អន្តរជាតិ៖ ទីភ្នាក់ងារការពារជនស៊ីវិលរបស់ប៉ាឡេស្ទីនបញ្ជាក់ថា ការវាយប្រហារមួយរបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៣១នាក់នៅចំកណ្តាលតំបន់ហ្គាហ្សាកាលពីល្ងាចថ្ងៃទី១៩ ខែឧសភាម្សិលមិញនេះ ខណៈដែលទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan កំពុងមានវត្តមាននៅក្នុងទឹកដីអ៊ីស្រាអែល ដែលគេដឹងថាលោកមានគោលបំណងជួបពិភាក្សាអំពីជម្លោះដែលកំពុងអូសបន្លាយពេលនេះ។
កងទ័ពអ៊ីស្រាអែលបានចល័តចូលទៅក្នុងទីក្រុង Rafah ភាគខាងត្បូងនៃតំបន់ហ្គាហ្សា ដែលជាទីតាំងត្រូវបានកងទ័ពអ៊ីស្រាអែលអះអាងថាជាទីតាំងឈរជើងចុងក្រោយរបស់ក្រុមហាម៉ាស ដែលទីតាំងនេះផងដែរត្រូវបានសហរដ្ឋអាមេរិកអះអាងថាមានជនស៊ីវិលយ៉ាងហោចណាស់ ៨០,០០០នាក់បន្ថែមទៀតបានផ្លាស់ទីលំនៅដោយបង្ខំដោយសារតែការវាយប្រហារនេះ។
គួរបញ្ជាក់ថា ថ្មីៗនេះអ៊ីស្រាអែលក៏បានបន្តការវាយប្រហារ និងទម្លាក់គ្រាប់បែកលើកងកម្លាំងហាម៉ាស់ដែលងើបឡើងវិញនៅតំបន់ភាគខាងជើង និងភាគកណ្តាលនៃតំបន់ហ្គាហ្សា ដែលទីតាំងនេះពីមុនត្រូវបានគេចាត់ទុកថាស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពអ៊ីស្រាអែល ស្របពេលសហរដ្ឋអាមេរិកព្រមានថា អ៊ីស្រាអែលអាចនឹងជាប់គាំងជាមួយសង្គ្រាមដែលអូសបន្លាយនេះ។
យោធារបស់អ៊ីស្រាអែល ដែលកាលពីថ្ងៃអាទិត្យបានរាយការណ៍ថា យន្តហោះរបស់ខ្លួន "បានវាយប្រហារគោលដៅភេរវកម្មរាប់សិបកន្លែង" ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បាននិយាយថា ខ្លួនកំពុងពិនិត្យមើលរបាយការណ៍ចុងក្រោយពីការវាយប្រហារនេះ។ សាក្សីដែលបានប្រទះហេតុការណ៍នេះផ្ទាល់ភ្នែកបានថ្លែងប្រាប់សារព័ត៌មាន AFP ថា អគារលំនៅដ្ឋានរបស់ប្រជាជនត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទី ហើយសាកសពនៅតែបន្តមានកប់ក្រោមគំនរបាក់បែក។
គួរឱ្យដឹងថា នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ បានប្តេជ្ញាបន្តប្រយុទ្ធជាមួយក្រុមហាម៉ាស ក្នុងសង្គ្រាមដែលបានអូសបន្លាយពេលតាំងពីថ្ងៃទី០៧ ខែតុលាឆ្នាំមុន ហើយលោកអះអាងថាសង្គ្រាមនឹងនៅតែបន្តរហូតដល់ក្រុមអ៊ីស្លាមនិយមដែលគាំទ្រដោយអ៊ីរ៉ង់នេះត្រូវបានកម្ចាត់ ហើយចំណាប់ខ្មាំងដែលនៅសល់ទាំងអស់ត្រូវបានដោះលែង។ យ៉ាងណាមិញ ការលើកឡើងរបស់លោកមានការប្រឆាំងយ៉ាងខ្លាំងពីមជ្ឈដ្ឋានអន្តរជាតិ ក៏ដូចជាការជំទាស់ពីសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្ត ព្រមទាំងមានការពិភាក្សាយ៉ាងចម្រូងចម្រាស់ក្នុងគណៈរដ្ឋមន្រ្តីអ៊ីស្រាអែល៕