ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកស្រី ចម និម្មល ប្រកាសពីការរៀបចំវិធានការក្នុងការជំរុញការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈក្រុមហ៊ុនទំនិញអនឡាញដ៏ធំរបស់ចិន Alibaba.com។ លោកស្រីប្រកាសបែបនេះក្នុងសិក្ខាសាលាមួយនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។
ថ្លែងក្នុងសិក្ខាសាលា «លើសពីទីផ្សារកមក្ពុជា៖ ការនាំយកផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈក្រុមហ៊ុន Alibaba.com» លោកស្រីរដ្ឋមន្ត្រី ចម និម្មល បានឱ្យដឹងថាបច្ចុប្បន្នមានក្រុមហ៊ុនកម្ពុជាចំនួន១០បានដាក់លក់ផលិតផលរបស់ខ្លួននៅលើគេហទំព័ររបស់ Alibaba រួចហើយ និងសង្ឃឹមថានឹងកើនឡើងជាបន្តបន្ទាប់ទៀត។ លោកស្រីបានបង្ហាញពីការតាំងចិត្តក្នុងការនាំផលិតផលជាតិទៅកាន់ទីផ្សារអន្តរជាតិឱ្យបានកាន់តែច្រើនថែមទៀតតាមរយៈគេហទំព័រនេះ។
លោកស្រីថា៖ «យើងមានមហិចិ្ចតាវែងឆ្ងាយបន្ដិចគឺថាក្នុងប៉ុន្មានខែខាងមុខយ៉ាងច្រើនត្រឹម២ខែខាងមុខយើងអាចគុណមួយជា២ ហើយរហូតដល់ខែ៩នៅពេលយើងផុសនូវថ្នាលរបស់យើងនៅតាម Alibaba.comនេះយើងនឹងមានលទ្ធភាពឱ្យវាកាន់តែគុណជា២០ ឬ៣០ទៀត។ អ៊ីចឹងជឿជាក់ថាមហិច្ចតារបស់ខ្ញុំនេះជាមួយគ្នានឹងក្រសួងពាណិជ្ជកម្មមិនខុសគ្នាពីវិស័យឯកជនទេគឺពិតជាមានក្នុងគោលបំណងឆន្ទះដូចគ្នាធ្វើហើយធ្វើឱ្យបានជោគជ័យទាំងអស់គ្នា»។
ក្រសួងពាណិជ្ជកម្មកម្ពុជាបានចុះអនុស្សារណយោគយល់ MOU ជាមួយក្រុមហ៊ុនលក់ទំនិញអនឡាយដ៏ធំរបស់ចិន Alibaba កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ដោយមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាសាក្សីផងដែរ។
ប្រធានផ្នែកកិច្ចការអន្តរជាតិ និងពាណិជ្ជកម្មឌីជីថលនៃក្រុមហ៊ុន Alibaba កញ្ញា Jiali Pan បានលើកឡើងថាបានថ្លែងអំណរគុណដល់ក្រសួងពាណិជ្ជកម្មកម្ពុជាដែលបានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការនេះឡើង ហើយបានបញ្ជាក់ថាការដាក់ផលិតកម្ពុជានៅលើ Alibaba គឺលើសពីការនាំចេញដោយវានឹងជួយបង្ហាញផលិតផលដែលស្លាក Made in Cambodia ទៅឱ្យអន្តរជាតិកាន់តែទទួលស្គាល់។ លើសពីនេះកិច្ចសហការនេះក៏នឹងជួយដល់សហគ្រាសធុនតូចនិងមធ្យមរបស់កម្ពុជា ជួយជំរុញដល់ការច្នៃប្រឌិត និងការអភិវឌ្ឍពាណិជ្ជកម្មឌីជីលថលរបស់កម្ពុជាផងដែរ។
កញ្ញាថា៖ «ដូច្នេះថ្ងៃនេះសូមឲ្យយើងចាប់ដៃគ្នាចាប់ផ្តើមជំពូកថ្មីដ៏គួរឱ្យរំភើបជាមួយគ្នា កសាងនិងបោះជំហានពាណិជ្ជកម្មកម្ពុជាទៅកាន់អនាគតដ៏ត្រចះត្រចង់ ពួកយើងនឹងអាចបំភ្លឺជំពូកថ្មីនៃកិច្ចសហប្រតិបត្តិការជោគជ័យនេះ»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលោក តាន់ មុនីវណ្ណ បានថ្លែងថាការនាំចេញផលិតផលក្នុងស្រុកទៅកាន់ទីផ្សារអន្តរជាតិគឺមានសារសំខាន់ណាស់ដោយបានលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនលូតលាស់ ជំរុញការនាំចេញ និងការប្រកួតប្រជែងជាមួយផលិតផលប្រទេសជិតខាង។
លោកក៏បានជំរុញឱ្យវិស័យឯកជននៅកម្ពុជាចាប់យកឱកាសនេះបដិវត្តន៍ឧស្សាហកម្មធ្វើយ៉ាងណាទាញយកប្រយោជន៍ឱ្យបានខ្ពស់ពីបច្ចេកវិទ្យា។
គួរឱ្យដឹងផងដែរថាកម្ពុជាបានចាប់ផ្ដើមអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មតាមអេឡិចត្រូនិកក្នុងឆ្នាំ២០១៧ ដោយមានការគាំទ្រពី UNCTAD ជាមួយគ្នានេះកម្ពុជាមានគម្រោងយុទ្ធសាស្ត្រជាតិមួយដែលមានឈ្មោះថា គម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (Go4eCAM) និងការបង្កើតផ្សារពាណិជ្ជកម្មខេមបូឌាត្រេដ (Cambodiateade.com) ក៏ត្រូវបានបង្កើតដើម្បីជំរុញការនាំចេញផលិតផលខ្មែរ និងផ្ដល់ឱកាសដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការទាញយកប្រយោជន៍ពីការធ្វើពាណិច្ជកម្មតាប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល។
សម្រាប់ក្របខណ្ឌច្បាប់ក្រសួងពាណិជ្ជកម្មបានរៀបចំច្បាប់មួយចំនួនដូចជា ច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្ដីពីការប្រកួតប្រជែង និងការចូលរួមក្នងការចរចារបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ដើម្បីពង្រីកសក្ដានុពលពាណិជ្ជកម្ម និងការបើកច្រកទីផ្សារទៅកាន់អន្តរជាតិផងដែរ។
បើតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបន្ទាប់ពីសិក្ខាសាលាថ្ងៃនេះក្រសួងក៏នឹងមានរៀបចំសិក្ខាសាលានៅរថា្នក់ក្រោមជាតិចំនួន៥ដងទៀត ដើម្បីជំរុញអាជីវករកម្ពុជាចូលរួមក្នុងថ្នាលពាណិជ្ជកម្មអនឡាញ Alibaba នេះ៕