កីឡា៖ លោក Pep Guardiola ត្រូវបានជ្រើសរើសជាគ្រូបង្វឹកល្អបំផុតប្រចាំឆ្នាំនៃក្របខណ្ឌ English Premier League បន្ទាប់ពីលោកទើបតែបានដឹកនាំក្រុម Manchester City ឱ្យក្លាយជាម្ចាស់ជើងឯកនៃពានរង្វាន់ Premier League ម្តងទៀតដែលជាការឈ្នះពានរង្វាន់លីគកំពូលអង់គ្លេសជាលើកទី៤ ជាប់គ្នាមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត។
គួរបញ្ជាក់ថា គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានទទួលពានរង្វាន់ខាងលើចំនួន ៤លើកហើយចាប់តាំងពីលោកមកចូលដឹកនាំក្លិប Manchester City កាលពីឆ្នាំ២០១៦ ជាក្លិបដែលលោកជួយឱ្យឈ្នះពានរង្វាន់ Premier League៦លើក និងក្លាយជាគ្រូបង្វឹកជោគជ័យបំផុតលំដាប់ទី២ ក្នុងប្រវត្តិសាស្រ្តបាល់ទាត់អង់គ្លេស។
ក្រោយជាប់ជាគ្រូបង្វឹកល្អបំផុតប្រចាំឆ្នាំ លោក Pep ថ្លែងថា៖ "ពានរង្វាន់នេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងឧត្តមភាពរបស់គ្រប់គ្នាទាំងអស់ក្នុងក្លិប Manchester City"។ លោកបន្តថា៖ "ខ្ញុំមានមោទនភាពណាស់ដែលបានធ្វើជាគ្រូបង្វឹករបស់កីឡាករនៃក្រុមនេះ និងរួមការងារជាមួយក្រុមការងារដ៏ឆ្នើម និងបុគ្គលិកល្អៗផ្សេងទៀតជារៀងរាល់ថ្ងៃ។ ការឈ្នះពានលីគកំពូលបួនលើកជាប់ៗគ្នានេះ គឺជាសមិទ្ធផលដ៏មានមោទនភាពបំផុតក្នុងអាជីពរបស់ខ្ញុំ នៅក្នុងលីគបាល់ទាត់ដែលមានការប្រកួតប្រជែងខ្លាំងបំផុតរបស់ពិភពលោកមួយនេះ"។
គួរបញ្ជាក់់ថា លោក Pep Guardiola ត្រូវបានជ្រើសរើសជាគ្រូបង្វឹកល្អបំផុតប្រចាំឆ្នាំនៃក្របខណ្ឌ English Premier League ដោយយកឈ្នះគ្រូបង្វឹកចំនួន ៤រូបផ្សេងទៀតរួមមាន គ្រូបង្វឹករបស់ Arsenal លោក Mikel Arteta, គ្រូបង្វឹករបស់ Aston Villa លោក Unai Emery, គ្រូបង្វឹករបស់ Bournemouth លោក Andoni Iraola និង គ្រូបង្វឹករបស់Liverpool លោក Juergen Klopp៕