លោក អ៊ុំ រាត្រី ដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមអនុសាសន៍សម្តេចធិបតី “យុទ្ធសាស្ត្រសម្អាតចកដើម្បីឱ្យទឹកថ្លាពេញផ្ទៃបឹង”
បន្ទាយមានជ័យ ៖ អភិបាលខេត្តបន្ទាយមានជ័យ ដាក់ចេញទិសដៅទៅដល់កងកម្លាំងគ្រប់អង្គភាពទាំងអស់ បន្តពង្រឹងការគ្រប់គ្រងអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព បញ្ជ្រាបទៅដល់មូលដ្ឋានអំពីគ្រឿងញៀន,ពង្រឹងការផ្តល់សេវាព្យាបាលកាយសម្បទា និងអប់រំ, ពង្រឹងការដាក់វិធានការឱ្យបានច្បាស់លាស់,ទៅតាមផែនការថ្នាក់ក្រោមជាតិ, ពង្រឹងប្រព័ន្ធច្បាប់ដើម្បីការពារជំហរចូលតាមព្រំដែនពីប្រទេសមួយទៅប្រទេសមួយ និងពង្រឹងទំនាក់ទំនងខេត្តជាប់ព្រំដែន និងមានធានការផ្សព្វផ្សាយដល់ពលករឆ្លងដែនតាមរោងចក្រនិងសហគ្រាស អំពីផលប៉ះពាល់នៃគ្រឿងញៀន។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញវិធានការទាំងនេះ ធ្វេីឡេីងនៅក្នុងកិច្ចប្រជុំ ត្រួតពិនិត្យគណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀន ដោយមានការអញ្ជេីញចូលរួមពី អភិបាលរងខេត្ត មេបញ្ជការកងកម្លាំងទាំងបី មន្ទីរ ស្ថាប័នពាក់ព័ន្ធ អភិបាលក្រុង-ស្រុក ប្រារព្ធនៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤។
ព្រមជាមួយគ្នានោះលោកក៏បានជំរុញបន្ថែមទៅដល់ក្រុមការងារគណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀន ត្រូវបន្តចូលរួមផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀនទៅដល់គ្រប់បណ្ដាសាលារៀនទូទាំងខេត្ត ឱ្យបានទូលំទូលាយបន្ថែមទៀត។ មួយវិញទៀតឯកឧត្តម ក៏បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅដល់កងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែន ត្រូវបន្តរួមសហការគ្នា ជាមួយនឹងភាគីថៃ រួមគ្នាទប់ស្កាត់ការរត់ពន្ធគ្រឿងញៀន តាមព្រំដែនឱ្យបានម៉ឺងម៉ាត អនុវត្តតាមអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺត្រូវអនុវត្តនូវ “យុទ្ធសាស្ត្រសម្អាតចកដើម្បីឱ្យទឹកថ្លាពេញផ្ទៃបឹង” ក្នុងន័យរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបង្ហាញឆន្ទៈមោះមុត និងទស្សនវិស័យច្បាស់លាស់ របស់រាជរដ្ឋាភិបាល ក្នុងការកែប្រែកម្ពុជាក្លាយជាប្រទេសមួយដែលគ្រឿងញៀនលែងជាឧបសគ្គ និងជាបញ្ហារបស់សង្គមជាតិ៕