ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ផ្ញើសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ៧១ យាងចូល ៧២ ព្រះវស្សា
រាជធានីភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងមន្ត្រីរាជការទាំងអស់ បានផ្ញើសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៧១ យាងចូល ៧២ ព្រះវស្សាដែលប្រព្រឹត្តទៅនៅថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។
ក្នុងឱកាសប្រកបដោយមហានក្ខត្តឫក្សដ៏វិសេសវិសាល នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ទូលព្រះបង្គំជាខ្ញុំ ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ ព្រមទាំងចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីរាជការនៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំថ្វាយនូវព្រះរាជសព្ទសាធុការពរបវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះរាជកាយពលមាំមួន ព្រះរាជ បញ្ញាញាណភ្លឺថ្លា និងព្រះជន្មាទីឃាយុជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាព្រះនិមិត្តរូបនៃការឯកភាពជាតិ និរន្តរភាពជាតិ និងជាព្រះម្លប់ដ៏ត្រជាក់ត្រជំរុងរឿងដល់មាតុភូមិ និងប្រជារាស្ត្ររបស់ព្រះអង្គជានិច្ចនិរន្តរ៍។
ឆ្លៀតក្នុងឱកាសដ៏មហាមង្គលាភិរម្យថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាត ថ្វាយនូវព្រះមហាករុណាទិគុណ ប្រកបដោយកតញ្ញូតាធម៌ និងកតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គទ្រង់បានបំពេញព្រះរាជកិច្ចប្រកបដោយព្រះទសពិធរាជធម៌ ព្រះគតិបណ្ឌិតវាងវៃ ព្រះព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តម និងព្រះរាជហឫទ័យសណ្តោសដ៏ថ្លៃថ្លាចំពោះប្រជារាស្ត្ររបស់ព្រះអង្គ ជាពិសេស ព្រះអង្គទ្រង់តែងតែលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងការបំពេញព្រះរាជបេសកកម្ម ជាប្រវត្តិសាស្ត្រក្នុងផ្នែកការទូត ការងារអប់រំ សង្គមកិច្ច សុខាភិបាល វប្បធម៌ និងសាសនាដែលជាព្រះវិភាគទានដ៏ថ្លៃថ្លា រួមចំណែកជួយរដ្ឋាភិបាលកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ក្រោមព្រះបរមរាជសម្បត្តិដ៏ពិសិដ្ឋ ប្រកបដោយព្រះរាជគំរូវីរភាពដ៏អង់អាចមោះមុតរបស់ ព្រះករុណាថ្លៃវិសេស, ប្រជារាស្ត្រខ្មែរគ្រប់រូបរស់នៅក្នុងសេចក្តីសុខយ៉ាងក្សេមក្សាន្ត ក្រោមម្លប់សន្តិភាព កិត្តិយស សេចក្តីថ្លៃថ្នូរ និងសុភមង្គលគ្រប់ពេលវេលា។
ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី សូមអធិដ្ឋានដល់ព្រះបារមីនៃទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រមទាំងព្រះឫទ្ធានុភាពបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសសូមបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធ “ព្រះបរមរតនកោដ្ឋ” សូមព្រះអង្គតាមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំនូវព្រះរាជសព្ទសាធុការពរគ្រប់ប្រការ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទ្រង់ប្រកបដោយ ព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ ជាភិយ្យោភាពត៍រៀងទៅ៕