ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកបានប្ដេជ្ញានឹងបន្តខិតខំជំរុញឲ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែខ្លាំងឡើងថែមទៀតដោយបច្ចុប្បន្នពុំទាន់មានតុល្យភាពនៅឡើយ។
នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតអោយ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក លោក Martin Vavra ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូត បានសំដែងនូវការត្រេកអរដែលបានចូលជួបសម្ដេចនៅពេលនេះ ហើយក៏សូមអបអរសាទរសម្ដេចតេជោ ដែលទទួលបានតួនាទីថ្មីជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាដែលជាតួនាទីខ្ពស់ជាងមុន។
លោក Martin Vavra បានលើកឡើងថា ការនាំចេញពីកម្ពុជាទៅសាធារណរដ្ឋឆែកគឺមានទំហំស្ទើតែលើសមួយ ១០០រយដងនៃការនាំចូលពីឆែកមកកម្ពុជាវិញ ដូច្នេះលោកនឹងខិតខំអោយមានការនាំចូលទំនិញច្រើនបន្ថែមទៀតពីឆែកមកកម្ពុជាដើម្បីអោយមានតុល្យភាពតាមរយៈការនាំអ្នកវិនិយោគថ្មីៗមកកម្ពុជាបន្ថែមទៀត ហើយជាមួយគ្នានេះក៏នឹងជំរុញឲ្យមានការផ្ដល់ជំនួយអភិវឌ្ឍន៍ ដល់កម្ពុជាបន្ថែមទៀត។
ពាក់ព័ន្ធនឹងការលើកស្ទូយការទូតសភា ឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្ដេចថា លោកនឹងខិតខំប្រឹងប្រែងសម្របសម្រួលដើម្បីឲ្យគណៈប្រតិភូសភាសាធារណរដ្ឋឆែក មកបំពេញទស្សនៈកិច្ចនៅកម្ពុជាក្នុងកំឡុងនៃចុងឆ្នាំនេះ ពីព្រោះថាគណៈប្រតិភូសភាសាធារណរដ្ឋឆែក គឺមានបំណងនឹងមកបំពេញទស្សនៈកិច្ចនៅកម្ពុជាផងដែរ។
ទន្ទឹមនោះ លោកក៏បានរំលឹកផងដែរថា អំឡុងឆ្នាំ២០១៩ ក្នុងពេលដែលសម្ដេចតេជោ ជានាយករដ្ឋមន្ត្រី បានបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឆែក ភាគីនៃប្រទេសទាំងពីរបានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការក្នុងជំនួយអភិវឌ្ឍន៍លើវិស័យអប់រំ និងវិស័យសុខាភិបាល ។
ក្នុងឱកាសនោះ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានស្វាគមន៍ និងសម្ដែងសេចក្ដីរីករាយដែលបានជួប ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា ក្នុងតួនាទីថ្មីរបស់សម្ដេចជាប្រធានព្រឹទ្ធសភានៅពេលនេះ។ សម្ដេចតេជោ សង្ឃឹមថាឯកអគ្គរដ្ឋទូតនឹងបន្តខិតខំដើម្បីអោយទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀត។
សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះការជូនពរ ហើយ សម្ដេចតេជោ បានបញ្ជាក់ថា ក្នុងតួនាទីជាប្រធានព្រឹទ្ធសភាសម្ដេចបានកំណត់លើកស្ទួយការទូតសភាជាអាទិភាពមួយរបស់ព្រឹទ្ធសភាក្នុងអាណិតថ្មីនេះ ដោយមានតួនាទីសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងអន្តរជាតិរបស់កម្ពុជា ក្នុងស្មារតីនេះ ព្រឹទ្ធសភាបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយ ឯកអគ្គរដ្ឋទូតឆែក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត។
សម្ដេចតេជោ ក៏បានអរគុណឯកអគ្គរដ្ឋទូតដែលនឹងជួយរៀបចំអោយមានទស្សនៈកិច្ចសភាឆែកមកកម្ពុជានាពេលខាងមុខនេះ ពិសេសថ្លែងអំណរគុណដល់ សាធារណរដ្ឋឆែកដែលបានលុបបំណុល និងប្រែក្លាយបំណុលសេសសល់ទៅជាជំនួយអភិវឌ្ឍន៍ ហើយឆែកក៏នៅបន្តផ្ដល់ជំនួយជាបន្តទៀតលើវិស័យសុខាភិបាល អប់រំ និងអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសលើវិស័យអប់រំគឺការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅសាធារណរដ្ឋឆែកជាបន្តបន្ទាប់។
សម្ដេចតេជោ ក៏បានលើកទឹកចិត្តឲ្យខិតខំធ្វើយ៉ាងណាជម្រុញអោយទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកើនឡើង ពិសេសអោយមានតុល្យភាពជញ្ជីងពាណិជ្ជកម្ម ដោយបង្កើនការនាំចេញទំនិញពីកម្ពុជាទៅសាធារណរដ្ឋឆែក ក៏ដូចជាពីសាធារណរដ្ឋឆែកចូលមកកម្ពុជាឲ្យកាន់តែច្រើនថែមទៀត ទន្ទឹមនឹងនេះសម្ដេចក៏បានផ្ដល់អនុសាសន៍គួរពិនិត្យមើលនូវកិច្ចព្រមព្រៀងទាំងឡាយណាដែលអាចជាការលើកទឹកចិត្តឲ្យអ្នកវិនិយោគមានទំនុកចិត្តគ្នាក៏ដូចជាការជំរុញការវិនិយោគរវាងប្រទេសទាំងពីរផងដែរ។
គួរឱ្យដឹងថា ទាក់ទងទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងឆែក សម្ដេចតេជោបានសម្ដែងការពេញចិត្ត ដោយចាប់តាំងពីឆ្នាំ ១៩៧៩ ជាហូរហែមក ទោះបីប្រទេសឆេកូស្លូវ៉ាគីត្រូវបានបែងចែកជាពីរ ហើយស្ថានភាពនយោបាយកម្ពុជាមានភាពប្រែប្រួលយ៉ាងណា ក៏ទំនាក់ទំនងប្រទេសទាំងពីរនៅតែបន្ត ហើយសម្ដេចតេជោក៏លើកឡើងថា សម្ដេចគឺមានទំនាក់ទំនងយ៉ាងចិត្តស្និទ្ធជាមួយនឹងមេដឹកនាំនៃសាធារណរដ្ឋឆែកជាបន្តបន្ទាប់ផងដែរ៕
Saroeun Phallika