ភ្នំពេញ៖ ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់បារាំងបង្កើតមជ្ឈមណ្ឌលភាសាបារាំងឡើងវិញដើម្បីបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយកម្ពុជាក៏ជាប្រទេសសមាជិកអ្នកនិយាយភាសាបារាំងផងដែរ។
សម្ដេចតេជោលើកឡើងបែបនេះក្នុងពេលជួបជាមួយសមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានក្រុមមិត្តភាពអន្តរសភាបារាំង-កម្ពុជាលោក M. Vincent ÉBLÉ នៅវិមានព្រឹទ្ធសភា ភ្នំពេញ ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ។
សម្ដេចតេជោ បានលើកឡើងថាពីមុនអ្នកនយោបាយគណបក្សបារាំងខ្លះបានបដិសេធក្នុងការបង្កើតមជ្ឈមណ្ឌលនេះដោយសារតែពេលនោះ គេមិនទទួលស្គាល់រដ្ឋាភិបាលនៅភ្នំពេញ តែបច្ចុប្បន្នអ្វីៗប្រើប្រួលនិងកាន់តែប្រសើរហើយ។
សម្ដេចតេជោ បានលើកឡើងថា នៅតំបន់អាស៊ីអាគ្នេយ៍នេះ ប្រទេសហ្វ្រង់កូហ្វូនី មាន កម្ពុជា វៀតណាម ឡាវ ថៃ តែកម្ពុជា នៅមានអ្នកប្រើប្រាស់ភាសាបារាំងច្រើនជាងគេ ហើយសម្ដេចតេជោ បានបង្ហាញមោទនភាព ដែលនៅក្នុងរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី គឺមានអ្នកនិយាយភាសាបារាំងរហូតដល់ទៅ ៣៧% ៕