លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

ពានរង្វាន់ Copa America នឹងមានអាជ្ញាកណ្ដាលជាស្រ្តីលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន

កីឡា៖ ព្រឹត្តិការណ៍បាល់ទាត់ Copa America ២០២៤ ដែលនឹងធ្វើឡើងនៅខែមិថុនាខាងមុខ នឹងក្លាយទៅជាព្រឹត្តិការណ៍បាល់ទាត់បុរសប្រចាំទ្វីបអាមេរិកលើកដំបូងបង្អស់ដែលមានអាជ្ញាកណ្តាលជាស្ត្រីចូលរួមកាត់សេចក្ដីក្នុងការប្រកួត។ នេះបើតាមការបញ្ជាក់របស់សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) បានឱ្យដឹងកាលពីថ្ងៃសុក្រ។ 

គួរបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់ Copa America ២០២៤ គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែមិថុនា និងបញ្ចប់នៅថ្ងៃទី១៤ ខែកក្កដា ដែលសហរដ្ឋអាមេរិកទទួលស្វាគមន៍ធ្វើជាម្ចាស់ផ្ទះ ខណៈអាជ្ញាកណ្ដាលដែលនឹងចូលរួមកាត់សេចក្ដីក្នុងការប្រកួតមានចំនួន ១០១នាក់ ដែលក្នុងនោះមាន ៨នាក់ជាស្រ្តី។ បើតាមទិន្នន័យ អាជ្ញាកណ្ដាល Edina Alves ជនជាតិប្រេស៊ីល និងអាជ្ញាកណ្ដាល Maria Victoria Penso ជនជាតិអាមេរិកនឹងជាអាជ្ញាកណ្ដាលក្នុងទីលានប្រកួត ខណៈអាជ្ញាកណ្ដាល Tatiana Guzman ជនជាតិនីការ៉ាហ្គ័រ នឹងជាអាជ្ញាកណ្ដាល VAR។

ដោយឡែក អាជ្ញាកណ្ដាលជាស្រ្តីចំនួន ៥រូបទៀតរួមមាន អាជ្ញាកណ្ដាល Neuza Back ជនជាតិប្រេស៊ីល, Mary Blanco ជនជាតិកូឡុំប៊ី, Migdalia Rodriguez ជនជាតិវេណេហ្ស៊ុយអេឡា, Brooke Mayo និង Kathryn Nesbitt ជាជនជាតិអាមេរិក ដែលអ្នកទាំង ៥ គឺជាមន្រ្តីជំនួយការអាជ្ញាកណ្ដាលក្នុងការប្រកួត។ 

នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ CONMEBOL បញ្ជាក់ថា "នេះគឺជាការប្តេជ្ញាចិត្តដ៏សំខាន់របស់ CONMEBOL ចាប់តាំងពីឆ្នាំ២០១៦។ យើងប្តេជ្ញាផ្តោតលើការអភិវឌ្ឍន៍ និងវិជ្ជាជីវៈរបស់ស្ត្រីកាន់តែច្រើនឡើងទាំងក្នុង និងក្រៅទីលាន និងការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងការប្រកួតផ្សេងៗ"។

គួរឱ្យដឹងផងដែរថា អ្នកនាង Edina Alves គឺជាអាជ្ញាកណ្ដាលស្រ្តីដំបូងគេបង្អស់ដែលត្រូវបានជ្រើសរើសឱ្យកាត់សេចក្ដីក្នុងការប្រកួតពានរង្វាន់បាល់ទាត់បុរស FIFA Club World Cup កាលពីឆ្នាំ២០២១។​ ដោយឡែក អាជ្ញាកណ្ដាល Neuza Back និង Kathryn Nesbitt ក៏បានចូលរួមជាអាជ្ញាកណ្ដាលក្នុងព្រឹត្តិការណ៍បាល់ទាត់បុរសជើងឯកពិភពលោក FIFA World Cup ២០២២ នៅឯប្រទេសកាតាផងដែរ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក