ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ត្រីមហាផ្ទៃ រម្លឹកស្នាដៃអតីតថ្នាក់ដឹកនាំ និងកត់សម្គាល់អំពីការប្រែប្រួលរបៀបរបបធ្វើការ ឥរិយាបទជាវិជ្ជមានរបស់មន្រ្តី

ភ្នំពេញ៖ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ១៩ ឧសភា ១៩៤៥-១៦ ឧសភា ២០២៤ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បានថ្លែងរម្លឹកដល់គុណូបការៈបុព្វបុរស រៀមច្បង យុទ្ធជន យុទ្ធនារី នគរបាលជាតិ គ្រប់ជំនាន់ដែលបានតស៊ូឆ្លងកាត់រាល់ការប្រែប្រួលដ៏ស្មុគ្រស្មាញ នៃនិន្នាការសង្គម បង្កើតបាននូវសមិទ្ធផលជាច្រើនឥតគណនា ដើម្បីបុព្វហេតុសន្តិសុខជាតិ និងភាពសុខក្សេមក្សាន្តរបស់ប្រជាជន។

ថ្លែងក្នុងពិធីអបអរសាទរ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងមហាផ្ទៃនេះ លោក ស សុខា បានរម្លឹកចំៗ ឥស្សរជនជាអតីតថ្នាក់ដឹកនាំសំខាន់ៗ រួមមាន៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អតីតអគ្គស្នងការនគរបាលជាតិ ដែលបានដឹកនាំគ្រប់គ្រងកងកម្លាំងនគរបាលជាតិ ឱ្យមានការវិវឌ្ឍរីកចម្រើន ទាំងគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈ សម្រេចបាននូវបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការបម្រើជាតិមាតុភូមិ និងប្រជាជន។

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានបញ្ជាក់ទៅកាន់ថ្នាក់ដឹកនាំជាន់ខ្ពស់នគរបាលជាតិថា ទិវាខួបអនុស្សាវរីយ៍ជាប្រវត្តិសាស្រ្ត លើកទី៧៩ នៃការចាប់បដិសន្ធិអង្គប្រតិបត្តិច្បាប់នគរបាលជាតិកម្ពុជា ដែលប្រសូត្រចេញពីស្នាព្រះហស្ត របស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ហើយការប្រារព្ធខួបអនុស្សាវរីយ៍ នាពេលនេះក៏ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុងឈរជើងយ៉ាងរឹងមាំ ធ្វើដំណើរប្រកបដោយភាពស្វាហាប់ និងជាពិសេសបានត្រៀមលក្ខណៈគ្រប់បែបយ៉ាង ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងបានរម្លឹកដល់ស្នាដៃរបស់អតីតថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិគ្រប់ជំនាន់ លោក ស សុខា ក៏បានបង្ហាញការកត់សម្គាល់អំពីវឌ្ឍនភាពថ្មីក្នុងចំណោមមន្រ្តីរាជការ និងកងកម្លាំងនៃក្រសួងមហាផ្ទៃ ចាប់ពីដើមនីតិកាលទី៧មក គឺការប្រែប្រួលរបៀបរបប និងឥរិយាបថធ្វើការងារ ក្នុងការបំពេញតួនាទីបម្រើសេវាប្រចាំថ្ងៃ ដល់ប្រជាពលរដ្ឋ ជាពិសេសការផ្ដោតលើមូលដ្ឋានដឹកនាំ សម្អាតផ្ទះយើង របស់សម្ដេចធិបតី ដែលនាំឱ្យមានការពង្រឹងការអនុវត្តតួនាទី ភារកិច្ច និងលើកកម្ពស់សមត្ថភាពមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល និងការបង្កើតនូវបរិយាកាសកក់ក្ដៅ មានជំនឿទុកចិត្តពីប្រជាពលរដ្ឋ សហការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។

លោកក៏បានសង្កត់ធ្ងន់ថា កងកម្លាំងនគរបាលជាតិ មានភារកិច្ចទទួលខុសត្រូវដោះស្រាយវិញ្ញាសាដ៏ស្មុគស្មាញទាំងនោះ ដើម្បីធានាឱ្យខាងតែបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ក្នុងចំណោមអនុសាសន៍សំខាន់ៗ លោកបានណែនាំកងកម្លាំងនគរបាលជាតិគ្រប់រូប ត្រូវបន្តលើកកម្ពស់ឆន្ទៈ មនសិការស្នេហាជាតិ ស្នេហាវិជ្ជាជីវៈ និងខិតខំបញ្ចេញសកម្មភាព ដើម្បីចូលរួមរក្សាការពារសុខសន្តិភាព និងរបៀបរៀបរយសង្គមឱ្យកាន់តែវិវឌ្ឍល្អប្រសើរថែមទៀត ដើម្បីភាពសុខដុមរមនា និងវិបុលភាពរបស់ជាតិ និងប្រជាជន។

តាមរបាយការណ៍ អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ស ថេត បានបញ្ជាក់ថា កងកម្លាំងនគរបាលជាតិ បានចូលរួមជាមួយកងយោធពលខេមរភូមិន្ទ និងសមត្ថកិច្ចពាក់ព័ន្ធ ការពារបានយ៉ាងរឹងមាំរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ធានាប្រក្រតីកម្មស្ថាប័នជាតិ ធានាសុវត្ថិភាពព្រះមហាក្សត្រ និងឥស្សរជន ថ្នាក់ដឹកនាំប្រទេស ព្រមទាំងការរៀបចំព្រឹត្តិការណ៍នយោបាយជាតិ អន្តរជាតិ ចាត់វិធានការទប់ស្កាត់ និងប្រឆាំង មិនឱ្យកើតមានអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន សកម្មភាពវិឆ្ឆេតកម្ម វិទ្ធង្សនា បង្កចលាចលផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ឬការញុះញង់ណាមួយ ដែលបង្កឱ្យមានអស្ថិរភាពក្នុងសង្គម ព្រមទាំងធានាប្រក្រតីភាពនៃសេវាសាធារណៈមួយចំនួនទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក