ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឲ្យប្រធានក្រុមមេធាវីរបស់រដ្ឋាភិបាលលោក គី តិច តំណាងការពារសិទ្ធិ និងផលប្រយោជន៍ដល់ជនរងគ្រោះពីការបោកប្រាស់ដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ឡេង ចាន់ណា។ លោកស្រី ឡេង ចាន់ណា ម្ចាស់ក្រុមហ៊ុន Brilliant City World ត្រូវបានឃុំខ្លួនកាលពីដើមខែមីនា ដោយចោទប្រកាន់ពីបទឆបោក ចេញសែកស្អុយ និងលាងលុយកខ្វក់។
ការបញ្ជានេះធ្វើឡើងតែប៉ុន្មានម៉ោងមុនសម្ដេចចេញ ដំណើរទៅធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី១៥ ខែឧសភានេះ។
សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ពីការប្តេជ្ញាចិត្ត ស្វែងរកយុត្តិធម៌ជូនចំពោះជនរងគ្រោះ ដោយបានបញ្ចាក់ថាលោក គី តិច នឹងការពារព្រមទាំងតំណាងឱ្យប្រជាពលរដ្ឋ ក្នុងករណីណាក៏ដោយ ដែលអយ្យការនិងស្ថាប័នតុលាការដោះស្រាយ។
បន្ថែមលើនេះសម្ដេចបានបញ្ជាឱ្យមានការស៊ើបអង្កេតយ៉ាងទូលំទូលាយលើគម្រោង Ponzi ដែលរៀបចំដោយជនជាប់ចោទ ឡេង ចាន់ណា ផងដែរ។
អន្តរាគមន៍នេះធ្វើឡើងបន្ទាប់ពីសេចក្តីសម្រេចរបស់សាលាដំបូងខេត្តសៀមរាបកាលពីថ្ងៃទី១៧ ខែមេសា ដែលរកឃើញជនជាប់ចោទ៥នាក់ និងត្រូវបានឃុំខ្លួនក្នុងមន្ទីរឃុំឃាំង និងការបង្កកគណនីធនាគារ និងទ្រព្យសម្បត្តិចំនួន១៨៣ ដែលពាក់ព័ន្ធនឹងប្រតិបត្តិការរបស់លោកស្រី ឡេង ចាន់ណា ដែលត្រូវបានចោទប្រកាន់កាលពីថ្ងៃទី១៣ ខែមីនា ពីបទឆបោកដោយមានស្ថានទម្ងន់ទោស ចេញសែកស្អុយ និងលាងលុយកខ្វក់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលនឹងបន្តសហការគ្នា ដើម្បីស្វែងរកដំណោះស្រាយសមស្របជូនប្រជាពលរដ្ឋ តាមនីតិវិធីច្បាប់ជាធរមាន។
មានមនុស្សប្រមាណពី ៤ពាន់ទៅ៥ពាន់នាក់បានចោទប្រកាន់ថាពួកគេត្រូវបានទាក់ទាញឱ្យវិនិយោគជាមួយក្រុមហ៊ុន Brilliant City World ដោយសន្យាថានឹងបង់ប្រាក់ការប្រាក់ប្រចាំខែ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបានបញ្ឈប់ការទូទាត់ទាំងនេះ ដោយបានបន្ទោសលើការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក។ បន្ទាប់ពីការវិវត្តន៍ទាំងនេះ ឋានន្តរស័ក្តិឧកញ៉ាដ៏មានកិត្យានុភាពរបស់ ឡេង ចាន់ណា ត្រូវបានដកហូត។
កាលពីខែកុម្ភៈ លោកស្រី ឡេង ចាន់ណា បាន អះអាងថាមានទំនាក់ទំនងជាមួយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលនាំឲ្យសាធារណជនយល់ ច្រឡំ។ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលបានច្រានចោលការអះអាងទាំងនេះយ៉ាងឆាប់រហ័ស ដោយអះអាងថាមិនមានទំនាក់ទំនងរវាងនាយករដ្ឋមន្ត្រី និងក្រុមហ៊ុនដែលមានបញ្ហានោះទេ។ ក្រោយមកលោកស្រី ឡេង ចាន់ណា បានចេញ មុខសុំទោសជាសាធារណៈ។
តាមច្បាប់កម្ពុជា ការក្លែងបន្លំអាចប្រឈមនឹងការជាប់ពន្ធនាគារពី ៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី១លាន ទៅ៦លានរៀល។ ការក្លែងបន្លំមាន កម្រិតទោសទណ្ឌធ្ងន់ធ្ងររួមទាំងការជាប់ពន្ធនាគារ ពី២ទៅ៥ឆ្នាំ។
ច្បាប់ស្តីពីការប្រឆាំងការលាងលុយ និងប្រឆាំងការផ្តល់ហិរញ្ញប្បទានភេរវកម្ម ចែងថា ការលាងលុយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ១០០ លានរៀល ដល់ ៥០០ លានរៀល ដោយនីតិបុគ្គលត្រូវពិន័យជាប្រាក់ពី ២០០ លានទៅមួយពាន់លានរៀល៕

