ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កើត រិទ្ធ បានចូលរួមអបអរសាទរជូនដល់ប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចពញាចក្រី ហេង សំរិន ក្នុងឱកាសដែលសម្ដេចចម្រើនអាយុគម្រប់៩០ឆ្នាំ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ខាងមុខ។
ក្នុងលិខិតជូនពរចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានថ្លែងកោតសរសើរពីការលះបង់របស់សម្ដេចពញាចក្រី ហេង សំរិន ដែលបានប្រឹកប្រែងដឹកនាំប្រទេសកម្ពុជាឱ្យទទួលបាននូវសន្ដិភាព ស្ថិរភាព ការពង្រឹងនីតិរដ្ឋ ការពាររាជបល្ល័ង្ក និងរបបរាជនិយមអាស្រ័យរដ្ឋមធម្មនុញ្ញ និងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ដើម្បីសេចក្ដីសុខ និងភាពរីកចម្រើនសម្បូរសប្បាយរបស់ប្រជាពលរដ្ឋ។
លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា៖ «តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ ព្រមទាំងចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីរាជការនៃសាលជម្រះក្ដីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ខ្ញុំសូមចូលរួមអបអរសាទរជាមួយនឹងមនោសញ្ចេតនារីករយយ៉ាងក្រៃលែង ក្នុងឱកាសដ៏បវរសួស្ដីមង្គលនៃពិធីចម្រើនអាយុវឌ្ឍនមង្គលដ៏ប្រពៃថ្លៃថ្លារបស់សម្ដេចអគ្គមហាពញាចក្រី គម្រប់ ៩០ឆ្នាំ ឈានចូល ៩១ឆ្នាំ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ សូម សម្ដេច សមប្រកបដោយបញ្ញាញាណភ្លឺថ្លា កាយពល រឹងមាំ សុខភាពបរិបូរណ៍ និងជន្មាយុយឺនយូរតរៀងទៅ»។
សម្ដេចពញាចក្រី ហេង សំរិន កើតនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៣៤ ពីគ្រួសារកសិករ នៅអង្លង់ជ្រៃ ស្រុកពញាក្រែក ខេត្តកំពងចាម សម្ដេចបានភៀសខ្លួនទៅប្រទេសវៀតណាមនៅថថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៨ និងបានបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាវាយផ្ដួលរំលំរបបកម្ពុជាប្រជធិបតេយ្យបានដោយជោគជ័យនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ មកសម្ដេចបានកាន់តួនាទីកំពូលជាបន្ទាប់៕