សេអ៊ូល៖ ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា បានសហការជាមួយក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ កូរ៉េ និងធនាគារ Joengbuk (JB) បង្កើតកិច្ចសហប្រតិបត្តិការលើសេវាចែករំលែករបាយការណ៍ព័ត៌មានឥណទានទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋកូរ៉េ។
ពិធីចុះអនុស្សារណៈយោគយល់នេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ក្នុងវេទិការធុរកិច្ចកម្ពុជា-កូរ៉េ នៅទីក្រុង សេអ៊ូល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក អាន ឌុកជេអ៊ុន (Ahn Duk-geun)រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មឧស្សាហកម្ម និងថាមពលរបស់សាធារណរដ្ឋកូរ៉េ។
ក្នុងកម្មពិធីនេះក៏មានវត្តមានចូលរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ពីរាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជានិងគណៈគ្រប់គ្រងជាន់ខ្ពស់ពីក្រេឌីត ប្យួរ៉ូ និងស្ថាប័នហិរញ្ញវត្ថុនៃប្រទេសទាំងពីរផងដែរ។
កិច្ចសហប្រតិបត្តិការនេះត្រូវបានផ្តួចផ្តើមឡើងដើម្បីបង្កើតយន្តការសេវាចែករំលែករបាយការណ៍ព័ត៌មានឥណទានទ្វេភាគីរវាងប្រទេសទាំងពីរ។ កិច្ចសហការនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់ប្រជាពលរដ្ឋកម្ពុជាប្រមាណជាង ៥០ ០០០នាក់ ដែលកំពុងបម្រើការងារលើវិស័យនានានៅសាធារណរដ្ឋកូរ៉េ។ សាធារណរដ្ឋកូរ៉េគឺជាប្រទេសទី២ដែលមានពលករកម្ពុជាច្រើនជាងគេ។ ក្នុងទីផ្សារពលករបរទេសនៅសាធារណរដ្ឋកូរ៉េកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានពលករស្ថិតក្នុងប្រភេទពលករដែលមានជំនាញតិច (less skilled category)។ លើសពីនេះ បើយោងតាមទិន្នន័យពីក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េបច្ចុប្បន្នមានប្រជាពលរដ្ឋកូរ៉េប្រមាណ ១០៦០៨ នាក់ដែលកំពុងរស់នៅប្រទេសកម្ពុជា។
កូរ៉េគឺជាវិនិយោគិនផ្ទាល់បរទេសធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា។ ដោយហេតុមានក្រុមហ៊ុនវិនិយោគិនកូរ៉េកំពុងសិក្សាពីឱកាសក្នុងការវិនិយោគនៅប្រទេសកម្ពុជាដូច្នេះចំនួនប្រជាជនកូរ៉េនៅប្រទេសកម្ពុជាអាចនឹងមានកើនឡើងនាពេលអនាគត។
ជាមួយនឹងការកើនឡើងនៃការចល័តនៅក្នុងកម្លាំងពលកម្មពិភពលោកសេវាចែករំលែករបាយការណ៍ព័ត៌មានឥណទានទ្វេភាគីបានក្លាយទៅជាប្រធានបទដែលគួរឱ្យកត់សំគាល់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ពេលបុគ្គលម្នាក់បានធ្វើចំណាកស្រុកទៅរស់នៅប្រទេសថ្មីមួយទៀតពួកគាត់តែងតែជួបបញ្ហាក្នុងការទទួលបានឥណទានពីធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានាដោយសារខ្វះប្រវត្តិឥណទានក្នុងប្រទេសថ្មីនោះ។ ទោះបីជា បុគ្គលម្នាក់នោះប្រហែលជាមានប្រវត្តិឥណទានក្នុងប្រទេសកំណើតរបស់ខ្លួន ប៉ុន្តែពួកគេមិនអាចប្រើប្រាស់របាយការណ៍ឥណទានផ្ទាល់ខ្លួនពីប្រទេសកំណើតរបស់ពួកគេបានទេ។ ការខ្វះតម្លាភាពនិងការចែករំលែករបាយការណ៍ឥណទានផ្ទាល់ខ្លួនអាចបង្កើតជាឧបសគ្គក្នុងការស្នើសុំឥណទាននៅពេលបុគ្គលម្នាក់ទៅរស់នៅ ឬធ្វើការនៅប្រទេសមួយទៀត។
របាយការណ៍ឥណទានដើរតួនាទីយ៉ាងសំខាន់កំឡុងពេលដំណើរការវាយតម្លៃឥណទានរបស់គ្រឹះស្ថានហិរញ្ញវត្ថុ។
ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ កូរ៉េ នឹងខិតខំប្រឹងប្រែងដើម្បីបង្កើតគំនិតផ្តួចផ្តើមសេវាចែករំលែករបាយការណ៍ព័ត៌មានឥណទានទ្វេភាគីដើម្បីបំពេញចន្លោះខ្វះខាតនេះ។ នៅពេលដែលយន្តការនេះរួចរាល់សម្រាប់ការអនុវត្តនៅពេលបុគ្គលម្នាក់ស្នើសុំឥណទាននៅគ្រឹះស្ថានឥណទានណាមួយនឹងអនុញ្ញាតឱ្យទាញយកនូវរបាយការណ៍ឥណទានដែលបានធ្វើបច្ចុប្បន្នភាពនិងស្របច្បាប់ដោយផ្ទាល់ពីប្រភពស្របច្បាប់ពីក្រេឌីត ប្យួរ៉ូ ដោយរបាយការណ៍នោះមាននូវប្រវត្តិឥណទានរបស់បុគ្គលនោះពេញលេញ និងគ្រប់គ្រាន់។
គំនិតផ្តួចផ្តើមបែបនេះអាចធ្វើឱ្យស្ថាប័នហិរញ្ញវត្ថុជាសមាជិករបស់ CBC និង KCB ដោយមានការយល់ព្រមពីបុគ្គលដែលស្នើឥណទានទទួលបានរបាយការណ៍ឥណទានរបស់បុគ្គលដែលបានដាក់ពាក្យស្នើសុំឥណទានជាមួយស្ថាប័នហិរញ្ញវត្ថុនោះ។
ជាមួយនឹងទិន្នន័យឥណទានដែលទទួលបាន ស្ថាប័នហិរញ្ញវត្ថុអាចធ្វើការវាយតម្លៃយ៉ាងហ្មត់ចត់បន្ថែមទៀតមុនពេលសម្រេចចិត្តផ្តល់ឥណទានដល់អ្នកស្នើសុំ។
ធនាគារ JB គឺជាសមាជិករបស់ KCB និងជាអ្នកផ្តល់សេវាហិរញ្ញវត្ថុឈានមុខគេក្នុងសាធារណរដ្ឋកូរ៉េដោយមានការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញវត្ថុរបស់ពលករកម្ពុជា។ ធនាគារ JB គ្រោងនឹងអភិវឌ្ឍផលិតផលឥណទានតាមតម្រូវការរបស់ប្រជាជនកម្ពុជាដែលកំពុងធ្វើការនៅប្រទេសកូរ៉េ និងសម្រួលដល់ការវាយតម្លៃឥណទានដោយប្រើប្រាស់សេវាចែករំលែករបាយការណ៍ព័ត៌មានឥណទានទ្វេភាគីនេះ។ លើសពីនេះ ធនាគារ JB ក៏នឹងសហការជាមួយ CBC និង KCB ដើម្បីវាយតម្លៃលទ្ធភាពនៃការរាយការណ៍ទិន្នន័យប្រវត្តិឥណទានរបស់ប្រជាជនកម្ពុជាក្នុងប្រទេសកូរ៉េទៅកាន់ CBC ដើម្បីជួយសម្រួលដល់លទ្ធភាពទទួលបានហិរញ្ញវត្ថុរបស់ពួកគេ។
ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនក្រេឌីត
