អន្តរជាតិ៖ កងកម្លាំងយោធានៃកោះតៃវ៉ាន់បានចាប់ផ្តើមចល័តកងកម្លាំងរបស់ខ្លួន ដោយបញ្ជាក់ជាមួយទំនុកចិត្តយ៉ាងមុតមាំថាអាចការពារដែនដីរបស់ខ្លួនបាន បន្ទាប់ពីចិនបានចាប់ផ្តើមសមយុទ្ធ "ដាក់ទណ្ឌកម្ម" រយៈពេលពីរថ្ងៃជុំវិញកោះតៃវ៉ាន់នៅថ្ងៃទី២៣ ខែឧសភានេះ ជាសកម្មភាពដែលចិនបានអះអាងថាជាការឆ្លើយតបចំពោះទង្វើប៉ុនប៉ងផ្តាច់ខ្លួនរបស់កោះតៃវ៉ាន់។ សមយុទ្ធដែលធ្វើឡើងនៅច្រកសមុទ្រនៃកោះតៃវ៉ាន់ និងជុំវិញប្រជុំកោះដែលគ្រប់គ្រងដោយកោះតៃវ៉ាន់ ដែលស្ថិតនៅជាប់នឹងឆ្នេរសមុទ្រចិន បានកើតឡើងត្រឹមតែបីថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Lai Ching-te បានស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់កោះតៃវ៉ាន់ ដែលលោកត្រូវបានរដ្ឋាភិបាលចិនអះអាងថាជាមេដឹកនាំដែលព្យាយាមប្រកាសផ្តាច់ខ្លួនពីក្រោមការគ្រប់គ្រងរបស់ចិន។
ក្នុងសុន្ទរកថាដំបូងរបស់លោក Lai ក្រោយការស្បថចូលកាន់តំណែងជាប្រធានាធិបតីកាលពីថ្ងៃចន្ទបានអំពាវនាវឱ្យប្រទេសចិនបញ្ឈប់ការគំរាមកំហែងរបស់ខ្លួនមកលើកោះតៃវ៉ាន់ ខណៈកាលពីថ្ងៃអង្គារជាការឆ្លើយតបភ្លាមៗ រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បានចាត់ទុកការថ្លែងរបស់លោក Lai Ching-Te ថាជារឿងដែលគួរឱ្យអាម៉ាសបំផុតមួយ។ កន្លងមក រដ្ឋាភិបាលចិនតែងតែបើកផ្លូវចរចាជាមួយលោក Lai ម្តងហើយម្តងទៀត ប៉ុន្តែលោកបានបដិសេធដោយអះអាងថា អនាគតនៃកោះតៃវ៉ាន់គឺមានតែប្រជាជនខ្លួនឯងផ្ទាល់ប៉ុណ្ណោះជាអ្នកសម្រេច។
ទីបញ្ជាការភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន (PLA) បញ្ជាក់ថា សមយុទ្ធយោធារួមគ្នាបានចាប់ផ្តើមឡើងដោយមានការចូលរួមពីកងទ័ពជើងគោក, ជើងទឹក, កងទ័ពអាកាស និងកងកម្លាំងរ៉ុក្កែត នៅក្នុងតំបន់ជុំវិញកោះតៃវ៉ាន់ នៅវេលាម៉ោង ៧៖៤៥នាទីព្រឹក។ សមយុទ្ធនេះបានធ្វើឡើងនៅច្រកសមុទ្រកោះតៃវ៉ាន់ នៅភាគខាងជើង ភាគខាងត្បូង និងខាងកើតនៃកោះតៃវ៉ាន់ ក៏ដូចជាតំបន់ជុំវិញកោះ Kinmen, Matsu, Wuqiu និង Dongyin ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់កោះតៃវ៉ាន់។
ក្រសួងការពារជាតិនៃកោះតៃវ៉ាន់បានថ្កោលទោសសមយុទ្ធនេះដោយនិយាយថា ខ្លួនបានបញ្ជូនកងកម្លាំងទៅកាន់តំបន់ជុំវិញកោះនេះ ហើយមានទំនុកចិត្តយ៉ាងមុតមាំថាកងទ័ពរបស់ខ្លួនមានសមត្ថភាពគ្រប់គ្រាន់អាចការពារទឹកដីរបស់ខ្លួនបាន។ ក្រសួងការពារជាតិនៃកោះតៃវ៉ាន់ថ្លែងថា "ការចាប់ផ្តើមសមយុទ្ធយោធានៅពេលនេះមិនត្រឹមតែមិនចូលរួមក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងច្រកសមុទ្រកោះតៃវ៉ាន់ប៉ុណ្ណោះទេ ផ្ទុយទៅវិញវាក៏បានបង្ហាញអំពីចិត្តគំនិតយោធានិយមរបស់ចិនផងដែរ"។
មន្ត្រីជាន់ខ្ពស់នៃកោះតៃវ៉ាន់ម្នាក់ដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណបញ្ជាក់មកកាន់សារព័ត៌៌មានថា សមយុទ្ធនេះគឺជាផ្នែកមួយនៃសេណារីយ៉ូដែលកោះតៃវ៉ាន់បានគិតទុកជាមុនយូរមកហើយ ដោយលោកបញ្ជាក់ថារដ្ឋាភិបាលរបស់កោះនេះមាន "ការទទួលបានព័ត៌មានយ៉ាងទូលំទូលាយ" ទៅលើចលនានៃយោធារបស់ចិន៕