដឹងដែលធ្វើឡើងប្រឆាំងនឹងប្រធានាធិបតីរូបនេះពាក់ព័ន្ធនឹងការចោទប្រកាន់ថាលោកស្រីមានទទួលសំណូកសូកប៉ាន់ ហើយប្រសិនបើសភាជាតិប៉េរូមានចំណាត់ការទៅលើរឿងក្ដីនេះ វានឹងអាចនាំឱ្យលោកស្រីត្រូវបណ្តេញឱ្យលាលែងពីតំណែងផងដែរ។ ថ្មីៗនេះ ឆាកនយោបាយក្នុងប្រទេសប៉េរូមានភាពរង្គោះរង្គើរជាខ្លាំង ហើយជាធម្មតាសមាជិកសភាគឺជាអ្នកមានតួនាទីសំខាន់នៅក្នុងដំណើរការដកតំណែងរបស់ប្រធានាធិបតី។
សូមរំឮកថា លោកស្រី Dina Boluarte ដែលធ្លាប់កាន់តំណែងជាអនុប្រធានាធិបតីប៉េរូ ថ្មីៗនេះបានប្រឈមនឹងសំណួរដេញដោលជាច្រើនពីអ្នកកាសែត និងសាធារណជន ក៏ដូចជាការឆ្មក់ចូលផ្ទះពីសមត្ថកិច្ច ទាក់ទងទៅនឹងការប្រើប្រាស់ជីវិតស៊ីវិល័យខុសពីអ្វីដែលទទួលបានក្នុងតំណែងជាប្រធានាធិបតី។ យ៉ាងណាក្ដី លោកស្រី Dina Boluarte ធ្លាប់បានចេញមុខច្រានចោល និងបដិសេធរួចមកហើយថាលោកស្រីពុំបានប្រព្រឹត្តអំពើអ្វីខុសច្បាប់នោះឡើយ។
គួរបញ្ជាក់ផងដែរថា បណ្ដឹងថ្មីនេះគឺជាបណ្ដឹងតាមផ្លូវធម្មនុញ្ញជាលើកទីពីរហើយទៅលើលោកស្រី Dina Boluarte អំឡុងពេលដែលលោកស្រីកាន់តំណែងជាប្រធានាធិបតីក្នុងអាណត្តិមិនដល់ ២ឆ្នាំផង។ ជាក់ស្ដែង កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ប្រធានគណៈមេធាវីប៉េរូបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងប្រធានាធិបតីជុំវិញវិធានការដោះស្រាយ និងបង្ក្រាបភាពចលាចលរបស់លោកស្រីយ៉ាងចាស់ដៃទៅលើសកម្មភាពតវ៉ាចំពោះការបណ្តេញអតីតប្រធានាធិបតី Pedro Castillo ចេញពីតំណែង៕