ប្យួរ៉ូ ខេមបូឌា លោក រ័ត្ន សុវណ្ណនរៈ បានមានប្រសាសន៍ថា៖ «កម្ពុជា និងសាធារណរដ្ឋកូរ៉េ មានទំនាក់ទំនងទ្វេភាគីល្អរួចទៅហើយទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងហិរញ្ញវត្ថុ។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការនាំយកប្រទេសទាំងពីរមកក្រោមក្របខណ្ឌនៃសេវាចែករំលែករបាយការណ៍ព័ត៌មានឥណទានទ្វេភាគីនេះដែលអាចផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាជនកម្ពុជាមួយចំនួនធំនៅក្រៅប្រទេសដើម្បីគាំទ្រដល់លទ្ធភាពទទួលបានហរិញ្ញវត្ថុ។»
ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌី ប្យួរ៉ូ កូរ៉េ លោក Hwang, Jong-Sup ក៏បានលើកឡើងថា៖ «ការផ្លាស់ប្តូរសេដ្ឋកិច្ចរវាងប្រទេសកូរ៉េខាងត្បូង និងកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងដែលបណ្តាលឱ្យមានការកើនឡើងនៃប្រជាជនចំណាកស្រុក និងកម្លាំងពលកម្ម។ យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការបង្កើតគំនិតផ្តួចផ្តើមសេវាចែករំលែករបាយការណ៍ព័ត៌មានឥណទានទ្វេភាគីនេះជាមួយ CBC ដែលជាក្រេឌីត ប្យួរ៉ូ ឈានមុខគេក្នុងការកែលម្អលទ្ធភាពទទួលបានឥណទានរបស់ប្រជាជនកម្ពុជានៅក្នុងសាធារណរដ្ឋកូរ៉េ។»
ប្រធាននាយកប្រតិបត្តិនៃ ធនាគារ Jeonbuk លោក Baek, Jong-Il បានបន្ថែមទៀតថា៖ «អនុស្សារណៈយោគយល់នេះ ជាសមិទ្ធផលនៃការប្តេជ្ញាចិត្តរបស់ធនាគារ Jeonbukក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ។ ក្នុងនាមជាធនាគារឈានមុខគេក្នុងការគាំទ្រដល់ពលករចំណាកស្រុកនៅក្នុងប្រទេសកូរ៉េយើងមានសេចក្តីសោមនស្សរីករាយក្នុងការសហការជាមួយ CBC និង KCB ដើម្បីផ្តល់ជូនប្រជាពលរដ្ឋកម្ពុជានូវអត្ថប្រយោជន៍កាន់តែសម្បូរបែបនិងសេវាកម្មហិរញ្ញវត្ថុដែលមានលក្ខណៈប្លែកពីគេ។»
ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុនក្រេឌីត ប្រួរ៉ូ ខេមបូឌា លោក អឿ សុធារ័ត្ន បានលើកឡើងថា៖ «យើងមានសេចក្តីសោមនស្សរីករាយក្នុងការចាប់ដៃជាមួយក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ កូរ៉េ ដែលជាក្រេឌីត ប្យួរ៉ូឈានមុខគេក្នុងសាធារណរដ្ឋកូរ៉េជាមួយនឹងការប្តេជ្ញាចិត្តរបស់យើងក្នុងការគាំទ្រដល់ប្រជាជនកម្ពុជាមួយចំនួនធំដែលកំពុងរស់នៅនិងធ្វើការនៅក្នុងសាធារណរដ្ឋកូរ៉េ ក្នុងការផ្តល់លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ។ ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៃប្រជាជនទាំងក្នុង និងក្រៅប្រទេសគឺជាអាទិភាពចម្បងរបស់យើង។នេះជាកិច្ចសហការលើសេវាចែករំលែករបាយការណ៍ព័ត៌មានឥណទានទ្វេភាគីដែល ស៊ីប៊ីស៊ី បានធ្វើបន្ទាប់ពីសហការជាមួយក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ សិង្ហបុរី កាលពីខែមីនា ឆ្នាំ ២០២៣ កន្លងទៅនេះ»៕