អន្តរជាតិ៖ អ៊ីស្រាអែលកំពុងប្រឈមនឹងការថ្កោលទោសជាអន្តរជាតិ ក្រោយហេតុការណ៍វាយប្រហារថ្មីមួយទៀតដែលមន្រ្តីក្នុងតំបន់ហ្គាហ្សាអះអាងថាបានបណ្ដាលឱ្យមនុស្ស ៤៥នាក់ ជាពិសេសគឺការវាយប្រហារទៅលើទីតាំងតង់ជម្រកស្នាក់នៅរបស់ជនភៀសខ្លួននៅក្នុងទីក្រុងរ៉ាហ្វា (Rafah)។
គួរឱ្យដឹងថា ស្ថានភាពនៅក្នុងទីក្រុងរ៉ាហ្វា និងជារួមតំបន់ហ្គាហ្សាទាំងមូលហាក់កាន់តែមានភាពតានតឹងខ្លាំងឡើងចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននាដើមខែឧសភានេះ ស្របពេលដែលយោធាអ៊ីស្រាអែល និងអេហ្ស៊ីបបានរាយការណ៍ពី "ឧប្បត្តិហេតុបាញ់ប្រហារ" មួយកាលពីថ្ងៃចន្ទ ដែលបានសម្លាប់ឆ្មាំយាមព្រំដែនរបស់អេហ្ស៊ីបម្នាក់នៅតំបន់ព្រំដែនរវាងអេហ្ស៊ីប និងភាគខាងត្បូងតំបន់ហ្គាហ្សា។ ហេតុការណ៍នេះត្រូវបានកងកម្លាំងនៃប្រទេសទាំងពីរអះអាងថាកំពុងស្ថិតក្នុងការស៊ើបអង្កេត។
យោធាអ៊ីស្រាអែលបញ្ជាក់ថា ការវាយប្រហារកាលពីល្ងាចថ្ងៃអាទិត្យនៅទីក្រុងរ៉ាហ្វា (Rafah) បានកំណត់គោលដៅ និងសម្លាប់ប្រតិបត្តិករជាន់ខ្ពស់របស់ហាម៉ាសពីរនាក់ ប៉ុន្តែប្រតិបត្តិការវាយប្រហារនេះបានបង្កឱ្យមានការផ្ទុះនូវកំហឹង និងការថ្កោលទោសពីប៉ាឡេស្ទីន និងបណ្ដាប្រទេសអារ៉ាប់ជាច្រើនផ្សេងទៀតដែលចាត់ទុកថាវាជាសកម្មភាពសម្លាប់រង្គាល។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកធ្លាប់បានបញ្ជាក់ដោយសង្កត់ធ្ងន់ថា "អ៊ីស្រាអែលត្រូវតែចាត់វិធានការប្រុងប្រយ័ត្នគ្រប់បែបយ៉ាង ដើម្បីការពារលើជនស៊ីវិល"។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានបង្ហោះសារមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា "គ្មានកន្លែងណាមួយដែលជាទីតាំងមានសុវត្ថិភាពឡើយនៅក្នុងតំបន់ហ្គាហ្សា ហើយភាពតក់ស្លុត និងរន្ធត់នេះគួរតែត្រូវបានបញ្ឈប់។" ខណៈប្រភពមួយចំនួនបានបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិនឹងកោះប្រជុំបន្ទាន់មួយនៅថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែលនេះ។ ដោយឡែក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា រដ្ឋាភិបាលកំពុងស៊ើបអង្កេតលើគ្រោះថ្នាក់ដែលសោកនាដកម្មនេះ ដែលលោកបានអះអាងចំពោះមុខសភាថា អ៊ីស្រាអែលបានព្យាយាមយ៉ាងអស់ពីលទ្ធភាពដើម្បីកុំឱ្យមានការប៉ះពាល់ទៅលើជនស៊ីវិល។
គួរឱ្យដឹងថា អ៊ីស្រាអែលបានបើកការវាយប្រហារលើក្រុង Rafah សាជាថ្មីកាលពីយប់ថ្ងៃអាទិត្យ ពោលគឺប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពេលដែលក្រុមសកម្មប្រយុទ្ធហាម៉ាសបានបាញ់គ្រាប់រ៉ុក្កែតសំដៅទៅកាន់រដ្ឋធានី Tel Aviv ដែលភាគច្រើនត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារគ្រាប់រ៉ុក្កែតរបស់អ៊៊ីស្រាអែល។ ជាការឆ្លើយតប កងទ័ពអ៊ីស្រាអែលបានប្រើប្រាស់យន្តហោះវាយប្រហារបរិវេណដែលជាមូលដ្ឋានរបស់ក្រុមហាម៉ាស់នៅក្នុងទីក្រុង Rafah ដែលបានសម្លាប់មេដឹកនាំសំខាន់នៃក្រុមហាម៉ាសចំនួន ២នាក់គឺលោកYassin Rabia និងលោក Khaled Nagar៕