រាជធានីភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទបានអះអាងថា សមយុទ្ធកងទ័ពជើងទឹករវាងកម្ពុជានិងចិននាពេលនេះមិនមែនជាការគំរាមកំហែងដល់ប្រទេសណានោះឡើយ ដែលការធ្វើនេះគឺដើម្បីជាការផ្លាស់ប្តូរបទពិសោធន៍ពីរគ្នាទៅវិញទៅមក ក្នុងគោលបំណងបង្កើនសមត្ថភាពកងទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសគឺការប្រយុទ្ធប្រឆាំងភេរវកម្មតាមលំហសមុទ្រ។
ការលើកឡើងរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ នេះគឺបានធ្វើឡើងក្នុងពិធីបិទសមយុទ្ធជើងទឹក «នាគមាស-ឆ្នាំ២០២៤» ក្រោយធ្វើសមយុទ្ធរួមគ្នានៅលើលំហរសមុទ្រកម្ពុជារវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹករបស់ចិន អស់រយៈពេល១២ថ្ងៃ ក្រោមប្រធានបទ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករដែលចាប់ជំរឹតនាវាដឹកទំនិញ» នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា «សមយុទ្ធជើងទឹកនាគមាសឆ្នាំ២០២៤នេះ ធ្វើឡើងក្នុងគោលបំណងពង្រីកការទំនាក់ទំនងគ្នា ការពង្រឹងសមត្ថភាពយោធា និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ហើយសមយុទ្ធជើងទឹកនាគមាសឆ្នាំ២០២៤នេះ ដែរមិនមានការគំរាមកំហែងដល់ប្រទេសណាឡើយ»។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានផ្តល់ការណែនាំមួយចំនួនដល់នាវឹកកម្ពុជា-ចិន ដែលជាសិក្ខាកាមត្រូវបន្តយកចិត្តទុកដាក់សហការគ្នាលើគ្រប់វិស័យ និងផ្លាស់ប្តូរបទពិសោធន៍ពីរគ្នាទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពជំនាញជាពិសេសបច្ចេកវិទ្យាយោធាដែលមានការវិវត្តយ៉ាងលឿននាពេលបច្ចុប្បន្ននេះ និងត្រូវប្រជុំផ្លាស់ប្តូរបទពិសោធន៍ក្នុងការធ្វើសមយុទ្ធជើងទឹកនាគមាសឆ្នាំ២០២៤លើកទី១នេះ ដើម្បីដកពិសោធន៍ និងដាក់ចេញទិសដៅបន្តទៀត។ មួយវិញទៀត ត្រូវបន្តលើកកម្ពស់សាមគ្គីភាពមិត្តភាព និងសហប្រតិបត្តិការតាមយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងកងទ័ពទាំងពីរដែលបានដាក់ចេញ ដើម្បីកសាងសហការតែមួយ និងជោគវាសនាតែមួយ។
នៅក្នុងឱកាសបិទសមយុទ្ធជើងទឹកនាគមាសឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានលើកឡើងផងដែរថា ក្នុងនាមក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងគណៈកម្មការដឹកនាំសមយុទ្ធ និងលំហាត់របស់កងយោធពលខេមរភូមិន្ទ សូមកោតសរសើរចំពោះកងទ័ពទាំងពីរ ដែលចូលរួមធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៤ និងក្រុមការងារដឹកនាំសមយុទ្ធរបស់កងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន ដែលបានខិតខំរៀបចំនិងដឹកនាំសមយុទ្ធកងទ័ពជើងទឹកនៃប្រទេសទាំងពីររហូតទទួលបានជោគជ័យតាមផែនការ។
លោកនាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណនិងកោតសរសើរចំពោះបញ្ជាការដ្ឋានកងទ័ពជើងទឹក បញ្ជាការដ្ឋានការពារកោះឆ្នេរមូលដ្ឋានសមុទ្ររាម និងនាយនាវី នាយនាវីរង និងពលនាវិកទាំងអស់ ដែលបានខិតខំអនុវត្តតាមតួនាទីភារកិច្ចក្នុងពេលសមយុទ្ធនាគមាសឆ្នាំ២០២៤នេះ ដែលធ្វើឲ្យសមយុទ្ធជើងទឹកនាគមាសឆ្នាំ២០២៤លើកទី១ ទទួលបានជោគជ័យ និងធានាបានសុវត្តិភាព។
លោកនាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តព្រះសីហនុ អាជ្ញាធរផែនដីគ្រប់ លំដាប់ថ្នាក់ និងសមត្ថកិច្ចទាំងអស់ដែលបានសហការ និងបង្កលក្ខណៈគ្រប់បែបយ៉ាងដែលធ្វើឱ្យសមយុទ្ធនាគមាសឆ្នាំ២០២៤ សម្រេចបានជោគជ័យតាមកម្មវិធីផងដែរ៕