មនុស្សជាង៣០នាក់ស្លាប់ និងរងរបួស បន្ទាប់ពីយន្តហោះក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីមួយជួបប្រទះនឹងភាពចលាចលធ្ងន់ធ្ងរនៅលើអាកាស
សិង្ហបុរី៖ យោងតាមការបញ្ជាក់ពីក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines មនុស្សម្នាក់បានស្លាប់ និង៣០នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines លេខ SQ321 ធ្វើដំណើរពីទីក្រុងឡុងដ៍ទៅកាន់ប្រទេសសិង្ហបុរីបានជួបប្រទះនឹងភាពចលាចលធ្ងន់ធ្ងរនៅលើអាកាស។
សេចក្តីថ្លែងការណ៍ Singapore Airlines បានឱ្យដឹងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នេះថា៖«យើងអាចបញ្ជាក់បានថាមានអ្នករងរបួស និងស្លាប់ម្នាក់នៅលើយន្តហោះ Boeing 777-300ER ។ មានអ្នកដំណើរសរុបចំនួន ២១១ នាក់ និងនាវិក ១៨ នាក់នៅលើយន្តហោះ។ Singapore Airlines សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតដល់ក្រុមគ្រួសារនៃសព»។
យោងតាមសារព័ត៌មានថៃ Khaosod English បានឱ្យដឹងថាយន្តហោះខាងលើ បានស្នើសុំការអនុញ្ញាតឱ្យចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិក្នុងទីក្រុងបាងកក ហើយបានចុះចតភ្លាមៗនៅម៉ោង ៣:៤៥ នាទី។
ទិន្នន័យពី Flightradar24 បានបង្ហាញថា យន្តហោះនេះកំពុងតែហោះធម្មតាប៉ុន្តែស្រាប់តែធ្លាក់ចុះពីកម្ពស់ ១១គីឡូម៉ែត្រមកនៅត្រឹមជាង ៩គីឡូម៉ែត្រពីដីភ្លាមនៅពេលមុនពេលចុះចតជាបន្ទាន់៕