អឺរ៉ុប៖ ទីភ្នាក់ងារឱសថសហភាពអឺរ៉ុប ឬ The European Medicines Agency (EMA) បានប្រកាសកាលពីថ្ងៃទី២៦ ខែសីហាម្សិលមិញនេះថា ស្ថាប័ននេះនឹងបើកការស៊ើបអង្កេតមួយទៅលើបញ្ហាសមាសធាតុមិនប្រក្រតីមួយដែលកើតមាននៅក្នុងរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ Moderna ក្នុងគោលបំណងពិនិត្យ និងវាយតម្លៃឱ្យបានជាក់លាក់ អំពីលទ្ធភាពដែលអាចប៉ះពាល់ដល់ការផ្គត់ផ្គង់ជាមួយសហភាពអឺរ៉ុបឬយ៉ាងណា?
ជាក់ស្តែង កាលពីថ្ងៃទី២៦ ខែសីហាម្សិលមិញនេះដូចគ្នា ជប៉ុនបានប្រកាសផ្អាកការប្រើប្រាស់វ៉ាក់សាំង Moderna ប្រមាណជា ១,៦៣លានដូសផងដែរ ដោយក្រុមហ៊ុន Takeda ដែលជាភ្នាក់ងារលក់ និងចែកចាយវ៉ាក់សាំងក្នុងប្រទេសជប៉ុនបានអះអាងថា មានភាពមិនប្រក្រតីកើតឡើងដែលទំនងជាបណ្តាលមកពីសង្វាក់ផលិតកម្មនៅឯរោងចក្រផលិត និងផ្គត់ផ្គង់មកពីប្រទេសអេស្ប៉ាញ។
ទីភ្នាក់ងារ EMA បានថ្លែងប្រាប់សារព័ត៌មានថា៖ "EMA កំពុងស៊ើបអង្កេតទៅលើករណីនេះ និងបានស្នើសុំឱ្យអ្នកផ្តល់អាជ្ញាបណ្ណផ្នែកទីផ្សារនៃវ៉ាក់សាំង មេត្តាសហការផ្តល់នូវព័ត៌មានជាក់លាក់ ដើម្បីអាចស្វែងរកនូវភាពប្រាកដប្រជា និងដើមចមដែលជាមូលហេតុនាំឱ្យមានផលប៉ះពាល់ឬយ៉ាងណាទៅលើភាពមិនប្រក្រតីនេះ ដែលជាឬសគល់ដ៏សំខាន់នៃការចាប់ផ្តើមការស៊ើបអង្កេតទៅលើវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ប្រភេទ Moderna នេះ"៕