ភ្នំពេញ៖ អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន លោក Shohrat Zakir បានមករាជធានីភ្នំពេញ និងបានអញ្ញើញសម្ដេចតេជោធ្វើទស្សនកិច្ចនៅប្រទេសចិនក្នុងពេលសមស្របណាមួយក្នុងពេលខាងមុខ។
ការអញ្ជើញនេះធ្វើឡើងក្នុងពេលពេលលោកចូលជួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នៅវិមានព្រឹទ្ធសភា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។
ក្នុងជំនួបនេះ លោក Shohrat Zakir បានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា-ចិន បានប្រឈមនឹងកាលានុវត្តភាពថ្មី ជាមួយស្ថានការណ៍ភូមិសាស្ត្រនយោបាយ ដែលប្រទេសទាំងពីរត្រូវសហការជាមួយគ្នាដើម្បីកសាងសហគមន៍វាសនារួមគ្នា។
លោកបានបញ្ជាក់ថា កន្លងមកនេះភាគីចិនតែងតែស្វាគមន៍ព្រះរាជវត្តមានរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចម៉ែព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ យាងពិនិត្យព្រះរាជសុខភាពជាទៀងទាត់ និងព្រះរាជទស្សនកិច្ចផ្សេងៗ នៅប្រទេសចិន ហើយចិនក៏នឹងត្រៀមរៀបចំទទួលស្វាគមន៍វត្តមាន សម្ដេចតេជោ ប្រធានព្រឹទ្ធសភា អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិនតាមពេលវេលាសមស្របនាពេលខាងមុខនេះផងដែរ។
លោកថា៖ «ភាគីចិននិងប្ដេជ្ញាសហការជាមួយកម្ពុជាក្នុងការធ្វើទំនើបកម្ម និងសហប្រតិបត្តិការយ៉ាងជិតស្និត ការពារអធិបតេយ្យ និងសន្តិសុខរបស់ប្រទេសទាំងពីរ។ ភាគីចិនក៏នឹងខិតខំធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ការធ្វើទំនើបកម្មច្នៃប្រឌិត និងការចែករំលែកបទពិសោធន៍ ជាមួយកម្ពុជា លើគ្រប់វិស័យជាច្រើនទៀត»។
លោកបន្ថែមថា ភាគីចិននិងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ខិតខំជំរុញការនាំចូលផលិតផលកសិកម្មពីកម្ពុជា ជំរុញការអភិវឌ្ឍន៍ច្រករបៀងមច្ឆា និងអង្ករ ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការក្នុងការធ្វើទំនើបកម្មផ្លូវថ្នល់ ផ្លូវដែក អគ្គិសនី ប្រព្រឹត្តិកម្មទឹកកខ្វក់ជាដើម។ ក្នុងនោះប្រទេសទាំងពីរ នឹងជំរុញការផ្លាស់ប្ដូរ ប្រជាជន និងប្រជាជនដោយសារឆ្នាំនេះជាឆ្នាំដែលប្រទេសទាំងពីរបានកំណត់ ជាពិសេសជំរុញ វិស័យទេសចរណ៍រវាងទាំងពីរ។ ក្នុងនោះប្រទេសទាំងពីរ ក៏នឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ហ្គេមតាមអនឡាញ ការជួញដូរមនុស្ស និងការផ្សព្វផ្សាយព័ត៌មានវិជ្ជមានជាដើម។
សម្ដេចតេជោបានអរគុណចំពោះការអញ្ជើញសម្ដេចទៅបំពេញទស្សនកិច្ចនៅប្រទេសចិន នឹងបានលើកពីកិច្ចសហប្រតិបត្តិការ ជាពិសេសការជំរុញកិច្ចសហប្រតិបត្តិការច្រករបៀង ឧស្សាហកម្ម និងបច្ចេកវិទ្យា ច្រករបៀងមច្ឆា និងអង្ករ។ល។ ហើយរាល់កិច្ចសហប្រតិបត្តិការទាំងអស់បានផ្ដល់ប្រយោជន៍ដល់កម្ពុជាយ៉ាងច្រើន។ សម្ដេចក៏បានសុំឲ្យមិត្តចិនមើលមកកម្ពុជាជាមិត្តដែលគួរឲ្យទុកចិត្ត។
សម្ដេចបានមានប្រសាសន៍បន្តថា៖ «មិត្តចិនអាចទទួលការពិតមួយហើយ គឺការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីថ្មី ពុំមានការផ្លាស់ប្ដូរគោលជំហក្នុងទំនាក់ទំនងជាមួយចិនទេ»។
សម្ដេចតេជោបញ្ជាក់ដោយសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កំពុងតែខិតខំពង្រឹងទំនាក់ទំនងដែលមានស្រាប់ ឲ្យកាន់តែរឹងមាំថែមទៀតជាមួយនឹងគំនិតថ្មីៗ ដើម្បីធ្វើឲ្យទំនាក់ទំនងនេះ កាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត និងបានសម្ដែងនូវការអរគុណចំពោះមិត្តចិន ដែលបានជួយឲ្យកម្ពុជាអាចទប់ទល់នឹងជំងឺនេះបានប្រកបដោយភាពជោគជ័យ។ សម្ដេចបន្តថា កិច្ចសហប្រតិបត្តិការប្រឆាំងកូវីដ១៩នេះ ពិតជាមានតម្លៃសំខាន់ណាស់សម្រាប់កិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន៕