ភ្នំពេញ៖ សមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានក្រុមមិត្តភាពអន្តរសភាបារាំង-កម្ពុជាលោក M. Vincent ÉBLÉ ថាលោកមានបំណងបើកសារមន្ទីរមួយនៅក្បែរប្រាសាទកោះកេរ ដើម្បីភ្ញៀវទេសចរណ៍ បានទៅមើលប្រាសាទផង និងទៅមើលសារមន្ទីរផង។
លោកបានជម្រាបសម្ដេចតេជោ ហ៊ុន សែន ក្នុងពេលជួបសំដែងការគួរសមនៅព្រឹកថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភាថា កម្ពុជាមានអទិភាពទេសចរណ៍មួយគឺវិស័យបេតិកភណ្ឌសំបូរបែបរបស់កម្ពុជាដែលគួរជំរុញលើកទឹកចិត្តឲ្យមានទេសចរណ៍ ហូរចូលមក ប៉ុន្តែគួរតែរៀបចំយ៉ាងណា ឲ្យទេសចរណ៍ស្នាក់នៅបានយូរ ដោយអាចរៀបចំជាសារមន្ទីរ។
លោកថាលោកបានជួបជជែកជាមួយលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ដើម្បីពិភាក្សាលើគម្រោងនេះហើយដែលអាចនឹងចេញជារូបរាងបាន។
គួរឱ្យដឹងដែរថា រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងបញ្ជីរបស់អង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣៕