រដ្ឋមន្ត្រីការបរទេសជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា | សហភាពពលកម្មជាតិកម្ពុជាដាក់ញត្តិស្នើឱ្យស្ថានទូតអាមេរិកនៅកម្ពុជាពិនិត្យមើលរបាយការណ៍ញុះញ៉ង់របស់អង្គការសង់ត្រាល់ដែលធ្វើឱ្យខូចប្រយោជន៍កម្មករខ្មែរ | តម្លៃសាំង និងម៉ាស៊ូត ឡើងថ្លៃ ៥០រៀល ចាប់ពីថ្ងៃទី១-១០ ខែកក្កដា | កម្ពុជាបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាផ្លូវការ |

ក្រសួងមហាផ្ទៃកោះហៅឧត្តមសេនីយ៍ត្រីមួយរូបសាកសួរនាំរឿងពាក់ព័ន្ធការយកថវិកាពីឃុំចំនួន១០ ក្នុងស្រុកសាមគ្គីមុនីជ័យ

រាជធានីភ្នំពេញ៖ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គមជុំវិញករណីឧត្តមសេនីយ៍ម្នាក់នៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការយកថវិកាក្នុងមួយឃុំចំនួន១លានរៀល ពីឃុំចំនួន១០ ក្នុងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់គោលការណ៍ដល់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ អង្កេតស្រាវជ្រាវជាបន្ទាន់។ នេះបើយោងតាមការបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃនារសៀលថ្ងៃអង្គារ ទី២១ ខែឧសភានេះ។

ប្រភពដដែលបញ្ជាក់ថា បន្ទាប់ពីទទួលបានគោលការណ៍នេះ លោកឧត្តមសេនីយ៍ ឯម វិចិត្រ អគ្គាធិការក្រសួងមហាផ្ទៃ បានចាត់ក្រុមការងារកោះអញ្ជើញលោកឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃមកបំភ្លឺនៅអគ្គាធិការដ្ឋាន នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ។ 

ជាលទ្ធផល លោកឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ ទទួលស្គាល់ករណីនេះ និងថាពិតជាបានដឹកនាំក្រុមការងារ៧រូប ធ្វើសវនកម្មនៅខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ដោយប្រើមធ្យោបាយធ្វើដំណើររថយន្តផ្ទាល់ខ្លួនចំនួន២គ្រឿង និងទើបតែធ្វើសវនកម្មបានចំនួន៤ស្រុកប៉ុណ្ណោះ។ ជានីតិវិធីបន្ត ក្រសួងមហាផ្ទៃនឹងពិនិត្យលើករណីនេះបន្ថែមទៀត ដោយយោងលើភាពជាក់ស្ដែង និងដោយផ្អែកលើវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា។

ក្រសួងមហាផ្ទៃ មានកិត្តិយសសូមបញ្ជាក់ជូនសាធារណជនថា ដើម្បីប្រសិទ្ធភាពនៃការងារកំណែទម្រង់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល និងទស្សនៈដឹកនាំ «សម្អាតផ្ទះយើង» របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ការចូលរួមចំណែកពីប្រព័ន្ធផ្សព្វផ្សាយ និងសាធារណៈមតិ ពិតជាមានសារៈសំខាន់ណាស់។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃក៏បានប​ញ្ជាក់ថា ក្នុងន័យនេះ ក្រសួងមហាផ្ទៃសូមលើកទឹកចិត្ត និងទទួលយកដោយការពិចារណាខ្ពស់ នូវព័ត៌មានទាំងឡាយដែលពាក់ព័ន្ធនឹងវិស័យស្ថិតក្រោមសមត្ថកិច្ច ជាពិសេសព័ត៌មានអំពីករណីមិនប្រក្រតីនៃការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីរាជការសុីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារគ្រប់ថ្នាក់ ក៏ដូចជាសំណើ សំណូមពរ និងមតិយោបល់របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ ជាមួយគ្នានេះ យើងក៏មានភាពចាំបាច់ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងរាល់ព័ត៌មានក្លែងក្លាយ ការផ្សព្វផ្សាយទាំងឡាយដែលគ្មានវិជ្ជាជីវៈ និងមានចេតនាអវិជ្ជមានផងដែរ៕






ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក