ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាមូលហេតុដែលត្រូវការការចូលរួមពីអន្តរជាតិដើម្បីកាត់ទោសខ្មែរក្រហមក៏ព្រោះតែវាជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការបង្កើតប្រវត្តិសាស្ត្ររួមនៃអំពើប្រល័យពូជសាសន៍សម្រាប់ទាំងអស់គ្នាដោយមិនប្រកាន់និន្នការនយោបាយ។
ថ្លែងក្នុងសន្នីសីទលើកទី១ស្ដីពី អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍ នៅសាលយុត្តិតេជោ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក អតីតសាលាក្ដីខ្មែរក្រហមនៅព្រឹកថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាមេដឹកនាំខ្មែរក្រហមត្រូវបានអតីតសាធារណរដ្ឋប្រជាមានិតកម្ពុជា បានកាត់ទោសរួមមកហើយកាលពីឆ្នាំ១៩៧៩ តែដើម្បីធានានូវការបង្កើតប្រវត្តិសាស្ត្ររួមនៃអំពើប្រល័យពូជសាសន៍គឺចាំបាច់ណាស់ត្រូវការស្វែងរកយុត្តិធម៌ដែលមានការទទួលស្គាល់ពីអន្តរជាតិ។
សម្ដេចធិបតីថា៖ «ខ្ញុំយល់ថានេះគឺជាមូលហេតុដ៏ចម្បងបំផុត ដែលបានធ្វើឱ្យសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា គាំទ្រការបង្កើត អ.វ.ត.ក ដោយច្បាប់របស់កម្ពុជាកាលពីឆ្នាំ២០០១»។
សម្ដេចបន្ថែមថាតាមរយៈ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) កម្ពុជាបានបង្ហាញពីការប្រកាន់ខ្ជាប់នូវគោលការណ៍ ការទទួលខុសត្រូវដើម្បីការពារ ដើយការណ៍ដែលអង្គជំនុំជម្រះនេះមានលក្ខណៈជាសាលាក្ដីកូនកាត់ដែលគាំទ្រដោយអង្គការសហប្រជាជាតិ ក៏បានអនុញ្ញាតឱ្យ អ.វ.ត.ក នាំយកមេរៀនសំខាន់ៗទាំងនេះ ផ្ដល់ទៅសហគមន៍អន្តរជាតិ ដើម្បីធានាថាពិភពលោកនឹងលែងជួបប្រទះនូវសោកនាដកម្ម ពីអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការបោសសម្អាតជាតិសាសន៍៍ទៀតហើយ។
សាលាក្ដីខ្មែរក្រហមបានចាប់ផ្ដើមការងាររបស់ខ្លួននៅដើមខែកុម្ភៈ ឆ្នាំ២០០៦ និងបានបញ្ចប់លើសំណុំរឿងចំនួន៤ ដែលមាន ០០១ កាត់ក្ដីលើអតីតប្រធានគុកទួលស្លែង លោក កាំង ហ្គេចអៀវ ហៅឌុច សំណុំរឿង ០០២/០១ កាត់ក្ដីលើ លោក ខៀវ សំផន និងលោក នួន ជា សំណុំរឿង ០០៤/០១ ទម្លាក់ការចោទប្រកាន់លើ អ្នកស្រី ហ៊ឹម ចែម និងសំណុំរឿង ០០៤/០២ ទម្លាក់ការចោទប្រកាន់លើ លោក អោ អាន។
សាលាក្ដីខ្មែរក្រហមបានបិទបញ្ចប់នៅចុងឆ្នាំ២០២២បន្ទាប់ពីបានប្រតិបត្តិការការងារជាង ១៦ឆ្នាំ និងបានចំណាយថវិកាសរុបប្រមាណ ៣៣០លានដុល្លារអាមេរិក៕