រដ្ឋមន្ត្រីព័ត៌មាន៖ សេវាសាធារណៈជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបម្រើប្រជាពលរដ្ឋរបស់រដ្ឋបាលឃុំនិងរដ្ឋបាលស្រុក
ក្រចេះ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ លោក នេត្រ ភក្ត្រា ថ្លែងថា សេវាសាធារណៈជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបម្រើប្រជាពលរដ្ឋរបស់រដ្ឋបាលឃុំនិងរដ្ឋបាលស្រុក ហើយការផ្តល់សេវាសាធារណៈទាន់ពេលវេលា មានភាពងាយស្រួល ប្រកបដោយប្រសិទ្ធភាព ដើម្បីពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ។
លោក នេត្រ ភក្ត្រា ថ្លែងដូចនេះ ក្នុងអំឡុងពេលចុះពិនិត្យការងារផ្តល់សេវាសាធារណៈរបស់រដ្ឋបាល និងសាកសួរសុខទុក្ខបងប្អូនមន្ត្រីដែលកំពុងបម្រើការងារ នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅសាលាស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
រដ្ឋមន្រ្តីព័ត៌មានបានលើកទឹកចិត្តដល់មន្ត្រីសាលាស្រុកបន្តយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋតាមរយៈយន្តការច្រកចេញចូលតែមួយ និងចូលរួមដោះស្រាយបញ្ហាដែលភូមិឃុំមានជាពិសេសសហការជាមួយភាគីពាក់ព័ន្ធដើម្បីរៀបចំវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋដើម្បីក្តាប់ឱ្យជាប់នូវបញ្ហាប្រឈមនានាដែលកើតមាន។
លោកថា៖«សេវាសាធារណៈជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបម្រើប្រជាពលរដ្ឋរបស់រដ្ឋបាលឃុំនិងរដ្ឋបាលស្រុក។ យើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា មានភាពងាយស្រួល និងប្រកបដោយប្រសិទ្ធភាពខ្ពស់ដើម្បីពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ»។
លោកក៏បានថ្លែងកោតសរសើរចំពោះមន្ត្រីនៃសាលាស្រុកទាំងអស់ដែលបានលះបង់ និងបានខិតខំប្រឹងប្រែងក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋ។
ទន្ទឹមនោះ លោកបានជំរុញដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរគ្រៀងសែនជ័យ រដ្ឋបាលស្រុក ភូមិឃុំសហការគ្នាពង្រឹងការអនុវត្តគោលនយោបាយជាតិឃុំសង្កាត់មានសុវត្ថិភាព ជាពិសេសូលរួមទប់ស្កាត់លុបបំបាត់ការជួញដូរនិងការប្រើប្រាស់គ្រឿងញៀន គ្រប់ប្រភេទ ព្រមទាំងជំរុញប្រជាពលរដ្ឋបញ្ជូនកូនៗឱ្យទៅសិក្សារៀនសូត្រឱ្យបានជ្រះជ្រៅ ព្រមទាំងចូលរួមក្នុងការការពារនិងអភិរក្សធនធាន ធម្មជាតិដែលស្រុកអូរគ្រៀងសែនជ័យមានសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត៕។
ស្រុកអូរគ្រៀងសែនជ័យ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចបង្កើតឡើងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ដោយកាត់យកឃុំចំនួន៥ពីស្រុកសំបូរគឺ ឃុំក្បាលដំរី ឃុំអូរគ្រៀង ឃុំអូរកណ្ដៀរសែនជ័យ ឃុំរលួសមានជ័យ និងឃុំស្រែជិះ និងមានចំនួនប្រជាជនជិត ៤ ម៉ឺននាក់រស់នៅ។
តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ទីតាំងរដ្ឋបាល «ស្រុកអូរគ្រៀងសែនជ័យ» ត្រូវស្ថិតនៅក្នុងឃុំអូរគ្រៀង។ រដ្ឋាភិបាលបានបញ្ជាក់ថា ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលស្រុកអូរគ្រៀងសែនជ័យ ត្រូវអនុលោមតាមច្បាប់ស្តី ពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ការបង្កើតស្រុកថ្មី «អូរគ្រៀងសែនជ័យ» បានធ្វើឱ្យខេត្តក្រចេះបច្ចុប្បន្ននេះមានក្រុងចំនួន ១ និងស្រុកចំនួន ៦។
យោងតាមមន្ត្រីសាលាស្រុកអូរគ្រៀង សែនជ័យ ក្នុងមួយថ្ងៃៗ ប្រជាពលរដ្ឋបានអញ្ជើញមករកសេវាសាធារណៈប្រមាណ ១០០នាក់៕