BREAKING NEWS៖ ប្រធានាធិបតី និងរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ទទួលមរណភាពក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ
អ៉ីរ៉ង់៖ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានបញ្ជាក់នៅថ្ងៃទី២០ ខែឧសភានេះថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi និងរដ្ឋមន្ត្រីការបរទេស លោក Hossein Amirabdollahian បានទទួលមរណភាពហើយ ក្រោយជួបហេតុការណ៍អកុសលធ្លាក់ឧទ្ធម្ភាគចក្រ ខណៈកំពុងឆ្លងកាត់តំបន់ភ្នំក្នុងស្ថានភាពធាតុអាកាសចុះអ័ព្ទខ្លាំង។ មន្ត្រីអ៊ីរ៉ង់ម្នាក់ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានថ្លែងប្រាប់សារព័ត៌៌មាននាថ្ងៃចន្ទនេះថា៖ "លោកប្រធានាធិបតី ព្រមជាមួយរដ្ឋមន្រ្តីការបរទេស ក៏ដូចជាអ្នករួមដំណើរទាំងអស់នៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្របានស្លាប់បាត់បង់ជីវិតទាំងអស់"។
ទីភ្នាក់ងារសារព័ត៌មាន Mehr របស់អ៊ីរ៉ង់ក៏បានបញ្ជាក់ពីមរណភាពនៃថ្នាក់ដឹកនាំជាន់ខ្ពស់របស់អ៊ីរ៉ង់ទាំងពីររូបផងដែរ ក្នុងហេតុការណ៍ដែលកើតឡើងនៅក្នុងខេត្តអាហ្សេបៃហ្សង់ខាងកើត (East Azerbaijan) នេះ។ មន្ត្រីអ៊ីរ៉ង់ម្នាក់ផ្សេងទៀតបានថ្លែងប្រាប់សារព័ត៌មានថា ឧទ្ធម្ភាគចក្ររបស់លោកប្រធានាធិបតីដែលបានធ្លាក់នេះ ត្រូវបានឆេះខ្ទេចអស់ទាំងស្រុង។
ទូរទស្សន៍រដ្ឋបានរាយការណ៍ថា រូបភាពពីគេហទំព័រមួយបង្ហាញឱ្យឃើញពីឧបទ្ទវហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រនេះនៅលើកំពូលភ្នំមួយកន្លែង ខណៈមូលហេតុផ្លូវការនៃឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រនេះនៅមិនទាន់មានការបញ្ជាក់ផ្លូវការនៅឡើយទេ។ ទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA បញ្ជាក់ថា ឧទ្ធម្ភាគចក្រដែលដឹកលោកប្រធានាធិបតីនេះគឺជាឧទ្ធម្ភាគចក្រប្រភេទ Bell 212 ដែលផលិតដោយសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា លោកប្រធានាធិបតី Ebrahim Raisi បច្ចុប្បន្នមានវ័យ ៦៣ឆ្នាំ បានជាប់ឆ្នោតជាប្រធានាធិបតីក្នុងឆ្នាំ២០២១ ហើយចាប់តាំងពីការឡើងកាន់តំណែង លោកបានបញ្ជាឱ្យរឹតបន្តឹងច្បាប់សីលធម៌ ត្រួតពិនិត្យការបង្រ្កាបយ៉ាងបង្ហូរឈាមលើការតវ៉ាប្រឆាំងរដ្ឋាភិបាល និងបានជំរុញយ៉ាងខ្លាំងនៅក្នុងកិច្ចចរចានុយក្លេអ៊ែរជាមួយមហាអំណាចពិភពលោក៕