វៀតណាម៖ សភាវៀតណាមបានជ្រើសរើសរដ្ឋមន្ត្រីនគរបាល លោក To Lam ឱ្យកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃទី២២ ខែឧសភានេះ ដែលការជ្រើសតាំងនេះត្រូវបានអ្នកវិភាគសម្លឹងឃើញថាជាជំហានមួយក្នុងការឆ្ពោះទៅរកតំណែងជាប្រធានបក្សកុម្មុយនិស្តវៀតណាម ដែលជាតំណែងកំពូលក្នុងប្រទេស។ ការបោះឆ្នោតជ្រើសតាំងតំណែងរបស់លោក Lam ធ្វើឡើងបន្ទាប់ពីការតែងតាំងកាលពីថ្ងៃចន្ទដោយរដ្ឋសភាវៀតណាមដែលមានប្រធានថ្មីគឺលោក Tran Thanh Man ដែលអាចចាត់ទុកថាជាការបញ្ចប់ភាពចលាចលផ្នែកនយោបាយរបស់វៀតណាមជាបណ្ដោះអាសន្ន ក្រោយថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួន ៣រូបទើបលាលែងពីតំណែងកាលពីពេលថ្មីៗ។
ស្របតាមនីតិវិធីនៃសភារបស់រដ្ឋឯកបក្សនេះ សមាជិកសភាបានបោះឆ្នោតជាឯកច្ឆ័ន្ទក្នុងការជ្រើសតាំងបេក្ខភាពលោក To Lam សម្រាប់តំណែងប្រធានាធិបតី ខណៈលោកគឺជាបេក្ខភាពឈរឈ្មោះតែម្នាក់គត់ដែលទទួលបានការតែងតាំងពីកុម្មុយនិស្តវៀតណាមកាលពីសប្តាហ៍មុន។ ក្នុងនាមជាមេដឹកនាំកំពូលនៃក្រសួងសន្តិសុខសាធារណៈ លោក Lam ដែលបច្ចុប្បន្នមានអាយុ ៦៦ឆ្នាំ គឺជាតួអង្គដ៏សំខាន់ម្នាក់នៅក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយដែលកំពុងធ្វើឡើងយ៉ាងកក្រើកទូទាំងប្រទេស ប៉ុន្តែក៏ត្រូវបានក្រុមអ្នករិះគន់លើកឡើងផងដែរថា វាគឺជាមធ្យោបាយក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមអ្នកប្រឆាំងនៅក្នុងប្រទេស។
គួរបញ្ជាក់ថា តំណែងប្រធានាធិបតីគឺជាបុគ្គលដែលមានអំំណាចធំបំផុតមួយក្នុងចំណោមបុគ្គលសំខាន់ៗចំនួន ៤ ឬត្រូវគេហៅថា "សសរស្តម្ភទាំងបួន" ដែលក្នុងនោះរួមមានប្រធានាធិបតី, ប្រធានបក្ស នាយករដ្ឋមន្ត្រី និងប្រធានសភា។ លោក Carl Thayer សាស្ត្រាចារ្យកិត្តិយស និងជាអ្នកជំនាញវៀតណាមនៅបណ្ឌិតសភាកងកម្លាំងការពារអូស្ត្រាលីក្នុងរដ្ឋធានី Canberra ថ្លែងថា ជម្លោះនយោបាយត្រូវបានគេរំពឹងថានឹងធូរស្រាលជាបណ្ដោះអាសន្នក្រោយការបោះឆ្នោតតែងតាំងលោក To Lam ជាប្រធានាធិបតី។
គួរបញ្ជាក់ថា នៅថ្ងៃពុធនេះសភាក៏បានបោះឆ្នោតបញ្ចប់តំណែងលោកពីថ្នាក់ដឹកនាំកំពូលនៃក្រសួងសន្តិសុខសាធារណៈផងដែរ ខណៈលោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានតែងតាំងអនុរដ្ឋមន្ត្រីសន្តិសុខសាធារណៈ Tran Quoc To អាយុ ៦២ឆ្នាំ ជារដ្ឋមន្រ្តីបណ្ដោះអាសន្ន៕