
កម្ពុជាស្នើជប៉ុនឱ្យពន្លឿនការអនុវត្តគម្រោងលើកកម្ពស់កំពង់ផែក្រុងព្រះសីហនុ ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ច
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល បានសំណូមពរដល់ភាគីជប៉ុនឱ្យពន្លឿនការអនុវត្តគម្រោងលើកកម្ពស់កំពង់ផែក្រុងព្រះសីហនុ ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចកម្ពុជា។
លោក ស៊ុន ចាន់ថុល ស្នើដូចនេះក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Saito TETSUO រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសសន្និសីទអន្តរជាតិលើកទី២៩ ស្ដីពី "អនាគតរបស់អាស៊ី"។
ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណទៅកាន់មិត្តជប៉ុនដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការកសាងសង្គមសេដ្ឋកិច្ចកម្ពុជា និងការចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។
លោក ស៊ុន ចាន់ថុល បញ្ជាក់ថា ជាក់ស្តែងនៅដើមអាណត្តិទី៧នេះផងដែរ រាជរដ្ឋាភិបាលបានធ្វើការសម្ពោធ និងបើកការដ្ឋានដែលជាជំនួយរបស់មិត្តជប៉ុនជាបន្តបន្ទាប់រួមមាន ផ្លូវជាតិលេខ៥ ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក និងគម្រោងបើកការដ្ឋានលើកកម្ពស់កំពង់ផែក្រុងព្រះសីហនុដំណាក់កាលទី២ ជំហានទី១។
ឆ្លៀតក្នុងឱកាសនោះ លោកបានសំណូមពរឱ្យភាគីជប៉ុនជួយពន្លឿនការអនុវត្តគម្រោងលើកកម្ពស់កំពង់ផែក្រុងព្រះសីហនុឱ្យបានទាន់ពេលវេលា និងជំរុញគម្រោងការសិក្សាធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុក្លាយជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីកនៅឆ្នាំ២០៥០ ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចកម្ពុជា។
ជាការឆ្លើយតប លោក Saito TETSUO បានបង្ហាញនូវការតាំងចិត្តយ៉ាងមុតមាំនឹងជំរុញឱ្យភាគីពាក់ព័ន្ធ ពន្លឿនការអនុវត្តគម្រោងលើកកម្ពស់កំពង់ផែស្វយ័តក្រុងព្រះសីហនុនេះឱ្យបានកាន់តែឆាប់រហ័សដើម្បីធានាបានថាគម្រោងការនេះនឹងអាចបញ្ចប់តាមផែនការដែលបានគ្រោងទុក។
បន្ថែមពីនេះ លោកក៏បានបង្ហាញនូវការតាំងចិត្តថា នឹងស្នើឱ្យភាគីពាក់ព័ន្ធពិនិត្យលើសំណើគម្រោងសិក្សាផែនការមេធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុក្លាយជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីកនៅឆ្នាំ២០៥០ ឱ្យបានកាន់តែឆាប់រហ័ស សំដៅអាចឱ្យការសិក្សាគម្រោងនេះអាចចាប់ផ្តើមនាពេលដ៏ខ្លីខាងមុខនេះ៕