អង់គ្លេស៖ ក្លិបបាល់ទាត់ Aston Villa បានបង្ហាញកាយវិការដ៏គួរឱ្យគោរពមួយជូនចំពោះក្លិប Barrow ដោយ Aston Villa បានប្រគល់នូវចំណែកសំបុត្រ ៤៥ភាគរយនៃការប្រកួត EFL Cup នាកីឡដ្ឋាន The Dunes Hotel Stadium ឱ្យទៅកាន់ក្លិបម្ចាស់ផ្ទះវិញទាំងអស់តែម្តង។
ដំបូងឡើយ! ក្លិបនៅក្នុងក្របខណ្ឌ Premier League ខាងលើ បានទទួលនូវចំណែកសំបុត្រ ៤៥ភាគរយ នៃចំនួនសំបុត្រសរុប ៥,៤០០សន្លឹក ឬប្រមាណជា ២,៥០០សន្លឹក។ យ៉ាងណាមិញ សំបុត្រទាំង ៥,៤០០សន្លឹកនោះត្រូវបានអ្នកគាំទ្រទិញអស់តែម្តងដើម្បីចូលទស្សនាការប្រកួត ដែល Aston Villa បានឡើងទៅវគ្គបន្តក្រោយឈ្នះ Barrow ៦-០ ក្នុងនោះយុវជនវ័យ ១៩ឆ្នាំ Cameron Archer ធ្វើបាន Hat-Trick។
លោក Paul Hornby ប្រធានក្លិប Barrow បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លិបថា៖ "នេះគឺជាកាយវិការដ៏គួរឱ្យគោរពមួយ ហើយក្លិបពិតជាអរគុណចំពោះទឹកចិត្តសប្បុរសរបស់ Aston Villa"។
គួរឱ្យដឹងថា ការបរិច្ចាគថវិកាបានមកពីការលក់សំបុត្ររបស់ខ្លួនទៅឱ្យក្លិបម្ចាស់ផ្ទះវិញនេះ ត្រូវបានគេកត់សម្គាល់មូលហេតុធំមួយគឺបណ្តាលមកពីក្លិបដែលនៅបណ្តាលីគទាបៗ បានជួបប្រទះបញ្ហាវិបត្តិហិរញ្ញវត្ថុរៀងៗខ្លួនយ៉ាងធ្ងន់ធ្ងរដោយសារកូវីដ-១៩ រាប់ទាំងការលុបចោលការប្រកួត ព្រមទាំងការប្រកួតដោយគ្មានទស្សនិកជនទស្សនានៅកីឡដ្ឋានជាដើម។
កាលពីខែធ្នូកន្លងមក Premier League ក៏បានឈានដល់កិច្ចព្រមព្រៀងជាមួយស្ថាប័ន EFL ឬ English Football league ក្នុងការផ្តល់ជំនួយសង្គ្រោះជាកញ្ចប់ថវិកាចំនួនជាង ៣៤៣លានដុល្លារ ទៅដល់បណ្តាក្លិបនៅក្របខណ្ឌក្រោមៗដែលជាប់គាំងនូវបញ្ហាហិរញ្ញវត្ថុរបស់ខ្លួនផងដែរ៕