អេស្ប៉ាញ៖ ស្ថាប័នលីគកំពូលអេស្ប៉ាញ La Liga កំពុងសម្លឹងរកវិធានការផ្នែកច្បាប់ ដើម្បីការពារទៅលើក្លិបជាសមាជិក ក៏ដូចជាកីឡាករដែលជាសមាជិកក្លិបនីមួយៗ ទៅនិងប្រតិទិននៃការប្រកួតអន្តរជាតិនៃសហព័ន្ធបាល់ទាត់ទ្វីបអាមេរិកខាងត្បូង (CONMEBOL) ដែលត្រូវបានពន្យារពេល សម្រាប់ការប្រកួតរបស់បណ្តាសហព័ន្ធបាល់ទាត់នៃប្រទេសតំបន់អាមេរិកខាងត្បូងនេះ អំឡុងពេលបេសកកម្ម International Break នាខែកញ្ញា និងខែតុលាខាងមុខនេះ។
គួរឱ្យដឹងថា កាលពីខែសីហាកន្លងទៅ FIFA ធ្លាប់បានប្រកាសថា ការប្រកួតអន្តរជាតិដែលបានពន្យារពេលកាលពីខែមីនា ឆ្នាំ២០២១ កន្លងទៅ នឹងត្រូវលើកមកប្រកួតនាខែកញ្ញា និងខែតុលា ដែលជាពេលវេលា International Break ឬ FIFA Day។
ប្រសិនបើមានការសម្រេចបែបនេះ La Liga នឹងត្រូវអនុញ្ញាតឱ្យកីឡាករពីក្របខណ្ឌខ្លួន សម្រាកបន្ថែមពីរថ្ងៃបន្ថែមទៀត ដោយការប្រកួតអន្តរជាតិនឹងត្រូវបន្តរហូតដល់ថ្ងៃទី១០ ខែកញ្ញា ដែលផែនការនេះត្រូវបានក្លិបនៃក្របខណ្ឌ La Liga បានបដិសេធ។ ជាការពិតណាស់! ប្រសិនបើការប្រកួតបន្តដល់ថ្ងៃទី១០ ខែកញ្ញាមែននោះ ក្លិបធំៗទាំងបួនរបស់អេស្ប៉ាញនឹងត្រូវអវត្តមានកីឡាករសំខាន់ៗ ដែលជាក់ស្តែងក្លិបមានការប្រកួតលីគនៅថ្ងៃទី១១ និងថ្ងៃទី១២ ខែកញ្ញា មុននឹងបន្តប្រកួត Champions League នាថ្ងៃទី១៤ និងថ្ងៃទី១៥ ខែកញ្ញាបន្តទៀត។
ការរំពឹងចាត់វិធានការផ្លូវច្បាប់នេះបានកើតឡើង ក្រោយពីមានភាពមិនយល់ចិត្តគ្នារវាង FIFA ដែលមានលោក Gianni Infantino ជាប្រធាន និងលីគកំពូលទាំងពីរគឺ La Liga និង Premier League សុទ្ធតែបានបង្ហាញគោលជំហរមិនអនុញ្ញាតឱ្យកីឡាកររបស់ខ្លួនចូលរួមប្រកួតជាមួយក្រុមជម្រើសជាតិឡើយ ជាពិសេសគឺជាមួយក្រុមជម្រើសជាតិនៃប្រទេសស្ថិតក្នុងទ្វីបអាមេរិកខាងត្បូង។
លីគកំពូលអេស្ប៉ាញបានរៀបរាប់ថា បច្ចុប្បន្ននេះមានក្លិបជាសមាជិកចំនួន ១៣ ដែលត្រូវបានកោះហៅកីឡាករសរុប ២៥នាក់ឱ្យចូលរួមភារកិច្ចជម្រើសជាតិនៅទ្វីបអាមេរិកខាងត្បូង ប៉ុន្តែយ៉ាងណាក៏ដោយ យើងមិនអាចអនុញ្ញាតឱ្យកីឡាករទៅចូលរួមបានឡើយក្នុងស្ថានភាពជាក់ស្តែងដូចបច្ចុប្បន្ននេះ ខណៈស្ថាប័នបាល់ទាត់អេស្ប៉ាញមួយនេះនឹងរង់ចាំរហូតដល់មានដំណោះស្រាយជាក់លាក់ណាមួយកើតមានឡើង៕